កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ហាម​លក់សំបុត្រគ្រប់កម្មវិធីស៊ីហ្គេម
30, Mar 2023 , 5:11 pm        
រូបភាព
តាមរយៈសារសំឡេងជាង៤នាទីនៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិនា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទបញ្ជាមិនឱ្យមានការដាក់លក់សំបុត្រទាំងពិធីបើក ពិធីបិទ និងក្នុងការប្រកួតសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលចាប់ផ្តើមជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ខាងមុខ។

 
ការប្រកាសលក់សំបុត្រនាពិធីបើកស៊ីហ្គេមលើកទី៣២ក្នុងតម្លៃ១០ម៉ឺន ទៅ២០ម៉ឺនរៀល ត្រូវប្រមុខរដ្ឋាភិបាលច្រានចោល ដោយសម្តេចអះអាងថា មិនទទួលបានការអនុញ្ញាតពីសម្តេច ទៀ បាញ់ ប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងសម្តេចផ្ទាល់ ដែលជានាយករដ្ឋមន្ត្រីនោះឡើយ។
 
«យើងបានចំណាយប្រាក់ទាំងមូលដ្ឋានសម្ភារ និងបច្ចេកទេស ក៏ដូចជាជំនួយពីមិត្តចិន លើការកសាងនូវមូលដ្ឋាននៃការប្រកួតព្រមទាំងចំណាយនូវធនធានជាច្រើនលើការកសាងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត រាប់រយលានដុល្លារ និងចំណាយជាច្រើនឆ្នាំ ទម្រាំកើតចេញជារូបរាងនៃការប្រកួត។ ខ្ញុំមិនយល់ព្រមដាច់ខាត ឱ្យមានការលក់សំបុត្រទាំងការចូលបើក និងចូលបិទ ក៏ដូចជាការប្រកួតផ្សេងទៀតក្នុងស៊ីហ្គេម»។ នេះជាបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី។
 
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ពលរដ្ឋអាចទស្សនាព្រឹត្តិការណ៍ស៊ីហ្គេម ដោយមិនមានការបង់ថ្លៃណាមួយឡើយ បើមានអ្នកអនុវត្តខុសពីនេះ ពួកគេត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី និងចំពោះមុខច្បាប់។ សម្តេចថា មិនត្រូវធ្វើបុណ្យ១០០សំពៅ ហើយទោសមួយចូលទៅរលាយបាត់អស់នោះឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com