FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
FA ឥណ្ឌូណេស៊ី គ្រោងជជែកជាមួយ FIFA ជុំវិញការតវ៉ាមិនឱ្យអ៊ីស្រាអែលចូលប្រកួត ​U20 World Cup
29, Mar 2023 , 8:29 am        
រូបភាព
ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) គ្រោងពិភាក្សាជាមួយមន្ត្រីរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បន្ទាប់ពីការចាប់ឆ្នោតវគ្គចែកពូលពានរង្វាន់ ​U20 World Cup ដែលត្រូវធ្វើឡើងនៅក្នុងកោះបាលី ត្រូវបានផ្អាក ដោយសារអ្នកគាំទ្រឥណ្ឌូណេស៊ីធ្វើបាតុកម្មតវ៉ា មិនឱ្យក្រុមអ៊ីស្រាអែលចូលរួមប្រកួត។ ឥណ្ឌូណេស៊ី បារម្ភខ្លាច FIFA លែងឱ្យខ្លួនរៀប U20 World Cup ដោយសារតែបាតុកម្មរបស់ប្រជាជនខ្លួន។



បើតាមសម្តីលោក Arya Sinulingga សមាជិកគណៈកម្មាធិការរបស់ PSSI លោក Erick Thohir រដ្ឋមន្ត្រីជាន់ខ្ពស់របស់ឥណ្ឌូណេស៊ី និងជាអតីតប្រធានក្លិប Inter Milan នឹងធ្វើដំណើរទៅកាន់ទីក្រុង Zurich ប្រទេសស្វ៊ីស ដើម្បីពិភាក្សាជាមួយ FIFA លើបញ្ហាផ្អាកការចាប់ឆ្នោត និងបាតុកម្ម។
 
ឥណ្ឌូណេស៊ីជាប្រទេសដែលត្រូវធ្វើជាម្ចាស់ផ្ទះ ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោកអាយុក្រោម២០ឆ្នាំ U20 World Cup ដែលជាការប្រកួតមានក្រុមចំនួន២៤ ចូលរួមប្រកួតប្រជែងចាប់ពីថ្ងៃទី១០ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា។ យ៉ាងណាមិញ កាលថ្ងៃទី២៦ ខែមីនា ​PSSI បានប្រកាសលុបចោលការចាប់ឆ្នោត ដែលតម្រូវធ្វើឡើងចំថ្ងៃទី២៥ នៅលើកោះបាលី បន្ទាប់ពីរដ្ឋបាលខេត្តបាលី និងប្រជាជនបានធ្វើបាតុកម្មតវ៉ា មិនឱ្យក្រុមអ៊ីស្រាអែលចូលរួមប្រកួត។
 
បើតាមរបាយការណ៍របស់កាសែត Jakarta Post កាលពីដើមខែមីនា រដ្ឋបាលកោះបាលី លោក Wayan Koster បានសរសេរសំណើទៅកាន់ក្រសួងយុវជន និងកីឡា ទាមទារអនុម័តគោលការណ៍ហាមប្រាមក្រុមអ៊ីស្រាអែល មិនឱ្យចូលមកប្រកួតនៅក្នុងកោះបាលីឡើយ។ ការទាមទារនេះក៏ព្រោះតែមូលហេតុ​ ជម្លោះរវាងអ៊ីស្រាអែល ជាមួយប៉ាឡេស្ទីន។ សំណើពីសំណាក់រដ្ឋបាលកោះបាលីនេះ ក៏បានផ្ញើទៅកាន់ PSSI ដូចគ្នាដែរ។
 
ភាគច្រើននៃប្រជាជនឥណ្ឌូណេស៊ីជាជនជាតិម៉ូស្ល៊ីម ហើយភាគច្រើនការអនុវត្តបែបសាសនាគឺសាសនាឥស្លាមកម្រិតមធ្យម បើទោះបីជាមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះមានការកើនឡើងនៃលទ្ធិអភិរក្សសាសនា ឈានចូលទៅក្នុងនយោបាយក៏ដោយក្តី។
 
ប្រទេសឥណ្ឌូណេស៊ីទៀតសោត មិនមែនទំនាក់ទំនងការទូតជាផ្លូវការជាមួយនឹងអ៊ីស្រាអែលទេ ហើយកាលពីពេលថ្មីៗនេះ ក្រុមអ្នកតវ៉ាក៏បានធ្វើក្បួនដង្ហែនានា ក្នុងទីក្រុងហ្សាការតា ដោយទាមទាមិនឱ្យអ៊ីស្រាអែល ចូលរួមប្រកួតនៅទឹកដីខ្លួន។ 
 
ក្រុមបាល់ទាត់អាយុក្រោម ២០ឆ្នាំអ៊ីស្រាអែល សម្រាប់ការប្រកួត U20 World Cup នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសម្រាប់ពួកគេ ដែលឈានជើងឡើងដល់វគ្គនេះ។ ការលុបចោលការចាប់ឆ្នោត បានបង្កការភ័យខ្លាចដល់ឥណ្ឌូណេស៊ី ដែលអាចនឹងបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតពានរង្វាន់ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ។ មិនត្រឹមប៉ុណ្ណោះ ឥណ្ឌូណេស៊ីក៏បារម្ភប៉ះពាល់ដល់អនាគត នៃការរៀបចំព្រឹត្តិការណ៍ផ្សេងទៀត ជាមួយ​ FIFAផងដែរ។ 
 
ឥណ្ឌូណេស៊ី ក៏កំពុងតែព្យាយាមកសាងឡើងវិញនូវកេរ្តិ៍ឈ្មោះ បន្ទាប់ពីហេតុការណ៍រត់ជាន់គ្នាក្នុងកីឡដ្ឋានកាលពីឆ្នាំមុន ដែលបណ្តាលឱ្យមានមនុស្សស្លាប់ប្រមាណ ១៣៥នាក់ នៅខេត្តជ្វាខាងកើត៕
 
 

Tag:
 FIFA
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com