អន្តរជាតិ
វិមានក្រេមឡាំងថាគ្មានសិទ្ធផ្តល់យោបល់លើទស្សនកិច្ចរបស់ប្រធានាធិបតីចិននៅអ៊ុយក្រែនឡើយ
30, Mar 2023 , 3:58 pm        
រូបភាព
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង។ រូបភាព AFP
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង។ រូបភាព AFP
វិមានក្រេមឡាំង នៅថ្ងៃទី២៩​​​ ខែមីនា បានលើកឡើងថា វា​មិន​អាស្រ័យ​លើ​រុស្ស៊ី​ក្នុង​ការ​ផ្តល់ ​យោបល់​ដល់​​ប្រធានាធិបតី​ចិន លោកស៊ី ជីនភីង ដើម្បីធ្វើដំណើរទស្សនកិច្ច​នៅ ​អ៊ុយក្រែន​ឬយ៉ាងណាឡើយ។



សារព័ត៌មាន Associated Press បានចុះផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោកវ្ល៉ូឌីមៀ ហ្សេលេនស្គីបានបន្តអញ្ជើញមេដឹកនាំចិន លោកស៊ី ជិនភីង ដើម្បីបំពេញទស្សនកិច្ចទៅកាន់អ៊ុយក្រែន ក្រោយធ្លាប់បានសង្កត់ធ្ងន់ឱ្យចិនចូលរួមកសាងសន្តិភាពអ៊ុយក្រែន និងដើម្បីបញ្ចប់សង្គ្រាម អ៊ុយក្រែនដែលកំពុងបន្តអូសបន្លាយ។
 
«យើងដឹងពីជំហរមានតុល្យភាពរបស់ចិន យើងឱ្យតម្លៃវាខ្ពស់ ហើយយើងជឿថា មេដឹកនាំចិន ធ្វើការសម្រេចចិត្តដោយខ្លួនឯងលើភាពរហ័សរហួននៃទំនាក់ទំនងជាក់លាក់។ យើងមិនមានសិទ្ធិផ្តល់ដំបូន្មានណាមួយនៅទីនេះទេ»។ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov បានសង្កត់ធ្ងន់បែបនេះ។ 
 
នៅសប្តាហ៍មុន ប្រធានាធិបតីចិន បានធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូលើកដំបូងចាប់តាំងពីកាន់តំណែងប្រធានាធិបតីនៅអាណត្តិទី៣ ហើយរុស្ស៊ី បានគាំទ្រសំណើរបស់ចិនចំនួន១២ចំណុចសម្រាប់ការសន្ទនា និងស្វែងរកសន្តិភាពនៅអ៊ុយក្រែន។
 
អ៊ុយក្រែនបានស្វាគមន៍ការចូលរួមការទូតរបស់ចិន ប៉ុន្តែលោកហ្សេលេនស្គី បាននិយាយថា លោកនឹងពិចារណាតែដំណោះស្រាយសន្តិភាព បន្ទាប់ពីទាហានរុស្ស៊ីចាកចេញពីទឹកដីអ៊ុយក្រែនប៉ុណ្ណោះ៕
 

Tag:
 រុស្ស៊ី
  ចិន
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com