អន្តរជាតិ
លោក បៃឌិន ចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់មួយសម្រាប់អាម៉េរិក
30, Mar 2023 , 7:29 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន (ខាងស្តាំ) និងលោកង្វៀន ភូ​ជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។ រូបភាព VNA និង AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន (ខាងស្តាំ) និងលោកង្វៀន ភូ​ជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។ រូបភាព VNA និង AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២៩ ខែមីនា បានអះអាងថា វៀតណាម ជាដៃគូដ៏សំខាន់មួយសម្រាប់អាម៉េរិក​។ ទន្ទឹមនេះ លោកបៃឌិន បានបន្ថែមថា អាម៉េរិកគោរពឯករាជ្យភាព អធិបតេយ្យ និងបូរណភាពដែនដីរបស់វៀតណាម។

 
ក្នុងខួប១០ឆ្នាំនៃការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ភូ​ជុង បានជជែកតាមទូរសព្ទជាមួយប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២៩ ខែមីនា ជុំវិញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ការពង្រឹងទំនាក់ទំនង ក៏ដូចជាបញ្ហានៅក្នុងតំបន់ និងអន្តរជាតិផ្សេងៗ។ 
 
ក្នុងកិច្ចសន្ទនានេះ លោក បៃឌិន បានលើកឡើងថា វៀតណាមជាដៃគូដ៏សំខាន់មួយសម្រាប់អាម៉េរិក ដែលគាំទ្រឯករាជ្យភាព ការពឹងផ្អែកលើខ្លួនឯង និងវិបុលភាពរបស់វៀតណាម។ ត្រង់ចំណុចនេះ ប្រធានាធិបតីអាម៉េរិក បានបញ្ជាក់ថា​ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គោរពឯករាជ្យភាពវៀតណាម អធិបតេយ្យ បូរណភាពដែនដី និងវិទ្យាស្ថាននយោបាយ រួមទាំងភាពចាំបាច់នៃមូលដ្ឋានរវាងទំនាក់ទំនងទ្វេភាគី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។ 
 
ជាការឆ្លើយតប អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានយល់ថា ប្រទេសទាំងពីរគួរតែបន្តកិច្ចសហប្រតិបត្តិសន្តិសុខការពារ, លើកតម្កើងពាណិជ្ជកម្ម និងធ្វើការរួមគ្នាលើវិស័យការដឹកជញ្ជូន, សេដ្ឋកិច្ចឌីជីថល និងសុខាភិបាលជាដើម។ 
 
មិនតែប៉ុណ្ណោះ លោក ង្វៀន បានជំរុញឱ្យអាម៉េរិកបង្កើតបរិយាកាសដ៏សមស្របមួយ ដើម្បីបង្កើនចំនួននិស្សិតវៀតណាម នៅក្នុងសាលាអាម៉េរិក និងបន្តគាំទ្រកិច្ចខិតខំរបស់រដ្ឋាភិបាលក្រុងហាណូយលើការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ 
 
ក្រៅពីកិច្ចសហប្រតិបត្តិការខាងលើ មេដឹកនាំបក្សកុម្មុយនីស្តវៀតណាម បានស្វាគមន៍ចំពោះការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោនលើតួនាទីកណ្តាលរបស់អាស៊ាន និងកិច្ចខិតខំរួមរបស់សមាជិកអង្គការតំបន់មួយនេះ ដើម្បីលើកតម្កើងចក្ខុវិស័យអាស៊ាន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ 
 
ចំណែកមេដឹកនាំអាម៉េរិក បានប្រាប់លោកង្វៀនវិញថា អាម៉េរិកប្តេជ្ញាក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយខ្លួននឹងបន្តធ្វើការជាមួយវៀតណាម និងប្រទេសផ្សេងទៀត ក្នុងការចរចាក្រោមក្របខណ្ឌឥណ្ឌូ-ប៉ាស៊ីហ្វិក។ មេដឹកនាំទាំងពីរ ក៏បានឯកភាព លើការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងសន្យាធានាសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រចិនខាងត្បូង ដែលវៀតណាម កំពុងមានជម្លោះជាមួយចិនផង។ 
 
គួររំឭកថា វៀតណាម និងអាម៉េរិក បានភ្ជាប់ទំនាក់ទំនងឡើងវិញនៅក្នុងឆ្នាំ ១៩៩៥ និងបានបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ នៅក្នុងឆ្នាំ២០១៣។ នៅក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនដល់១២៣ពាន់លានដុល្លារ។ អាម៉េរិកជាប្រទេសវិនិយោគលំដាប់ទី១១ នៅវៀតណាម ដោយមានទំហំ ១១,៤ពាន់លានដុល្លារ៕ 
 

Tag:
 វៀតណាម
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com