FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA នឹងចាយ៣៥៥លានដុល្លារ ដល់ក្លិបមានកីឡាករទៅប្រកួត World Cup ឆ្នាំ២០២៦ និង ២០៣០
28, Mar 2023 , 7:29 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នឹងបង់ប្រាក់ប្រមាណ ៣៥៥លានដុល្លារ ទៅកាន់ក្លិបដែលមានកីឡាករចូលរួមការប្រកួតព្រឹត្តិការណ៍ FIFA World Cup នៅឆ្នាំ២០២៦ និងឆ្នាំ២០៣០។ ទឹកប្រាក់នេះបានកើនឡើងចំនួន ៧០ភាគរយ ខុសពីព្រឹត្តិការណ៍មុនៗ។ នេះបើតាម FIFA និងសមាគមក្លិបអឺរ៉ុប (ECA) បាននិយាយថ្ងៃទី២៧ ខែមីនា។



កម្មវិធីផលប្រយោជន៍របស់ក្លិប បានផ្តល់ឱ្យក្លិបនីមួយៗនូវផលចំណេញដោយបានចំណែកពីចំណូលការប្រកួតក្រុមរបស់ជម្រើសជាតិជាថ្នូរនឹងការបញ្ចេញកីឡាករឱ្យទៅប្រកួត និងដើម្បីការពារក្នុងករណីកីឡាកររងរបួសអំឡុងបេសកកម្មក្រុមជម្រើសជាតិនៅ World Cup។
  


World Cup ក្នុងឆ្នាំ ២០១៨ និង ២០២២ FIFA បានចាយប្រាក់ជាសំណងទៅកាន់ក្លិបចំនួន ២០៩លានដុល្លារ។ ចំណែកអនុស្សរណៈនៃការយោគយល់គ្នាថ្មីមួយរវាង FIFA និង ECA បានចុះហត្ថលេខាលើប្រាក់ចំណាយទៅកាន់ក្លិបថ្លៃបញ្ជូនកីឡាករទៅប្រកួត World Cup ឆ្នាំ ២០២៦ និង ២០៣០ នៅថ្ងៃទី២៧ ខែមីនា រួចរាល់នាមហាសន្និបាតរបស់ ECA ក្នុងទីក្រុង​ Budapest​ ប្រទេសហុងគ្រី។
 
«យើងពិតជាសប្បាយរីករាយដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់មួយនេះ។ MOU នេះគឺទទួលស្គាល់តួនាទីស្នូលរបស់ក្លិបបាល់ទាត់ទូទាំងពិភពលោក ដើម្បីធានាកីឡាករពួកគេ។»។ ប្រធាន ECA លោក Nasser Al-Khelaifi បាននិយាយបែបនេះ។
 
កាលពីដើមខែមីនា FIFA ក៏បានប្រកាសអំពីការប្រកួតពានរង្វាន់ FIFA Club World Cup ដែលជាកំណែរទម្រង់ប្រកួតថ្មីមាន ៣២ក្រុម នឹងត្រូវលេងក្នុងរយៈពេល ៤ឆ្នាំម្តង​ ចាប់ផ្តើមពីខែមិថុនា ឆ្នាំ ២០២៥ ជំនួសការប្រកួតចាស់ដែលធ្វើរាល់ឆ្នាំជាមួយ ៧ក្រុមប្រកួតប្រជែង។
 
កំណែរទម្រង់ប្រកួតថ្មីនេះបានជួបប្រទះការប្រឆាំងពីសំណាក់លីគបាល់ទាត់ដូចជា La Liga របស់អេស្ប៉ាញ ប៉ុន្តែការចុះ MoU នាពេលថ្មីនេះ នឹងឱ្យ FIFA ព្រមទាំង ECA ធ្វើការងាររួមគ្នាលើទិដ្ឋភាពកីឡាករ និងពាណិជ្ជកម្មផ្សេងៗទៀតសម្រាប់ការប្រកួតក្នុងឆ្នាំ ២០២៥ នោះ។
 
បើតាមសម្តីលោក Al-Khelaifi បានបន្ថែមដូច្នេះថា៖«FIFA និង ECA នឹងធ្វើការងាររួមគ្នាស្អិតល្មួតជាងមុន ដើម្បីអនុវត្តសម្រាប់អនាគតពានរង្វាន់ Club World Cup ថ្មី។ មិនតែប៉ុណ្ណោះការធ្វើការងាររួមគ្នាសម្រាប់ពេលអនាគតក៏បង្ហាញអំពីរចនាសម្ព័ន្ធសក្តានុពលសម្រាប់ការគ្រប់គ្រងសិទ្ធិពាណិជ្ជកម្មផងដែរ។»។
 
បើតាមការប្រកាសរបស់ប្រធាន FIFA លោក Gianni Infantino ប្រតិទិននៃការប្រកួតអន្តរជាតិថ្មីមួយនឹងត្រូវអនុម័តចេញដោយ ECA។ ប្រធាន FIFA បានអះអាងទៀតថា ការធ្វើប្រតិទិនប្រកួតអន្តរជាតិថ្មីដែលធ្វើឡើងដោយ ECA នឹងធ្វើឱ្យមានតុល្យភាពរវាងក្លិប​ និងក្រុមជម្រើសជាតិ៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com