៣ឆ្នាំនេះ វិស័យធានារ៉ាប់រងនៅកម្ពុជា រក្សាបានកំណើនជាមធ្យមពី៨ ទៅ១០ភាគរយក្នុងមួយឆ្នាំ។ គិតត្រឹមដំណាច់ឆ្នាំ២០២២ ចំណូលពីការលក់(បុព្វលាភ) ធានារ៉ាប់រងកម្ពុជា បានកើនដល់ទំហំ៣៣១លានដុល្លារអាម៉េរិក ដែលបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ក្នុងអត្រា ១.១៧ភាគរយ។
ធានារ៉ាប់រង ដែលជាវិស័យហិរញ្ញវត្ថុមិនមែនធនាគារ កំពុងដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់វិស័យសង្គមកិច្ច និងសេដ្ឋកិច្ច។ មុនពិភពលោកជួបវិបត្តិកូវីដ-១៩ ទីផ្សារធានារ៉ាប់រងកម្ពុជា មានកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ២៥ភាគរយ។ បើតាមលោកស្រី ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) ដ្បិតកម្ពុជាជួបនូវវិបត្តិកូវីដ-១៩ ប៉ុន្តែវិស័យធានារ៉ាប់រង អាចរក្សាបាននូវកំណើនជាមធ្យម៨ ទៅ១០ភាគរយក្នុងមួយឆ្នាំ។ កំណើននេះ បានឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃតម្រូវការទីផ្សារ នៃវិស័យធានារ៉ាប់រងនៅកម្ពុជា។
នៅត្រឹមឆ្នាំ២០២២ បុព្វលាភធានារ៉ាប់រងកម្ពុជាបានកើនដល់ទំហំ៣៣១លានដុល្លារអាម៉េរិក ដែលនេះ បង្ហាញពីកំណើនទីផ្សារធានារ៉ាប់រង មានប្រមាណ១០,៦៨ភាគរយ។ លោកស្រី ហោ សុវឌ្ឍនា បានលើកឡើងបែបនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានស្តីពីវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា នៅសណ្ឋាគារសូហ្វីតែល នាថ្ងៃទី២៨មីនា។
លោកស្រី បានបញ្ជាក់ថា វិស័យធានារ៉ាប់រងបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងអត្រា១,១៧ភាគរយ ជាមួយនឹងដង់ស៊ីតេធានារ៉ាប់រងប្រមាណ២០,៤៧ដុល្លារ ក្នុងមនុស្សម្នាក់។
ព្រោះតែមើលឃើញពីសក្តានុពលនៃការអភិវឌ្ឍក្នុងវិស័យនេះ និយ័តករធានារ៉ាប់រងកម្ពុជានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានកំណត់គោលដៅសម្រេចឱ្យបានអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ច ៥,៥ភាគរយ និងដង់ស៊ីតេធានារ៉ាប់រងចំនួន១៣៥ដុល្លារ ក្នុងមនុស្សម្នាក់ នៅឆ្នាំ២០៣០។ ដើម្បីសម្រេចគោលដៅនេះ គ្រប់ភាគីពាក់ព័ន្ធបានពង្រឹងសមត្ថភាពធនធានមនុស្ស ជាមួយនឹងយុទ្ធនាការលើកកម្ពស់ចំណេះដឹងសាធារណៈ, បន្តលើកទឹកចិត្តក្រុមហ៊ុនធានារ៉ាប់រង អភិវឌ្ឍផលិតឱ្យសាមញ្ញ និងងាយយល់ ជាពិសេសគឺពង្រីកសេវាកម្មចែកចាយផលិតផលធានារ៉ាប់រង។
បច្ចុប្បន្ន កម្ពុជាមានសម្បូរបែបនូវផលិតផលធានារ៉ាប់រងដែលកំពុងចរាចរនៅលើទីផ្សារ ក្នុងនោះមាន៖ ធានារ៉ាប់រងអាយុជីវិត, ធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល, ទ្រព្យសម្បត្តិ, យានយន្ត មានរហូតដល់ធានារ៉ាប់រងខ្នាតតូចសម្រាប់ពលរដ្ឋដែលមានចំណូលទាប ផងដែរ។
កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងមានចំនួន៤០ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤, ក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន១៨, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ និង១ទៀតគឺជាក្រុមហ៊ុនធានារ៉ាប់រងបន្ត។ ដោយឡែកក្រុមហ៊ុនជើងសារធានារ៉ាប់រងគឺមានចំនួន១៨, ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន ៣៤ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន២។ នេះជាការរៀបរាប់បន្ថែមរបស់លោកស្រី ហោ សុវឌ្ឍនា៕