កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានអូឡាំពិករុស្ស៊ី៖ លក្ខខណ្ឌ IOC ឱ្យខ្លួនចូលប្រកួតអូឡាំពិកប៉ារីស«មិនអាចទទួលយកបាន»
29, Mar 2023 , 4:19 pm        
រូបភាព
ប្រធានគណៈកម្មាធិការអូឡាំពិករុស្ស៊ី (ROC) មិនអាចទទួលយកបាន ចំពោះលក្ខខណ្ឌរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដែលមានបំណងចង់ឱ្យអត្តពលិករុស្ស៊ីនិងបេឡារុសអាចចូលរួមប្រកួតអន្តរជាតិវិញ ដោយមិនប្រើទង់ជាតិ​ និងភ្លេងជាតិ។



អត្តពលិកមកពីរុស្ស៊ី និងបេឡារុស ត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួតអន្តរជាតិនានា តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ មកម្ល៉េះ បន្ទាប់ពីទីរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានវាយប្រហារលុកលុយចូលប្រទេសអ៊ុយក្រែន។ តែកាលពីពេលថ្មីនេះ ច្បាប់ថ្មីមួយបានប្រកាសនៅទីស្នាក់ការកណ្តាលរបស់ IOC មានបំណងចង់បើកផ្លូវឱ្យអត្តពលិកនៃប្រទេសទាំងពីរវិលមកប្រកួត។
 
នាថ្ងៃទី២៨ ខែមីនា លោក Stanislav Pozdnyakov ប្រធានរបស់ ROC បាននិយាយក្នុងសន្និសីទកាសែតមួយថា លោកបានប្រឆាំងគោលគំនិតណាមួយនៃអត្តពលិករុស្ស៊ី និងបេឡារុសដែលតម្រូវឱ្យប្រកួតក្រោមរូបភាពអព្យាក្រិត្យ។ 
 
IOC អនុញ្ញាតឱ្យអត្តពលិកប្រទេសទាំងពីរចូលរួមប្រកួតបាន តែមិនត្រូវប្រើទង់ជាតិ​ និងភ្លេងជាតិនោះទេ។
 
ប្រធាន ​ROC ដដែលក៏បានប្រឆាំងនិងថ្កោលទោសចំពោះការដាក់បន្ថែមនូវនីតិវិធីប្រឆាំងសារធាតុញៀនសម្រាប់ការប្រកួតប្រជែងពីសំណាក់អត្តពលិករុស្ស៊ី ដែលវិធានការហាមឃាត់មួយក្នុងចំណោមនោះ រុស្ស៊ីធ្លាប់ជារឿងអាស្រូវមួយទាក់ទងសារធាតុញៀននេះ។ 
 
បើតាមកិច្ចប្រជុំមួយរបស់គណៈកម្មាធិការអូឡាំពិកអាស៊ី (OCA) កាលពីថ្ងៃទី១៨ មីនា នៅប្រទេសថៃ បានសម្រេចបើកផ្លូវដល់អត្តពលិករុស្ស៊ី បេឡារុស ចូលរួមប្រកួតជម្រុះពីទ្វីបអាស៊ីទៅកាន់ Paris 2024 ប៉ុន្តែមិនឱ្យប្រើភ្លេងជាតិ ទង់ជាតិពួកគេ ជាពិសេសដាក់ច្បាប់ហាមឃាត់នៃសារធាតុញៀន។
 
«ការសម្រេចដាក់ច្បាប់ទាំងនោះមិនអាចទទួលយកបានជាដាច់ខាត។ នេះជាការរើសអើងលើមូលដ្ឋានសញ្ជាតិ ដូចការកត់សម្គាល់ម្តងហើយម្តងទៀតដោយអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ[…]។​ ស្ថានភាពអព្យាក្រិត្យគឺជាហិង្សាសម្រាប់សិទ្ធិមនុស្ស យើងជឿថាលក្ខខណ្ឌដែលបានស្នើឡើងគឺគ្មានមូលដ្ឋានច្បាស់លាស់នៃច្បាប់ វាហួសហេតុខ្លាំងណាស់ ហើយយើងក៏មិនយល់ស្របចំពោះការបន្ថែមច្បាប់ប្រឆាំងសារធាតុញៀនលើអត្តពលិករុស្ស៊ីដែរ។»។ ប្រធាន ROC បាននិយាយបែបនេះក្នុងសន្និសីទកាសែត តាមរយៈវីដេអូឃ្លីបមួយដែលបានបង្ហោះនៅគណនីតេឡេក្រាម។
 
ស្របបេល IOC ព្យាយាមសម្របសម្រួលដល់ការវិលចូលមកប្រកួតវិញរបស់អត្តពលិករុស្ស៊ី និងបេឡារុស ប្រទេសជាច្រើនក្នុងទ្វីបអឺរ៉ុបកំពុងតែព្យាយាមជំរុញឱ្យ IOC បន្តហាមឃាត់រុស្ស៊ីពីការប្រកួតអន្តរជាតិផ្សេងៗ ពិសេសអូឡាំពិកប៉ារីស។
 
កាលពីពេលថ្មីនេះ ប្រទេសប៉ូឡូញ, អង់គ្លេស, រដ្ឋបាល់ទិក ជំរុញ IOC ហាមអត្តពលិករុស្ស៊ី និងបេឡារុសនៅអូឡាំពិកប៉ារីស។ 
 
លើបញ្ហាការប្រកួតអូឡាំពិកនេះ អ៊ុយក្រែនបានគំរាមគំហែងដកខ្លួនចេញពីការប្រកួត Paris 2024 រួមជាមួយប្រទេសមួយចំនួនផ្សេងទៀត ប្រសិនបើកងទ័ពរុស្ស៊ីនៅតែបន្តស្ថិតក្នុងទឹកដីអ៊ុយក្រែននោះ៕
 
 
 
 
 
 
 

Tag:
 IOC
  Olympic
  Paris 2024
© រក្សាសិទ្ធិដោយ thmeythmey.com