អន្តរជាតិ
យោធាមីយ៉ាន់ម៉ា រំលាយបក្ស NLD របស់លោកស្រី អ៊ុងសាន ស៊ូជី
29, Mar 2023 , 11:29 am        
រូបភាព
រូបភាព AFP
រូបភាព AFP
គណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា នៅថ្ងៃទី២៨ ខែមីនា បានប្រកាសរំលាយបក្សនយោបាយប្រមាណ ៤០ ក្នុងនោះរួមទាំងបក្សសម្ព័ន្ធជាតិសម្រាប់ប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិល ដោយសារមិនបានចុះឈ្មោះជាថ្មី នៅក្រោមច្បាប់បោះឆ្នោតថ្មី។



យោធាមីយ៉ាន់ម៉ា នៅខែមករា បានប្រកាសច្បាប់បោះឆ្នោតដ៏តឹងរ៉ឹងមួយ មុនពេលយោធា សន្យារៀបចំបោះឆ្នោតថ្នាក់ជាតិលើកដំបូងក្នុងឆ្នាំ២០២៣នេះ ចាប់តាំងពីមានរដ្ឋប្រហារ។ ក្រោមច្បាប់បោះឆ្នោតថ្មី រាល់បក្សនយោបាយ ត្រូវតែមានសមាជិករហូតដល់ ១០ម៉ឺននាក់ និងត្រូវមានប្រាក់ប្រាក់ ៤៥៥០០ដុល្លារ។ ចំនួនទឹកប្រាក់នេះ ត្រូវតម្កល់នៅធនាគាររដ្ឋ Myanma Economic Bank។ យោធា បានទុកពេល ២ខែឱ្យបក្សនយោបាយចុះឈ្មោះ។ 
 
យ៉ាងណាមិញ បក្សសម្ព័ន្ធជាតិសម្រាប់ប្រជាធិបតេយ្យ ដែលត្រូវបានបង្កើតឡើងដោយលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិល នៅក្នុងឆ្នាំ១៩៨៨ មិនបានចុះឈ្មោះឡើងវិញនោះទេ។ បក្ស NLD ស្ថិតក្នុងចំណោមបក្សនយោបាយប្រមាណ ៤០ ដែលត្រូវបានរំលាយក្រោមការបោះឆ្នោតថ្មី ខណៈបក្សនយោបាយចំនួន ៥០ផ្សេងទៀត បានចុះឈ្មោះឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ MRTV។
 
ក្នុងថ្ងៃដដែល បក្សសម្ព័ន្ធជាតិសម្រាប់ប្រជាធិបតេយ្យ បានអះអាងថា ខ្លួននឹងមិនចូលរួមក្នុងការបោះឆ្នោត ដែលរៀបចំដោយយោធា នៅពេលខាងមុខឡើយ ដោយសារវាត្រូវបានរៀបចំឡើងស្របពេលអ្នកនយោបាយ និងមេដឹកនាំត្រូវបានចាប់ខ្លួន ខណៈប្រជាជនត្រូវបានធ្វើទណ្ឌកម្ម។ 
 
បក្សNLD ជាបក្សនយោបាយដ៏សំខាន់មួយនៅមីយ៉ាន់ម៉ា និងមានសំឡេងគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេស។ នៅក្នុងការបោះឆ្នោតក្នុងខែវិច្ឆិកា ឆ្នាំ២០២០ បក្សសម្ព័ន្ធជាតិសម្រាប់ប្រជាធិបតេយ្យ បានឈ្នះការបោះឆ្នោតយ៉ាងខ្លាំង មុនពេលយោធា ធ្វើរដ្ឋប្រហារនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ ក្រោមហេតុផលការបោះឆ្នោតមានការលួចបន្លំ។ 
 
គួររំឭកថា នៅក្នុងខួបកម្លាំងប្រដាប់អាវុធលើកទី ៧៨ ក្នុងក្រុងណៃពិដោ នៅថ្ងៃទី២៧ ខែមីនាកន្លងទៅ លោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា បានប្តេជ្ញាស្តារស្ថិរភាពនៅក្នុងប្រទេសឱ្យបានពេញលេញមុននឹងរៀបចំការបោះឆ្នោតឡើងវិញ ដូចដែលធ្លាប់សន្យានៅពេលកន្លងមក៕
 

Tag:
 មីយ៉ាន់ម៉ា
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com