ជាតិ
ជប៉ុន ជួយ១៦ម៉ឺនដុល្លារ ដល់ពេទ្យនិងកងទ័ពជើងទឹក នៅខេត្តព្រះសីហនុ
30, Mar 2023 , 6:29 pm        
រូបភាព
ពិធីចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងជាង១៦ម៉ឺនដុល្លារ របស់ជប៉ុន។ រូបផ្ដល់ពី ស្ថានទូតជប៉ុន
ពិធីចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងជាង១៦ម៉ឺនដុល្លារ របស់ជប៉ុន។ រូបផ្ដល់ពី ស្ថានទូតជប៉ុន
ភ្នំពេញ៖ ជប៉ុនផ្ដល់ថវិកា១៦ម៉ឺនដុល្លារ សម្រាប់ទិញរថយន្តសង្គ្រោះបន្ទាន់និងពន្លត់អគ្គីភ័យ ចំនួន៤គ្រឿង ដើម្បីជួយដល់សង្គ្រោះពលរដ្ឋនៅជុំវិញតំបន់គិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តព្រះសីហនុ។

 
លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយឥតសំណង ស្ដីពីគម្រោងសន្តិសុខមនុស្សជាតិ គូសាណូណិ ទៅឱ្យគិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម។ កម្មវិធីផ្ដល់ជំនួយនេះ មានលោក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកនៅមូលដ្ឋានសមុទ្ររាម និងលោក ឡី សារិទ្ធ នាយកគិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម បានចូលរួមកាលពីថ្ងៃទី២៨មីនា ឆ្នាំ២០២៣។ 
 
បើតាមព័ត៌មានពីស្ថានទូតជប៉ុន រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន១៦៦ ៨៣៧ ដុល្លារ សម្រាប់ការធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់និងរថយន្តពន្លត់អគ្គិភ័យដែលប្រើប្រាស់រួច ដល់គិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម។ តាមរយៈការផ្តល់រថយន្តសង្គ្រោះបន្ទាន់ចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងនេះ ជប៉ុនរំពឹងថា គិលានដ្ឋានអាច បញ្ចូនអ្នកជំងឺសង្គ្រោះបន្ទាន់ទៅព្យាបាលបានច្រើននាក់ជាងមុន។ ជាមួយគ្នាដែរ រថយន្តក៏អាចពន្លត់អគ្គិភ័យធំៗ និងភ្លើងឆេះព្រៃផងដែរ។ លើសពីនេះ គម្រោងខាងលើ នឹងចូលរួមចំណែកក្នុងការធានាសុវត្ថិភាពដល់ប្រជាជនប្រមាណ២ម៉ឺននាក់ ដែលរស់នៅក្បែរគិលានដ្ឋាន។
 
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាអះអាងថា ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមនៅកម្ពុជា  តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំងជំនួយឥតសំណងបន្តទៀតផងដែរ។
 
សូមជម្រាបថា ចាប់ពីឆ្នាំ១៩៩១មក រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាច្រើនដល់កម្ពុជា តាមរយៈគម្រោងជាង៧០០ នៅទូទាំងប្រទេសកម្ពុជា៕ 
 

Tag:
 កម្ពុជា-ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com