ជាតិ
អ្នកនាំពាក្យ៖ ស្លាប់ម្នាក់,របួសធ្ងន់ម្នាក់ និង​ខូចខាតផ្ទះជាង៥០០ខ្នង ដោយសារ​ខ្យល់​កន្រ្តាក់នៅខែមីនា
31, Mar 2023 , 7:59 am        
រូបភាព
រយៈពេលខែ គ្រោះមន្តរាយបានធ្វើឱ្យប៉ះពាលដល់ខេត្តចំនួន៩។
រយៈពេលខែ គ្រោះមន្តរាយបានធ្វើឱ្យប៉ះពាលដល់ខេត្តចំនួន៩។
ដោយ:
ភ្នំពេញ៖ ខ្យល់កន្ត្រាក់ក្នុងខែមីនានេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្ទះចំនួន១០ខ្នង និង​៥០៧ខ្នងទៀត ខូចខាតមធ្យម​ នៅខេត្ត​ចំនួន ៩។ គ្រោះ​ខ្យល់​កន្រ្តាក់ក្នុង​ខែមីនានេះ ក៏​បណ្ដាល​ឱ្យ​មនុស្សស្លាប់ម្នាក់ និងម្នាក់​រង​របួស​ធ្ងន់ នៅខេត្ត​សៀមរាប​ កាល​ពីថ្ងៃទី​២៩ មីនា។



ខេត្តកោះកុង ព្រះសីហនុ កំពត ព្រះវិហារ ក្រចេះ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងខេត្ត​សៀមរាប បាន​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ខ្យល់​កន្រ្តាក់​នៅក្នុង​ខែមីនានេះ​។ លោក សុទ្ឋ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា នៅក្នុងខែមីនាឆ្នាំនេះ ខ្យល់កន្ត្រាក់បានប៉ះពាល់ដល់ពលរដ្ឋ ដោយខូចទ្រព្យសម្បត្តិមួយចំនួន និងបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ រងរបួសធ្ងន់ម្នាក់។ លោក បន្តថា គ្រោះខ្យល់​កន្រ្តាក់នេះ​ ក៏​ធ្វើឱ្យផ្ទះជាង១០ខ្នងខូចខាតធ្ងន់ធ្ងរ និងជាង៥រយខ្នងខូចខាត​មធ្យម។
  

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ។ រូបភាព៖ លោក គឹមកុលមុនី
 
អ្នកនាំពាក្យរូបនេះ បញ្ជាក់ដូច្នេះ៖ «យើងសរុបជារួមសិនទាក់ទងផលប៉ះពាល់ពេលថ្មីៗនេះ ប៉ុន្ដែទាក់ទងព័ត៌មានលម្អិតអាចចេញនៅចុងខែមីនា ចូលខែមេសា។ អ្វីដែលកត់សម្គាល់គឺខ្យល់កន្ត្រាក់ម្សិលមិញបណ្ដាលឱ្យមនុស្សស្លាប់ម្នាក់ រហួសធ្ងន់ម្នាក់។ លើសពីនេះ ផលដំណាំរងការខូចខាតនឹងត្រូវបញ្ជាក់ពេលក្រោយ»។
 
សូម​បញ្ជាក់ថា តាមក្រសួងធនធានទឹក និងឧតុនិយម ចាប់ថ្ងៃទី២៩-១ខែមេសា កម្ពុជានៅតែបន្តទទួលឥទ្ធិពលជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល។ ​ចំណែកនៅថ្ងៃ២-៤​ខែមេសាវិញ នឹងទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបពីចិន។ ស្ថានភាពបែបនេះ អាចធ្វើឱ្យតំបន់ខ្លះមានភ្លៀងកម្រិតបង្គួរទៅខ្សោយ ដោយមានលាយឡំជាមួយខ្យល់កន្រ្តាក់៕ 
 
 

Tag:
 ខ្យល់កន្រ្តាក់
  ប៉ះពាល់
© រក្សាសិទ្ធិដោយ thmeythmey.com