ក្លិប Chelsea ថ្ងៃទី២៧ ខែមីនា បានប្រកាសខាតបង់ប្រាក់ចំណូលប្រមាណ ១២១,៣លានផោន (១៤៨លានដុល្លារ) សម្រាប់រដូវកាល ២០២១-២២ ដោយសារតែការចំណាយលើសលុប និងការបាត់បង់ប្រាក់ចំណូល បន្ទាប់ពីមានទណ្ឌកម្មត្រូវបានធ្លាក់លើអតីតម្ចាស់ក្លិបលោក Roman Abramovich។
លោក Abramovich មហាសេដ្ឋីជនជាតិរុស្ស៊ី ដែលជាអតីតម្ចាស់ក្លិប Chelsea នឹងធ្វើឱ្យក្លិបស្ថិតនៅលីគអង់គ្លេសជាក្លិបដ៏ខ្លាំងក្លាមួយកាលពីមុន បានដាក់ក្លិបលក់ក្នុងខែមីនា ឆ្នាំ ២០២២ ដោយសារខ្លួនរងទណ្ឌកម្មពីរដ្ឋាភិបាលអង់គ្លេស ក្រោយពេលរុស្ស៊ីបានចូលលុកលុយអ៊ុយក្រែន។ រដ្ឋាភិបាលអង់គ្លេសកាលនោះបានបង្ខំឱ្យលោក Abramovich លក់ក្លិប ហើយដំណើរការនៃការលក់ក្លិប Chelsea នោះក៏មានភាពស្មុកស្មាញខ្លាំងបំផុតផងដែរ។

អំឡុងពេលស្ថិតក្រោមទណ្ឌកម្ម ក្លិប Chelsea មិនតម្រូវឱ្យលក់សំបុត្រសម្រាប់ចូលទស្សនាឡើយ ដែលជាហេតុធ្វើឱ្យបាត់ចំណូលដ៏ធំមួយផ្នែក ខណៈការចំណាយលើកប្រតិបត្តិការប្រចាំក្លិបនានា ត្រូវបានរិតបន្តឹងដោយរដ្ឋាភិបាលអង់គ្លេសរហូតដល់ការលក់ក្លិបបានបញ្ចប់ ក្នុងខែឧសភា។
ទោះជាយ៉ាងណាក្លិប Chelsea បាននិយាយថា ឆ្នាំ២០២២ តួរលេខចំណូលរបស់ពួកគេមានការកើនឡើងដល់ចំនួន ៤៨១,៣លានផោន(៥៩១លានដុល្លារ)ព្រោះតែមានការកើនឡើងនូវចំនួនប្រកួត និងប្រាក់ចំណូលពាណិជ្ជកម្ម ខណៈមានអ្នកគាំទ្រវិលត្រលប់មកកាន់កីឡដ្ឋានទស្សនាការប្រកួតបន្ទាប់ពីស្ងប់ស្ងាត់នៃជំងឺកូវីដ-១៩ ដែលខុសពីឆ្នាំមុនៗ ដែលរកបានចំណូលត្រឹម ៤៣៤,៩លានផោន(៥៣៣លានដុល្លារ)។
ក្លិបតោខៀវក៏បានអះអាងថា ប្រាក់ចំណូលពាណិជ្ជកម្មរបស់ខ្លួន មានការកើនឡើងដល់ ១៧៧,១លានផោន ពីការកើនឡើងនៃការចុះកុងត្រាថ្មីជាមួយដៃគូសហការ និងម្ចាស់ឧបត្ថម្ភថ្មី ខុសពីរដូវកាល ២០២០-២១ ដែលមានប្រាក់ចំណូលត្រឹម ១៥៣,៦លានផោន(១៨៥លានដុល្លារ)។
តែយ៉ាងណាក្លិប Chelsea ក៏បានប្រកាសពីការខាតបង់របស់ខ្លួនដូចគ្នា អំឡុងពេលស្ថិតក្រោមទណ្ឌកម្មពីសំណាក់រដ្ឋាភិបាលអង់គ្លេស ខណៈពេលដែលក្លិបស្ថិតក្រោយការដឹកនាំរបស់អតីតម្ចាស់លោក Roman Abramovich។ ការចំណាយភាគច្រើនទៅលើបុគ្គលិករបស់ក្លិប, កីឡាករ និងគ្មានការលក់សំបុត្រសម្រាប់ការចូលទស្សនាការប្រកួត។
«ប្រាក់ចំណូលកាន់តែខ្ពស់ ការទូទាត់ប្រាក់ចំណាយប្រតិបត្តិការក៏កើនឡើង រួមទាំងចំណាយលើការផ្គត់ផ្គង់ផ្សេងៗ, ការចំណាយមិនមែនថ្ងៃប្រកួត ព្រមទាំងចំណាយលើប្រតិបត្តិការបុគ្គលិកមានការកើនឡើង។ ទាំងនេះបានចូលរួមចំណែកដល់ការកត់ត្រាការបាត់បង់មុនពេលមានការចុះខ្សោយរបស់កីឡាករ ហើយការចំណាយលើកីឡាករមួយចុងក្រោយបំផុតនោះគឺ ២៦,៦លានផោន(៣១លានដុល្លារ)សម្រាប់ចុងបញ្ចប់នៃរដូវកាលត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ហើយប្រាក់ចំណូលខាតសរុប ១២១,៣លានផោន(១៤៩លានដុល្លារ)។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Chelsea នៅលើគេហទំព័រផ្លូវការណ៍។
លើសពីនេះសម្រាប់ការខាតបង់ប្រាក់ចំណូលទាំងនេះ Chelsea បានស្តីបន្ទោសទៅលើការដាក់ទណ្ឌកម្មអំឡុងក្លិបស្ថិតក្រោមការកាន់កាប់របស់លោក Abramovich ដែលធ្វើឱ្យក្លិបរងបញ្ហារហូតដល់ពេលមានម្ចាស់ថ្មីមកដល់៕