កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ដកសិទ្ធិធ្វើម្ចាស់ផ្ទះ U20 World Cup ពីឥណ្ឌូណេស៊ី
30, Mar 2023 , 1:59 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅថ្ងៃទី២៩ ខែមីនា បានដកសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ U20 World Cup 2023 ពីឥណ្ឌូណេស៊ី ដោយសារការគ្រប់គ្រងមិនបានល្អរបស់ម្ចាស់ផ្ទះ។ ម្ចាស់ផ្ទះថ្មីនឹងត្រូវប្រកាសនាពេលឆាប់ៗនេះ។ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) អាចនឹងត្រូវរងទណ្ឌកម្មពីសំណាក់ FIFA ផងដែរ។

 
បន្ទាប់ពីជំនួបរវាងប្រធាន FIFA លោក Gianni Infantino និងលោក Erick Thohir ប្រធាន PSSI ស្ថាប័នគ្រប់គ្រង់កីឡាបាល់ទាត់ពិភពលោក បានសម្រេចដកប្រទេសឥណ្ឌូណេស៊ីមិនឱ្យរៀប  U-20 World Cup ឡើយ។ 



ការសម្រេចចិត្តបញ្ឈប់ឥណ្ឌូណេស៊ីពីការធ្វើជាម្ចាស់ផ្ទះ U-20 World Cup ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ដោយសារ PSSI បានលើកយកបញ្ហាចាប់ឆ្នោតត្រូវបានលុបចោល ដោយអ្នកគាំទ្រឥណ្ឌូណេស៊ីធ្វើបាតុកម្ម និងអភិបាលកោះបាលីបានបដិសេធមិនឱ្យក្រុមអ៊ីស្រាអែលចូលរួមនៅទឹកដីពួកគេ។
 
«FIFA បានសម្រេចហើយ ដោយសារតែស្ថានការណ៍បច្ចុប្បន្ន ត្រូវដកឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ FIFA U20 World Cup ក្នុងឆ្នាំ ២០២៣។ សិទ្ធិម្ចាស់ផ្ទះថ្មីនឹងត្រូវប្រកាសក្នុងពេលឆាប់ៗ ជាមួយកាលបរិច្ឆេទការប្រកួតនឹងនៅដដែលដោយគ្មានការផ្លាស់ប្តូរ ហើយការដាក់ទណ្ឌកម្មដែលមានសក្តានុពលប្រឆាំងនិង ​PSSI ក៏អាចត្រូវបានសម្រេចក្នុងដំណាក់កាលចុងក្រោយផងដែរ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FIFA។
 
បន្ទាប់ពីត្រូវបាន​ FIFA សម្រេចដកសិទ្ធិ PSSI ក៏បានចេញសេចក្តីថ្លែងការណ៍បង្ហាញពីការសោកស្តាយរបស់ខ្លួន ជុំវិញបញ្ហាដែលបានកើតឡើងកន្លងមក។ PSSI បាននិយាយដូច្នេះថា៖«ឥណ្ឌូណេស៊ីគឺជាសមាជិករបស់ FIFA ដូច្នេះចំពោះបញ្ហាបាល់ទាត់អន្តរជាតិ យើងត្រូវតែគោរពតាម។ ខ្ញុំបានស្នើអ្នកស្រលាញ់បាល់ទាត់ទាំងអស់រក្សាគោលជំហរនិងទទួលយកការសម្រេចចិត្តដ៏លំបាកនេះដោយ FIFA វាដល់ពេលហើយដែលយើងបានបង្ហាញឱ្យ FIFA ពីការខិតខំបន្ថែមទៀតដើម្បីប្រែក្លាយបាល់ទាត់ក្នុងប្រទេសនេះឱ្យស្រស់ស្អាតរីកចម្រើនទៅមុខថែមទៀត។»។
 
រឿងរ៉ាវកន្លងមករហូតឈានដល់ការដកសិទ្ធិនេះ កាលពីដើមខែមីនា រដ្ឋបាលកោះបាលី លោក Wayan Koster បានសរសេរសំណើទៅកាន់ក្រសួងយុវជន និងកីឡា ទាមទារអនុម័តគោលការណ៍ហាមប្រាមក្រុមអ៊ីស្រាអែល មិនឱ្យចូលមកប្រកួតនៅក្នុងកោះបាលីឡើយ។
 
ប្រជាជនឥណ្ឌូណេស៊ីជាជនជាតិម៉ូស្ល៊ីម និងភាគច្រើនអនុវត្តបែបសាសនាឥស្លាមកម្រិតមធ្យម បើទោះបីជាមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមានការកើនឡើងនៃលទ្ធិអភិរក្សសាសនា ឈានចូលទៅក្នុងនយោបាយក៏ដោយក្តី។
 
ក្រុមបាល់ទាត់អាយុក្រោម ២០ឆ្នាំអ៊ីស្រាអែល សម្រាប់ការប្រកួត U20 World Cup នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសម្រាប់ពួកគេ ដែលឈានជើងឡើងដល់វគ្គនេះ៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com