ជាតិ
សេដ្ឋកិច្ច
អ្នកភ្នំពេញ កណ្តាល និងសៀមរាប ខ្ចីលុយពីធនាគារ​ និងមីក្រូហិរញ្ញវត្ថុ​ច្រើនជាងគេ​
29, Mar 2023 , 2:39 pm        
រូបភាព
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែងនៅរាជធានីភ្នំពេញកំពុងសេវាកម្ចីឱ្យអតិថិជន។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែងនៅរាជធានីភ្នំពេញកំពុងសេវាកម្ចីឱ្យអតិថិជន។
ពលរដ្ឋកម្ពុជា ៤,៨លាននាក់នៅទូទាំងប្រទេស បានខ្ចីលុយពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួន១៨៥ស្ថាប័ន ​ដែលជាសមាជិកក្រុមហ៊ុន Credit Bureau Cambodia (CBC)។ ក្នុងនោះពលរដ្ឋដែលខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុច្រើនជាងគេ គឺមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល សៀមរាប និងបន្ទាយមានជ័យ។

 
ទឹកប្រាក់ចំនួន ១៩៥ ៤៣៩ ២៣៤លានរៀល (៤៨ពាន់លានដុល្លារអាម៉េរិក) គឺជាទំហំឥណទាន ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិកក្រុមហ៊ុន CBC បានផ្តល់ឱ្យប្រជាពលរដ្ឋ នៅក្នុង២៥ រាជធានី-ខេត្ត។ នេះជាទំហំឥណទានសរុប ដែលគិតនៅត្រឹមដំណាច់ឆ្នាំ២០២២។ ស្ថានភាពឥណទាននៅកម្ពុជាប្រចាំឆ្នាំ២០២២ របស់CBC បានបង្ហាញថា​ ពលរដ្ឋនៅភ្នំពេញ ខេត្តកណ្តាល សៀមរាប និងបន្ទាយមានជ័យ ទទួលបានឥណទាន រហូតជិត៦០ភាគរយ នៃឥណទានសរុបនេះ។​
 
យោងតាមស្ថានភាពឥណទាននៅកម្ពុជាប្រចាំឆ្នាំរបស់ CBC ទើបចេញផ្សាយកាលពីថ្ងៃទី២១មីនា ឆ្នាំ២០២៣ រាជធានីភ្នំពេញ ឈរនៅលំដាប់ទីមួយ ដែលមានពលរដ្ឋ ៦១,៧ ម៉ឺននាក់ បានខ្ចីលុយពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងទំហំទឹកប្រាក់ ​៨១ ៦៨១​ ៦០៦លានរៀល (២០ពាន់លានដុល្លារ)។ ទំហំនេះ ​គឺស្មើនឹង៤២ភាគរយ នៃសមតុល្យឥណទានទូទាំងប្រទេស។ 
 
បន្ទាប់មកគឺខេត្តកណ្តាល មានអ្នកខ្ចីលុយពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៣៧,៤ម៉ឺនាក់។ ទំហំទឹកប្រាក់ដែលពលរដ្ឋទាំងនេះ ខ្ចីយកមកប្រើប្រាស់មាន ​១១ ៤៩៥ ៨៦០លានរៀល (ប្រមាណ ២ ៨០០លានដុល្លារ) ។ ចំនួននេះ​ ស្មើនឹង ៥,៩ ភាគរយ នៃសមតុល្យឥណទានទូទាំងប្រទេស។ 
 
សម្រាប់ខេត្តសៀមរាប មានពលរដ្ឋ​៣១,៦ម៉ឺននាក់​ បានខ្ចីលុយពីធនាគារ និងហិរញ្ញវត្ថុ​ ក្នុងទំហំ១០ ៤៥៤ ៥៦៧លានរៀល(ប្រមាណ២ ៥០០លានដុល្លារ)។ ទំហំកម្ចីរបស់ពលរដ្ឋប្រចាំខេត្តនេះ​គឺស្មើនឹង ៥,៣ភាគរយនៃសមតុល្យឥណទានទូទាំងប្រទេស។
 
បន្ទាយមានជ័យ គឺជាខេត្តមានបរិមាណឥណទានខ្ពស់លំដាប់ទីបួន ក្នុងចំនួន ១០ ០៤៨ ៥០៨លានរៀល(ប្រមាណ២ ៤០០លានដុល្លារ​)ស្មើនឹង៥,១ភាគរយនៃសមតុល្យឥណទានទូទាំងប្រទេស។ ខេត្តនេះ មានពលរដ្ឋចំនួន ២១,៨ម៉ឺននាក់ ដែលខ្ចីលុយទាំងនេះពីធនាគារ និងមីក្រូហិរញ្ញវត្ថុ។ 
 
ដោយឡែក ខេត្តដែលមានបរិមាណឥណទានទាបនៅឡើយ​ក្រោមទឹកប្រាក់ ១ ០០០លានរៀល (២៥ម៉ឺនដុល្លារ) គឺមានមណ្ឌលគិរី ប៉ៃលិន និងកែប។ 
 
ជារួម មានប្រហែល៧៦ភាគរយ នៃអតិថិជន ៤,៨ លាននាក់នៅទូទាំងប្រទេស បានខ្ចីប្រាក់តែ១ស្ថាប័នប៉ុណ្ណោះ និងប្រហែល១៩ភាគរយនៃអតិថិជន បានខ្ចីប្រាក់ពី២ស្ថាប័ន។ រីឯ អតិថិជន ៥ភាគរយទៀត បានខ្ចីប្រាក់ពីធនាគារ និងមីក្រូហិរញ្ញវត្ថុ ចំនួន៣ស្ថាប័ន។ នេះបើតាមរបាយការណ៍ពីCBC៕ 

Tag:
 ធនាគារ និងហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com