អន្តរជាតិ
លោក មហាធៀ ប្រាប់ឱ្យនាយករដ្ឋមន្រ្តីម៉ាឡេស៊ីដកពាក្យចោទប្រកាន់លោក
29, Mar 2023 , 5:39 pm        
រូបភាព
លោក  មហាធៀ មហាម៉ាត់ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី (ខាងឆ្វេង) និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ រូបភាព AFP
លោក មហាធៀ មហាម៉ាត់ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី (ខាងឆ្វេង) និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ រូបភាព AFP
លោក  មហា​ធៀ មហាម៉ាត់ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែមីនា បានប្រាប់ឱ្យនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដកពាក្យចោទលើរូបលោកជុំវិញបញ្ហាអំពើពុករលួយ ឬរងពាក្យបណ្តឹង។ លោក មហាធៀ បានដាក់ពេលកំណត់រយៈពេល ៧ថ្ងៃ ក្នុងការដកការចោទប្រកាន់ប្រឆាំងលោកវិញ។

 
នៅដើមខែមីនា លោកអាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានរិះគន់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីមួយរូប ក្នុងសមាជជាតិពិសេសបក្សយុត្តិធម៌របស់ប្រជាជន នៅក្រុង Shah Alam។ ដោយមិនបាននិយាយចំឈ្មោះ លោកអាន់វ៉ា បានថ្លែងថា អតីតមេដឹកនាំមួយរូប ដែលកាន់តំណែងក្នុងរយៈពេល  ២២ឆ្នាំ និងមួយលើកទៀត ២២ខែ បានប្រើប្រាស់តួនាទីដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន គ្រួសារ និងកូនៗ។ 
 
លោកមហាធៀ ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី ចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ និងលើកទីពីរ ចាប់ពីឆ្នាំ២០១៨ ដល់២០២០។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន The Malaysian Insight លោក មហាធៀ នៅថ្ងៃទី២៨ ខែមីនា បានប្រតិបត្តិកម្មថា លោកអាន់វ៉ា មានរយៈពេល៧ថ្ងៃ ក្នុងការគាំទ្រអំណះអំណាងរបស់ខ្លួន ឬដកចោលការលើកឡើងរបស់ខ្លួន។ 
 
«បើទោះអាន់វ៉ា មិនបានបញ្ជាក់ឈ្មោះខ្ញុំ ប៉ុន្តែសារព័ត៌មានបានបញ្ជាក់ពីវា។ ខ្ញុំជានាយករដ្ឋមន្រ្តីរយៈពេល ២២ឆ្នាំ និងលើកទីពី ២២ខែ។ ត្រង់ចំណុចនេះ លោកអាន់វ៉ា បានបញ្ជាក់»។ អតីតអ្នកនយោបាយមានវ័យចាស់វស្សាបានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ក្នុងរយៈពេល ៧ថ្ងៃនេះ ប្រសិនបើមិនមានព័ស្តុតាងទេ លោក មហាធៀ នឹងចាត់វិធានដែលចាំបាច់ ដោយផ្អែកលើច្បាប់ដែលមានក្នុងប្រទេស។ 
 
បើតាមអតីតនាយករដ្ឋមន្រ្តីវ័យ៩៧ឆ្នាំរូបនេះ ក្នុងនាមជានាយករដ្ឋមន្រ្តី តម្រូវឱ្យមានការទទួលខុសត្រូវ និងមិនមែនចោទដោយគ្មានព័ស្តុតាងឡើយ។ ក្នុងការទាមទាររបស់លោកមហាធៀ លោកអាន់វ៉ា ត្រូវដកពាក្យចោទប្រឆាំងលោក រួមទាំងសរសេរលិខិតសុំទោសជាសាធារណៈ និងដោយគ្មានលក្ខខណ្ឌទៅកាន់លោក។ លោកអាន់វ៉ា ត្រូវធ្វើសន្និសីទសារព័ត៌មានពិសេសមួយ ដើម្បីសុំទោសផងដែរ។ 
 
សូមបញ្ជាក់ថា នៅពេលកន្លងមក លោកមហាធៀ បានសរសេរលើបណ្តាញសង្គម Facebook ថា ក្រោយលោកចាកចេញពីតំណែង ម៉ាឡេស៊ី កាន់តែក្រីក្រទៅៗ៕ 
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com