កីឡាអន្តរជាតិ
អន្តរជាតិ
រូបសំណាក Messi នឹងដាក់តាំងជិតរូបលោក Maradona និង Pele ក្នុងសារមន្ទីរ CONMEBOL 
×![]()
រូបសំណាករបស់ Lionel Messi នឹងត្រូវយកទៅដាក់តាំងជាប់រូបសំណាក លោក Diego Maradona និងលោក Pele នៅក្នុងសារមន្ទីររបស់សហព័ន្ធបាល់ទាត់ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL)។
កាលពីថ្ងៃទី២៧ ខែមីនា Messi បានធ្វើដំណើរទៅកាន់សារមន្ទីររបស់ CONMEBOL ក្នុងទីក្រុង Luque ប្រទេសប៉ារ៉ាហ្គាយ។ ចូលរួមពិធីដាក់បង្ហាញរូបសំណាកនោះ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន បានឈរកាន់ពានរង្វាន់ World Cup ដែលខ្លួនបានឈ្នះនៅកាតា ឈរក្បែររូបសំណាករបស់គេ ដែលមានកាន់ពានរង្វាន់បាល់ទាត់ពិភពលោកដូចគ្នា។
ខ្សែប្រយុទ្ធ វ័យ ៣៥ឆ្នាំ បានដឹកនាំក្រុមអាហ្សង់ទីន ក្នុងនាមជាប្រធានក្រុមឈ្នះពាន World Cup ២០២២ លើកដំបូង ក្រោយរង់ចាំងអស់រយៈពេល ៣៦ឆ្នាំកាលពីឆ្នាំមុន និងជាពានរង្វាន់ពិភពលោកទី៣ របស់អាហ្សង់ទីន។
នៅក្នុងកិច្ចសម្ភាសជាមួយនឹងអ្នកកាសែត Messi និយាយថា រូបគេមានការភ្ញាក់ផ្អើល និងមិនធ្លាប់បានគិតពីរឿងទាំងនេះពីមុនមកឡើយ ក្រៅពីរីករាយក្នុងការលេងបាល់ទាត់។
«ខ្ញុំមិនធ្លាប់បានស្រមៃ ឬគិតពីរឿងនេះនោះទេ ក្តីស្រមៃខ្ញុំគឺរីករាយធ្វើអ្វីដែលខ្ញុំចូលចិត្តតាំងពីនៅតូច គឺចង់ធ្វើជាកីឡាករបាល់ទាត់អាជីព ជាអ្វីដែលខ្ញុំចង់ធ្វើបំផុតក្នុងជីវិត។ ខ្ញុំធ្លាប់ឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ការសម្រេចចិត្តជាច្រើន និងការបរាជ័យ តែខ្ញុំតែងតែសម្លឹងទៅមុខ និងចង់ធ្វើឱ្យបានគឺជ័យជម្នះ ហើយខ្ញុំគិតថារឿងដែលសំខាន់នោះ គឺប្រយុទ្ធដើម្បីក្តីស្រមៃ ហើយវានឹងជួយឱ្យអ្នករីករាយ ជាមួយការប្រកួត។»។ Messi បាននិយាយបែបនេះ ក្បែររូបសំណាកខ្លួន។
កាលពីពេលថ្មីៗនេះ Messi សមាជិកក្រុម PSG ទើបតែរកបានគ្រាប់បាល់ដែលជាកំណត់ត្រាក្នុងអាជីពរបស់គេចំនួន ៨០០គ្រាប់ ក្នុងការប្រកួតទល់ប៉ាណាម៉ា ដែលជាប្រកួតដំបូងបង្អស់របស់អាហ្សង់ទីន បន្ទាប់ពីឈ្នះ World Cup រួចមក។
ជាមួយក្រុមជម្រើសជាតិ Messi រកបាន ៩៩គ្រាប់ គិតមកដល់ពេលនេះ ហើយរូបគេនឹងអាចរកបានគ្រាប់បាល់ទី ១០០ប្រចាំអាជីពនៅក្រុមជម្រើសជាតិ ប្រសិនបើរូបគេអាចរកបានគ្រាប់បាល់ ទល់ក្រុម Curacao ក្នុងការប្រកួតមិត្តភាព នៅថ្ងៃទី៣១ មីនា៕
© រក្សាសិទ្ធិដោយ thmeythmey.com