ជាតិ
បក្សភ្លើងទៀន រម្លឹកខួបនៃព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកកាលពី២៦ឆ្នាំមុន
30, Mar 2023 , 9:59 am        
រូបភាព
គណបក្សភ្លើងទៀន ប្រារព្ធខួប២៦ឆ្នាំនៃព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែក នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ រូបពីគណបក្សភ្លើងទៀន
គណបក្សភ្លើងទៀន ប្រារព្ធខួប២៦ឆ្នាំនៃព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែក នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ រូបពីគណបក្សភ្លើងទៀន
ដោយ៖ ទេពញាណ 
គណបក្សភ្លើងទៀន រៀបចំពិធីបង្សុកូល និងគោរពដល់វិញ្ញាណក្ខន្ធបាតុករ ដែលបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។  ពិធីនេះ ប្រព្រឹត្តទៅ នៅប្រវេណស្តូបក្នុងសួនមុខវត្តបទុមវតី នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ។



ទន្ទឹមនឹងការរៀបចំពិធីបង្សុកូល គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍ រម្លឹកដោយសង្ខេបអំពីព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកនេះ។ គណបក្សភ្លើងទៀន សរសេរថា រយៈពេល២៦ឆ្នាំកន្លងមកនេះ ក្រុមគ្រួសាររបស់ជនរងគ្រោះ នៅតែទទួលរងការឈឺចាប់ ដោយសារល្មើស នៅពុំទាន់ត្រូវបានចាប់ខ្លួនយកទៅផ្តន្ទាទោសនៅឡើយ។ គណបក្សភ្លើងទៀន អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ច វែកមុខ និងចាប់ជនល្មើស យកទៅផ្តន្ទាទោសតាមច្បាប់។ 
 
ព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ បណ្តាល​ឲ្យបាតុករ​១៦​នាក់ស្លាប់ និង​របួស​ជាង​១០០​នាក់ ខណៈ​ជនរងគ្រោះ​ទាំងនោះ ប្រមូលផ្តុំ​គ្នា​ទាមទារ​ឲ្យ​ធ្វើកំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី​។ 
 
រហូតដល់​ថ្ងៃ​៥-​ថ្ងៃ​៦កក្កដា ឆ្នាំ​១៩៩៧ដដែល ក៏មាន​ការបំផ្ទុះ​អា​វុ​ធម្ត​ង​ទៀត ដែល​គេ អះអាងថា បង្កឡើង​ដោយ​កងទ័ព​ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​កងទ័ព​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​។ របាយការណ៍​របស់​អង្គការបរទេសខ្លះ សរសេរថា មាន​យុទ្ធជន​ប្រមាណ​២០០​នាក់ បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នោះ រួមទាំង​មន្ត្រី​យ៉ាងតិច​៦០​នាក់​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក៏ត្រូវ​បានសម្លាប់​ដែរ​។ 
 
ភាគីប្រឆាំង តែងរៀបចំពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងព្រឹត្តិការណ៍ទាំង២នេះ ជារៀងរាល់ឆ្នាំ៕ 
 

Tag:
 ព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែក
  គណបក្សភ្លើងទៀត
© រក្សាសិទ្ធិដោយ thmeythmey.com