ជាតិ
អ្នកបើកកង់បីនៅភ្នំពេញ អាចទទួលបានប័ណ្ណ ប.ស.ស ចាប់ពីខែមេសា
29, Mar 2023 , 9:59 pm        
រូបភាព
ក្រុមអ្នកបើកកង់បី ចូលរួមជួយការងារក្នុងមូលដ្ឋាននាពេលកន្លងមក។ រូបដោយ វតី
ក្រុមអ្នកបើកកង់បី ចូលរួមជួយការងារក្នុងមូលដ្ឋាននាពេលកន្លងមក។ រូបដោយ វតី
ភ្នំពេញ៖ ចាប់ពីខែមេសាទៅ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) នឹងអនុញ្ញាតឱ្យក្រុមអ្នកប្រកបរបរបើកម៉ូតូកង់បី អាចចូលជាសមាជិក ប.ស.ស ប្រើប្រាស់សេវាផ្នែកថែទាំសុខភាព។ នេះបើតាមការចេញផ្សាយរបស់ ប.ស.ស។

 
ប.ស.ស និងអង្គការហ្គ្រេត (GRET) បានសហការគ្នា អនុវត្តអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ ផ្ដោតលើអ្នកប្រកបរបរបើកកង់បី ស្ថិតនៅរាជធានីភ្នំពេញ។ គម្រោងខាងលើនេះ នឹងក្លាយជាយន្តការសិក្សា សម្រាប់ការពង្រីក នៃការគ្របដណ្តប់របបសន្តិសុខសង្គម
ដល់គ្រប់បុគ្គលស្វ័យនិយោជន៍ ហើយជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយគាំពារសង្គម។ 
 
ជុំវិញគម្រោងសាកល្បងអនុញ្ញាតឱ្យអ្នកបើកកង់បីទទួលបានប័ណ្ណ ប.ស.សនេះ លោក វន់ ពៅ ប្រធានសមាគម IDEA ចាត់ទុកជាសញ្ញាល្អប្រសើរមួយ សម្រាប់ក្រុមអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់លើពួកគេ។
 
ជាជំហានដំបូង ក្រុមអ្នកបើកកង់បីដែលជាសមាជិក IDEA ប្រមាណ២០០០នាក់ គ្រោងនឹងទៅចុះឈ្មោះ ប.ស.ស ដើម្បីទទួលបានសេវាថែទាំសុខភាព។ ករណីដំណើរការល្អ សមាជិករបស់សហគមន៍ជាង១ម៉ឺននាក់ នឹងទៅចុះឈ្មោះយកប័ណ្ណ ប.ស.ស ជាបន្តបន្ទាប់។ 
 
ទន្ទឹមនឹងនេះ លោក អ៊ុក សមវិទ្យា អគ្គនាយក ប.ស.ស បានឱ្យដឹងថា គម្រោងសាកល្បងនេះ ធ្វើឡើងក្រោមការឧបត្ថម្ភពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដែលបានជួយលើផ្នែកអភិវឌ្ឍផ្នែកធនធានមនុស្ស បច្ចេកទេស រួមទាំងផ្នែកហិរញ្ញវត្ថុ។ ជាមួយគ្នាដែរ លោកបានស្នើដល់អ្នកបើកបរត្រីចក្រយានយន្ត និងសមាជិក ប.ស.ស. លើកពីបញ្ហាប្រឈមនានា ជុំវិញការប្រើប្រាស់សេវា ប.ស.ស។ ករណីមានបញ្ហាត្រូវទាក់ទងទៅមន្ត្រី ប.ស.ស ដោយផ្ទាល់ ឬតាមលេខទំនាក់ទំនង (១២៨៦) ដើម្បីអាចឱ្យ ប.ស.ស. ងាយស្រួលដោះស្រាយ ទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពខ្ពស់។
 
ទាក់ទិននឹងដំណើរប្រើប្រាស់ សេវា ប.ស.ស នេះ លោក វន់ ពៅ មើលឃើញពីចំណុចល្អច្រើន លើការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងប័ណ្ណសម្គាល់យានយន្តប៉ុណ្ណោះ គឺអាចចុះឈ្មោះជាសមាជិក ប.ស.ស។ លើសពីនេះ ពួកគេអាចចុះឈ្មោះតាមប្រព័ន្ធអនឡាញ ឬនៅទីស្នាក់ការ ប.ស.ស ក៏បាន ហើយការបង់ប្រាក់តាមប្រព័ន្ធអនឡាញជាមួយធនាគារ។ 
 
យ៉ាងណាប្រធាន IDEA បង្ហាញក្ដីបារម្ភខ្លះៗថា៖ «ពេលនេះ មានវិបត្តិសេដ្ឋកិច្ច ដែលបណ្ដាលឱ្យក្រមអ្នកប្រកបមុខរបរបើកកង់បីមានចំណូលធ្លាក់ចុះ ពុំមានលទ្ធភាពក្នុងការបង់ថ្លៃវិភាគទានទៅកាន់ ប.ស.ស»។  
 
កត្តាមួយទៀត លោក វន់ ពៅ កត់សម្គាល់ឃើញថា ការផ្សព្វផ្សាយពីគម្រោងអនុញ្ញាតឱ្យអ្នកបើកកង់បី អាចទទួលបានប័ណ្ណប.ស.ស នៅមានកម្រិត គឺមិនទាន់មានអ្នកដឹងឱ្យទូលំទូលាយនៅឡើយ។ 
 
គម្រោងដែលទើបប្រកាសថ្មីនេះ នឹងតម្រូវឱ្យអ្នកបើកបរកង់បី ចូលរួមបង់ថ្លៃវិភាគទានចំនួន
១៥៦០០រៀលក្នុងមួយខែ តាមរយៈធនាគារដៃគូ។ ក្រោយបង់វិភាគទានបានពីរខែ ពួកគេនឹងអាចប្រើប្រាស់សេវាព្យាបាល និងថែទាំសុខភាពនៅមណ្ឌលសុខភាព ដែលសហការជាមួយ ប.ស. ស ។ បច្ចុប្បន្ននេះ អ្នកបម្រើការក្នុងវិស័យសេដ្ធកិច្ចក្រៅប្រព័ន្ធ មានជាង៦៥ភាគរយ នៃសេដ្ឋកិច្ច
ប្រទេសកម្ពុជា៕ 
 

Tag:
 ប.ស.ស
  សេដ្ឋកិច្ចក្រៅប្រព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com