ជាតិ
កម្ពុជា ស្នើអូស្ត្រាលីពិចារណាលើការហោះហើរត្រង់ ដើម្បីពង្រឹងវិស័យទេសចរណ៍
30, Mar 2023 , 12:29 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា ស្នើអូស្រ្តាលីឱ្យពិចារណាលើការហោះហើរត្រង់ ដើម្បីពង្រឹងវិស័យទេសចរណ៍រវាង​ប្រទេសទាំងពីរ ក៏ដូចជាជួយផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ធំៗ នៅកម្ពុជាដល់ពលរដ្ឋអូស្រ្តាលី មកកម្សាន្តផងដែរ។ សំណើនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ចាស្ទីន ខេវីន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្រ្តាលីប្រចាំកម្ពុជា នាថ្ងៃទី២៩ ខែមីនា។



លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងពាក់ព័ន្ធនឹងស្ថានភាពវិស័យទេសចរណ៍នៅកម្ពុជា ដូចជាការទទួលបានទេសចរអន្តរជាតិប្រមាណ ២,២៨លាននាក់។ បើតាម​លោក ថោង ខុន​ ក្នុងនោះទេសចរអូស្រ្តាលីមានជិត ៤ម៉ឺននាក់ កើនឡើងជាង ២ពាន់ភាគរយ នៅក្នុងឆ្នាំ២០២២។ ក្នុងជំនួបដដែលនោះ ភាគីកម្ពុជាបានសូមឱ្យ អូស្រ្តាលី ជួយជំរុញការវិនិយោគទេសចរណ៍ តាមរយៈការលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន ក្រោមការផ្លាស់ប្តូរទេសចរណ៍ ការវិនិយោគពាណិជ្ជកម្ម និងវប្បធម៌។

ជំនួបរវាង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូចអូស្រ្តាលី ប្រចាំកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។

«ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ក្រសួងទេសចរណ៍កម្ពុជា សូម ឯកឧត្តមពិចារណាលើការបង្កើតឲ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ»។ លោក ថោង ខុន  រដ្ឋមន្រ្តីក្រសួងទេសចរណ៍បញ្ជាក់ដូច្នេះ។
 
បន្ថែមលើសំណើរខាងលើ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសុំឱ្យឯកអគ្គរដ្ឋទូតជួយផ្សព្វផ្សាយព្រឹត្តិការណ៍ SEA Games និងASEAN Paragame ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ​នៅខែឧសភា ឆ្នាំ២០២៣នេះ។ ក្នុងនោះ លោក ថោង ខុន ក៏បានឱ្យភាគី អូស្រ្តាលី បន្តផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្រា្កន្ត​ ដល់ប្រជាជនអូស្ត្រាលី ឱ្យមកកម្សាន្តនៅខេត្តសៀមរាបកាន់តែច្រើនថែមទៀត។
 
យ៉ាងណាមិញ ក្នុងកិច្ចសហការនេះកម្ពុជា ក៏បានអញ្ជើញក្រុមអ្នកជំនាញដែលមានបទពិសោធ ក្នុងការរៀបចំ គ្រប់គ្រងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច មកទស្សនកិច្ចសិក្សា និងផ្តល់បទពិសោធន៍ដល់មន្ត្រីកម្ពុជា។  លើសពីនេះ​ ការជំរុញការផ្លាស់ប្តូរព័ត៌មានទេសចរណ៍ ទស្សនវិស័យអប់រំ ការរៀបចំដំណើរកម្សាន្តដល់មន្ត្រី ប្រតិបត្តិករទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរ៕
 

Tag:
 ThmeyThmey25
 ក្រសួងទេសចរណ៍
 ​ អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com