អន្តរជាតិ
នាយករដ្ឋមន្រ្តីចិន ព្រមានពីការផ្ទុះឡើងនៃភាពវឹកវរ និងជម្លោះនៅក្នុងតំបន់អាស៊ី
30, Mar 2023 , 2:40 pm        
រូបភាព
នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង នៅក្នុងវេទិកា Boao Forum។ រូបភាព Reuters
នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង នៅក្នុងវេទិកា Boao Forum។ រូបភាព Reuters
នាយករដ្ឋមន្រ្តីចិន លោក លី​ ឈាំង នៅថ្ងៃទី៣០ ខែមីនា បានជំរុញឱ្យអាស៊ីត្រូវតែបញ្ចៀសភាពវឹកវរ និងជម្លោះ បើមិនចង់ឱ្យអនាគតតំបន់មួយនេះ ត្រូវបាត់បង់។ ទន្ទឹមនេះ មេដឹកនាំចិន បានចាត់ទុកចិនជាខ្នងបង្អែកសម្រាប់សន្តិភាពពិភពលោក និងការអភិវឌ្ឍ។

 
ស្របពេលពិភពលោក កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា និងមានជម្លោះនៅតំបន់ជាច្រើន នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង បានព្រមានពីការផ្ទុះឡើងនៃជម្លោះនៅក្នុងតំបន់អាស៊ី។ ប្រមុខរដ្ឋាភិបាលចិន បានសង្កត់ធ្ងន់ថា អាស៊ី ត្រូវតែបញ្ចៀសភាពវឹកវរ និងជម្លោះ បើមិនចង់ឱ្យអនាគត ត្រូវបាត់បង់។ 
 
«ក្នុងពិភពលោកមិនប្រាកដប្រជា ពិតប្រាកដណាស់​ ចិននឹងផ្តល់ជាខ្នងបង្អែកសម្រាប់សន្តិភាពពិភពលោក និងការអភិវឌ្ឍ»។ លោក លី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងវេទិកា Boao Forum ដែលរៀបចំឡើងនៅកោះ Hainan។ បើតាមនាយករដ្ឋមន្រ្តីរូបនេះ រដ្ឋាភិបាលក្រុងប៉េកាំង នៅតែបន្តស្វះស្វែងរកស្ថិរភាព ការពង្រីកតម្រូវការក្នុងស្រុក បើកសេដ្ឋកិច្ច និងការពារវិស័យហិរញ្ញវត្ថុ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។ 
 
ការអះអាងរបស់មេដឹកនាំចិនបែបនេះ ធ្វើឡើងស្របពេល ចិន​ និងអាម៉េរិក រួមទាំងសម្ព័ន្ធមិត្ត កំពុងមានភាពចម្រូងចម្រាសជាច្រើន, បញ្ហាកោះតៃវ៉ាន់, ជម្លោះពាណិជ្ជកម្ម និងសង្រ្គាមនៅអ៊ុយក្រែនជាដើម។ 
 
មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាលចិនរូបនេះ ក៏បានសរសើរសេដ្ឋកិច្ចចិន ក្រោយការបើកប្រទេសឡើងវិញផង។ លោកលី បានអះអាងថា ចិន នៅតែស្ថិតលើវិថីនៃការងើបឡើងវិញ ក្រោយបញ្ចប់គោលនយោបាយគ្មានជំងឺកូវីដ-១៩។ 
 
សូមបញ្ជាក់ថា ក្នុងវេទិកា Boao Forum ថ្នាក់ដឹកនាំធុរកិច្ចធំៗជាច្រើនមកពីទូទាំងពិភពលោក បានចូលរួម ក្នុងនោះមានដូចជា លោក Tim Cook ប្រធានប្រតិបត្តិក្រុមហ៊ុន Apple, លោក Noel Quinn ប្រធានប្រតិបត្តិក្រុមហ៊ុនវិស័យហិរញ្ញវត្ថុ HSBC និងលោក Stephen Schwarzman ប្រធានប្រតិបត្តិក្រុមហ៊ុន Blackstone Group ជាដើម៕ 
 

Tag:
 ចិន
  តៃវ៉ាន់
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com