ជាតិ
សម្ដេច ហ៊ុន សែន សុំការអភ័យទោស ចំពោះការអវត្តមានបើកបវេសនកាលសភា
30, Mar 2023 , 10:27 am        
រូបភាព
សម្ដេច ហ៊ុន សែន បានអវត្តមានចូលរួមបើកបវេសនកាលសម័យប្រជុំសភា លើកទី៩ អាណត្តិទី៦ នាព្រឹកថ្ងៃទី៣០ មីនានេះ ដោយសារជាប់ភារកិច្ចមកចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។



សម្ដេច ហ៊ុន សែន បានបញ្ជាក់មូលហេតុថា ការខកខានចូលរួមបើកសម័យប្រជុំសភានេះ ដោយសាររដ្ឋសភា ជូនដំណឹងមកសម្ដេច យឺតយ៉ាវជាងកម្មវិធីការងារដែលមានស្រាប់នៅក្នុងដៃ។ ប្រមុខរដ្ឋាភិបាល ស្នើឱ្យរដ្ឋសភាទម្លាក់កម្មវិធី ឱ្យបានលឿនជាងនេះ ព្រោះសម្តេចមានការងារច្រើន។
 
«ខ្ញុំក៏សូមឱកាសនេះ សុំការអភ័យទោសពីរដ្ឋសភា ដែលថ្ងៃនេះគឺត្រូវបើកបវេសនកាល ដោយរាប់មានព្រះរាជសាររបស់ព្រះមហាក្សត្រផង។ ប៉ុន្តែខ្ញុំគិតថា មិនមែនជាកំហុសរបស់ខ្ញុំទេ ដោយសារសភាទម្លាក់កម្មវិធីមក គឺត្រឹមតែមួយរំពេច នៅពេលដែលគម្រោងចុះក្នុងបញ្ជីនៃកម្មវិធី គឺដាក់មិនតិចជាង១ខែទេ ។ ប៉ុន្តែសភា បានដាក់កម្មវីធីដ៏ប្រញាប់ប្រញាល់មួយ។ សង្ឃឹមថា ថ្ងៃក្រោយសភា នឹងអាចកកំណត់ពេលវេលាឱ្យបានលឿនជាងហ្នឹង ព្រោះថានេះមិនមែនជាការបើកប្រជុំធម្មតាទេ ប៉ុន្តែជាការបើកបវេសនកាល»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលសង្ឃឹមថា សភានឹងមានការយោគយល់ចំពោះអវត្តមានរបស់សម្ដេច ក្នុងការបើកសម័យប្រជុំលើកទី៩នេះ ព្រោះរដ្ឋាភិបាល ក៏មានការងារ និងកម្មវិធីច្រើន ដែលត្រូវរវល់ក្នុងដៃដែរ។
 
លោកនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការលើកឡើងបែបនេះ មិនមែនជាការទិតៀនរដ្ឋសភាទេ ប៉ុន្តែជាការស្នើសុំឱ្យមានការកំណត់ និងរៀបចំពេលវេលាកម្មវិធីឱ្យបានល្អជាងនេះ។

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com