កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ថៃ ឡាវ វៀតណាម ហ្វីលីពីន ប្តេជ្ញាជួយផ្សព្វផ្សាយគុនល្បុក្កតោឱ្យកាន់តែល្បី
30, Mar 2023 , 8:59 pm        
រូបភាព
.ប្រតិភូកីឡាគុនល្បុក្កតោឡាវ
.ប្រតិភូកីឡាគុនល្បុក្កតោឡាវ
នាថ្ងៃទី២៩ ខែមីនា សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានធ្វើពីធីទទួលប្រតិភូពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងពិធីចែកសញ្ញាបត្រដល់សិក្ខាកាមអន្តរជាតិដែលបានចូលរួមវគ្គបណ្ដុះបណ្ដាល ចៅក្រម និងអាជ្ញាកណ្ដាលអន្តរជាតិនៅសណ្ឋាគាភ្នំពេញ។ ក្នុងពិធីនោះ ប្រតិភូ ជាថ្នាក់ដឹកនាំអត្ដពលិកគុនល្បុក្កតោ ក្នុងតំបន់អាស៊ាន សម្ដែងការប្ដេជ្ញាចិត្ត ជួយផ្សព្វផ្សាយក្បាច់គុនមរតកកម្ពុជាមួយនេះ ឲ្យល្បីថែមទៀត។ ការអភិវឌ្ឍវិស័យកីឡាគុនល្បុក្កតោ ក្នុងតំបន់អាស៊ាន ជាការពង្រឹងចំណងមិត្តភាពកម្ពុជា និងប្រទេសជាសមាជិកក្នុងតំបន់។



ថ្លែងពីចំណាប់អារម្មណ៍របស់តំណាងគុនល្បុក្កតោពីប្រទេសចូលរួម លោកស្រី Pearl Anne D. Menaguelod ប្រតិភូសហព័ន្ធកីឡាគុនល្បុក្កតោហ្វីលីពីន អបអរដល់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សម្រាប់ការរៀបចំវគ្គបណ្ដុះបណ្ដាល និងប្រកួតជ្រើសរើសជើងឯកគុនល្បុក្កតោអាស៊ីអាគ្នេយ៍។ តំណាងប្រតិភូមកពីហ្វីលីពីននេះ ជឿជាក់ថា ការចាប់ផ្ដើមអភិវឌ្ឍវិស័យកីឡាគុនល្បុក្កតោ ជាការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ាន កាន់តែរឹងមាំ។


វគ្គប​ណ្ដុះបណ្ដាលអាជ្ញាកណ្ដាល និងចៅក្រមអន្ដរជាតិ រូបពីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា

 
«យើង មិនទាន់មានសហព័ន្ធ អន្ដរជាតិនៅឡើយទេ ក្នុងប្រទេសហ្វីលីពីន ប៉ុន្ដែខ្ញុំ ជឿថា នេះ គឺជាចំណុចចាប់ផ្ដើមរបស់សហព័ន្ធកម្ពុជា ហើយក៏ជាការបង្កើតមិត្តភាពកាន់តែរឹងមាំរវាងកម្ពុជា និងហ្វីលីពីន និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។»។ លោកស្រី Pearl Anne D. Menaguelod បាននិយាយប្រាប់ដូច្នេះ។
 
លោក Luu Trong Tuan ប្រធានសហព័ន្ធគុនល្បុក្កតោវៀតណាម បាននិយាយថា ការត្រៀម និងរៀបចំខ្លួនបានយ៉ាងល្អ របស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នឹងអាចធ្វើឲ្យកីឡាគុនមរតកជាតិមួយនេះ មានប្រជាប្រិយភាពក្នុងតំបន់អាស៊ាន។ ជាមួយការខិតខំរបស់កម្ពុជា ប្រធានរូបនេះ បន្ដថា សហព័ន្ធគុនល្បុក្កតោវៀតណាម នឹងជួយផ្សព្វផ្សាយបន្ថែមផងដែរ។
«យើង នឹងជួយផ្សព្វផ្សាយគុនល្បុក្កតោ ឲ្យកាន់តែល្បីក្នុងតំបន់អាស៊ីអាគ្នេយ៍ ទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ យើង ជឿជាក់ថា ជាមួយនិងការៀបចំខ្លួនយ៉ាងល្អ របស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ក្បាច់គុនមួយនេះ នឹងទទួលបានជោគជ័យ។»។ លោក Luu Trong Tuan បាននិយាយប្រាប់ដូច្នេះ។

  ប្រតិភូកីឡាគុនល្បុក្កតោឡាវ
 
ក្នុងកិច្ចស្វាគមន៍ប្រតិភូគុនល្បុក្កតោ មកពីបណ្ដាលប្រទេសក្នុងតំបន់អាស៊ាននេះ លោក Tanayut Jongsukkaijai ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោថៃ បានថ្លែងថា កម្ពុជា ដូចជាផ្ទះទី២របស់ខ្លួន ដោយឲ្យរូបលោក បានសិក្សា និងស្វែងយល់ពីក្បាច់គុនល្បុក្កតោ ហើយបន្ដផ្សព្វផ្សាយនៅក្នុងប្រទេសថៃ។ 
 
ចំណែក លោកស្រី Dolly Khin Lay Mon អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោមីយ៉ាន់ម៉ា ក៏បានបញ្ជាក់ថា អត្ដពលិកមីយ៉ាន់ម៉ា រួមទាំងមន្ដ្រីបច្ចេកទេសកំពុងហ្វឹកហាត់យ៉ាងសកម្មដើម្បីត្រៀមប្រកួតលើវិញ្ញាសាគុនល្បុក្កតោ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ ប្រតិភូតំណាងមីយ៉ាន់ម៉ារូមនេះ និយាយថា ក្នុងនាមជាប្រទេសក្នុងតំបន់អាស៊ាន នឹងព្យាយាមធ្វើឲ្យបានល្អបំផុត ក្នុងការដាក់វិស័យកីឡាមួយនេះ ឲ្យមានភាពល្បីល្បាយបន្ថែម។ លោកស្រី Dolly Khin Lay Mon បាននិយាយដូច្នេះថា៖«អត្ដពលិកមីយ៉ាន់ម៉ា កំពុងហ្វឹកហាត់យ៉ាងសកម្មនូវគុនល្បុក្កតោ នាពេលបច្ចុប្បន្ន។ ហើយយើងសន្យាថា យើង នឹងចូលរួមប្រកួតក្នុងស៊ីហ្គេម លើកទី៣២។ ខ្ញុំ ព្យាយាមធ្វើឲ្យល្អបំផុត ហើយយើងអរគុណចំពោះការគាំទ្រពីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។»។ 
 

ចៅក្រុម និងអាជ្ញាកណ្ដាលកីឡាគុនល្បុក្កតោកម្ពុជា

លោក Indra Wardhana ប្រតិភូសហព័ន្ធកីឡាគុនល្បុក្កតោឥណ្ឌូណេស៊ី អ្នកតំណាងរូបនេះ បញ្ជាក់ថា បច្ចុប្បន្ននេះ ឥណ្ឌូណេស៊ី កំពុងរៀបចំយ៉ាងសកម្ម ដើម្បីត្រៀមប្រកួតស៊ីហ្គេម លើវិញ្ញាសាកីឡាទាំងអស់ រួមទាំងវិញ្ញាសាកីឡាគុនល្បុក្កតោ។ លោក Indra Wardhana ជឿថាអត្ដពលិក នឹងធ្វើបានល្អលើវិញ្ញាសាគុនល្បុក្កតោ បើទោះជាអ្នកទាំងនោះ ទើបបានហ្វឹកហាត់ក៏ដោយ។
 
គួរបញ្ជាក់ថា សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នឹងរៀបចំការប្រកួតជើងឯកគុនល្បុក្កតោអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១-៣ ខែមេសា ដោយមាន ៤ប្រទេសចូលរួម ក្នុងនោះមាន៖ ម្ចាស់ផ្ទះកម្ពុជា ឡាវ វៀតណាម និងហ្វីលីពីន។ ដោយឡែក ក្នុងវគ្គបណ្ដុះបណ្ដាលចៅក្រម និងអាជ្ញាកណ្ដាលអន្ដរជាតិ មាន១១ប្រទេសចូលរួម៖ កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន អ៊ីរ៉ង់ កូរ៉េ ឥណ្ឌូណេស៊ី វៀតណាម សហរដ្ឋអាម៉េរិក និងឥណ្ឌា៕
 

ប្រតិភូកីឡាគុនល្បុក្កតោហ្វីលីពីន
 


Tag:
 គុនល្បុកត្តោ
  ស៊ីហ្គេម
  ប្រកួតជើងឯកអាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com