អន្តរជាតិ
អាម៉េរិក នឹងឈប់ផ្តោះប្តូរទិន្នន័យនុយក្លេអ៊ែរមួយចំនួនជាមួយរុស្ស៊ី
29, Mar 2023 , 10:04 am        
រូបភាព
លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាការពារជាតិរបស់សេតវិមាន។ រូបភាព AFP
លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាការពារជាតិរបស់សេតវិមាន។ រូបភាព AFP
សេតវិមាន នៅថ្ងៃទី២៨ ខែមីនា បានប្រាប់រុស្ស៊ីថា  ខ្លួននឹងបញ្ឈប់ការផ្តោះប្តូរទិន្នន័យមួយចំនួន លើកម្លាំងនុយក្លេអ៊ែរ បន្ទាប់ពីមានការបដិសេធពីរុស្ស៊ី។ ជុំវិញបញ្ហានេះ អាម៉េរិក បានចាត់ទុកចំណាត់ការរបស់ខ្លួន ជាការឆ្លើយតបនឹងការព្យួរសមាជិកភាពរបស់រុស្ស៊ី ក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START ដែលមានជាមួយខ្លួនតែមួយគត់។



ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅខែកុម្ភៈ បានប្រកាស​ព្យួរ​សន្ធិសញ្ញាអាវុធ​នុយក្លេអ៊ែរ New START ដែល​សល់តែមួយគត់​ជាមួយ​អាម៉េរិក​ ក្នុងការគ្រប់គ្រងក្បាលគ្រាប់នុយក្លេអ៊ែរ។ យ៉ាងណាក៏ដោយ កាលនោះ លោកពូទីននៅតែបន្តសន្យាបង្កើនការយកចិត្តទុកដាក់លើការពង្រឹងកម្លាំងអាវុធនុយក្លេអ៊ែរទាំងបី (Nuclear Triad)។ 
 
មួយខែក្រោយការប្រកាសរបស់រុស្ស៊ី អាម៉េរិក បានប្រាប់វិមានក្រេមឡាំងវិញម្តង ជុំវិញការបញ្ឈប់ការផ្តោះប្តូរទិន្នន័យមួយចំនួន លើកម្លាំងនុយក្លេអ៊ែរ។ 
 
«ក្រោមច្បាប់អន្តរជាតិ អាម៉េរិកមានសិទ្ធិឆ្លើយតបការបំពានរបស់រុស្ស៊ីលើសន្ធិសញ្ញា New START ដោយវិធានការប្រឆាំងសមស្រប ដើម្បីឱ្យរុស្ស៊ីត្រលប់ទៅគោរពកាតព្វកិច្ចរបស់ខ្លួនវិញ»។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន លោក John Kirby បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៨ ខែមីនា ដោយបន្តថា ការអះអាងរបស់រុស្ស៊ីជុំវិញសន្ធិសញ្ញានេះថាត្រូវច្បាប់ គឺមិនត្រឹមត្រូវឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ត្រង់ចំណុចនេះ មន្រ្តីអាម៉េរិក បានបន្ថែមថា ចាប់តាំងពីក្រុងមូស្គូបានបដិសេធក្នុងការគោរពសន្ធិសញ្ញា New START រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានសម្រេចថាទំនងមិនបន្តទិន្នន័យជុំវិញបញ្ហានុយក្លេអ៊ែរនេះ។ បើតាមលោក Kirby ក្រុងមូស្គូ មិនបានគោរពកិច្ចព្រមព្រៀងនេះឱ្យបានពេញលេញឡើយ និងបានបដិសេធចែករំលែកព័ត៌មាននុយក្លេអ៊ែរ ដែលបានឯកភាពកន្លងមក។ រុស្ស៊ី និងអាម៉េរិក យល់ព្រមចែករំលែកព័ត៌មាននុយក្លេអ៊ែរមួយចំនួនទៅវិញទៅមក ចំនួនពីរលើក ក្នុងមួយឆ្នាំ។ 
 
ការព្យួរសន្ធិសញ្ញា New START របស់រុស្ស៊ី មិនមែនជាការដើរចេញឡើយ ប៉ុន្តែអាម៉េរិក អាចនឹងបាត់បង់សិទ្ធិក្នុងការត្រួតពិនិត្យទីតាំងស្តុកអាវុធនុយក្លេអ៊ែរទាំង១៨ របស់រុស្ស៊ី។ ក្រោមសន្ធិសញ្ញា New START ប្រទេសទាំងពីរ មិនត្រូវអនុញ្ញាតឱ្យពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរលើសពី ១៥៥០ និងមានគ្រាប់បែក រួមទាំងមីស៊ីលចម្ងាយត្រឹម ៧០០គ្រាប់។ សន្ធិសញ្ញាដដែល បានកំណត់ឱ្យប្រទេសទាំងពីរពង្រាយមីស៊ីលអន្តរទ្វីបត្រឹម ៨០០គ្រាប់ប៉ុណ្ណោះ៕ 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com