អន្តរជាតិ
ប្រធាន ADB៖ បម្រែបម្រួលអាកាសធាតុ ជាបញ្ហាធំរបស់អាស៊ីអាគ្នេយ៍
30, Mar 2023 , 11:59 am        
រូបភាព
ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី Masatsugu Asakawa ថ្លែងសុន្ទរកថាក្នុងសន្និសីទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍។ រូបថត៖ គី ចំណា
ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី Masatsugu Asakawa ថ្លែងសុន្ទរកថាក្នុងសន្និសីទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍។ រូបថត៖ គី ចំណា
កោះបាលី៖ បម្រែបម្រួលអាកាស ជាបញ្ហាធំមួយដែលប្រឈមមុខប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលតម្រូវឱ្យមានដំណោះស្រាយជាក់ស្ដែងដែលធានាការកំណើនសេដ្ឋកិច្ចមួយប្រកបដោយចីរភាព និងបរិយាប័ន្ន។ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Masatsugu Asakawa បញ្ជាក់បែបនេះក្នុងសន្និសីទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ នៅថ្ងៃទី៣០ ខែមីនា។

 
ផលប៉ះពាល់បង្កអាកាសធាតុក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្តកើនឡើងកាន់តែធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សហគមន៍ងាយរងគ្រោះ និងធ្វើឱ្យមនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យនៃការធ្លាក់ចូលទៅក្នុងភាពក្រីក្របំផុត។ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ កំពុងពើបប្រទះនឹងបញ្ហាប្រឈមដ៏ធំធេងក្នុងការតទល់នឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ខណៈពេលប្រទេសទាំងនោះ កំពុងស្វែងរកមាគ៌ាអភិវឌ្ឍដែលបញ្ចេញកាបូនទាប និងរក្សាបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ។
 
ឆ្លើយតបនឹងបញ្ហាប្រឈមបន្ទាន់ សន្និសីទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ (SEADS) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រព្រឹត្តទៅដោយផ្ទាល់នៅកោះបាលី ឥណ្ឌូណេស៊ី នៅថ្ងៃទី៣០ ខែមីនាក្រោមមូលបទ «ក្ដីស្រមៃតំបន់អាស៊ានដែលមានការបញ្ចេញឧស្ម័នសូន្យសុទ្ធ»។
 
ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី ប្រធាន ADB លោក Masatsugu Asakawa និយាយថា វាជារឿងសំខាន់ក្នុងការធ្វើការរួមគ្នាដើម្បីស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីជំរុញការផ្លាស់ប្ដូរទៅកាន់ការបញ្ចេញឧស្ម័នសូន្យសុទ្ធ។ 
 
«យើងចាំបាច់ត្រូវដោះស្រាយការប្រែប្រួលអាកាសធាតុជាមួយនឹងដំណោះស្រាយជាក់ស្តែង ដើម្បីកាត់បន្ថយការបញ្ចេញកាបូនក្នុងតំបន់ ខណៈពេលដែលធានាបានកំណើនសេដ្ឋកិច្ចរឹងមាំ និរន្តរភាព និងបរិយាប័ន្ន។» ប្រធាន ADB បញ្ជាក់បែបនេះ។
 
លោក Asakawa លើកឡើងដែរថា ADB បានបោះជំហានឡើងជាធនាគារអាកាសធាតុសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ជាមួយនឹងមហិច្ឆតាផ្តល់ហិរញ្ញប្បទានអាកាសធាតុចំនួន១០០ពាន់លានដុល្លារពីឆ្នាំ២០១៩ ដល់ឆ្នាំ២០៣០ ស្របពេលដាក់ចេញគំនិតផ្ដួចផ្ដើមសំខាន់ៗដើម្បីបង្កើនហិរញ្ញប្បទានអាកាសធាតុ។
 
ខណៈដែលប្រទេសនានាកំពុងងើបឡើងវិញពីជំងឺកូវីដ-១៩ លោក Asakawa ក៏អះអាងពីការស្តារសេដ្ឋកិច្ចឡើងវិញត្រូវតែធ្វើឡើងតាមគោលការណ៍បៃតង និងនិរន្តរភាព។
 
នៅថ្ងៃទី៣០ ខែមីនា ADB ចេញផ្សាយការសិក្សាមួយដែលកំណត់វិធានការជាក់ស្តែងដែលរដ្ឋាភិបាល និងអាជីវកម្មអាចអនុម័ត ដើម្បីសម្រេចឱ្យបានការកាត់បន្ថយការបញ្ចេញកាបូនក្នុងខ្សែច្រវាក់តម្លៃសកល។
 
បើតាម Asakawa ការវិនិយោគលើថាមពលកកើតឡើងវិញ និងការធ្វើឱ្យប្រសើរឡើងប្រសិទ្ធភាព ការលើកទឹកចិត្តដើម្បីកាត់បន្ថយថ្លៃដើមជួញដូរសម្រាប់ទំនិញឆ្លាតវៃក្នុងផ្នែកអាកាសធាតុ និងការបង្កើនល្បឿននៃឌីជីថលនីយកម្ម អាចរួមចំណែកដល់ខ្សែច្រវាក់តម្លៃបៃតង និងនិរន្តរភាពបន្ថែមទៀតនៅក្នុងអាស៊ាន និងតំបន់ឯទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com