អន្តរជាតិ
នាយករដ្ឋមន្រ្តីចិន ព្រមានពីការផ្ទុះឡើងនៃភាពវឹកវរ និងជម្លោះនៅក្នុងតំបន់អាស៊ី 
នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង នៅក្នុងវេទិកា Boao Forum។ រូបភាព Reuters
×![]()
នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង នៅថ្ងៃទី៣០ ខែមីនា បានជំរុញឱ្យអាស៊ីត្រូវតែបញ្ចៀសភាពវឹកវរ និងជម្លោះ បើមិនចង់ឱ្យអនាគតតំបន់មួយនេះ ត្រូវបាត់បង់។ ទន្ទឹមនេះ មេដឹកនាំចិន បានចាត់ទុកចិនជាខ្នងបង្អែកសម្រាប់សន្តិភាពពិភពលោក និងការអភិវឌ្ឍ។
ស្របពេលពិភពលោក កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា និងមានជម្លោះនៅតំបន់ជាច្រើន នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង បានព្រមានពីការផ្ទុះឡើងនៃជម្លោះនៅក្នុងតំបន់អាស៊ី។ ប្រមុខរដ្ឋាភិបាលចិន បានសង្កត់ធ្ងន់ថា អាស៊ី ត្រូវតែបញ្ចៀសភាពវឹកវរ និងជម្លោះ បើមិនចង់ឱ្យអនាគត ត្រូវបាត់បង់។
«ក្នុងពិភពលោកមិនប្រាកដប្រជា ពិតប្រាកដណាស់ ចិននឹងផ្តល់ជាខ្នងបង្អែកសម្រាប់សន្តិភាពពិភពលោក និងការអភិវឌ្ឍ»។ លោក លី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងវេទិកា Boao Forum ដែលរៀបចំឡើងនៅកោះ Hainan។ បើតាមនាយករដ្ឋមន្រ្តីរូបនេះ រដ្ឋាភិបាលក្រុងប៉េកាំង នៅតែបន្តស្វះស្វែងរកស្ថិរភាព ការពង្រីកតម្រូវការក្នុងស្រុក បើកសេដ្ឋកិច្ច និងការពារវិស័យហិរញ្ញវត្ថុ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។
ការអះអាងរបស់មេដឹកនាំចិនបែបនេះ ធ្វើឡើងស្របពេល ចិន និងអាម៉េរិក រួមទាំងសម្ព័ន្ធមិត្ត កំពុងមានភាពចម្រូងចម្រាសជាច្រើន, បញ្ហាកោះតៃវ៉ាន់, ជម្លោះពាណិជ្ជកម្ម និងសង្រ្គាមនៅអ៊ុយក្រែនជាដើម។
មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាលចិនរូបនេះ ក៏បានសរសើរសេដ្ឋកិច្ចចិន ក្រោយការបើកប្រទេសឡើងវិញផង។ លោកលី បានអះអាងថា ចិន នៅតែស្ថិតលើវិថីនៃការងើបឡើងវិញ ក្រោយបញ្ចប់គោលនយោបាយគ្មានជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ក្នុងវេទិកា Boao Forum ថ្នាក់ដឹកនាំធុរកិច្ចធំៗជាច្រើនមកពីទូទាំងពិភពលោក បានចូលរួម ក្នុងនោះមានដូចជា លោក Tim Cook ប្រធានប្រតិបត្តិក្រុមហ៊ុន Apple, លោក Noel Quinn ប្រធានប្រតិបត្តិក្រុមហ៊ុនវិស័យហិរញ្ញវត្ថុ HSBC និងលោក Stephen Schwarzman ប្រធានប្រតិបត្តិក្រុមហ៊ុន Blackstone Group ជាដើម៕
Tag:
ចិន
តៃវ៉ាន់
អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com