កីឡាអន្តរជាតិ
អន្តរជាតិ
Ferguson និង Wenger អតីតអ្នកចាត់ការដំបូងបំផុតជាប់ឈ្មោះក្នុង Premier League Hall of Fame
31, Mar 2023 , 8:29 am        
រូបភាព
​អតីតអ្នកចាត់ការក្រុម Manchester United លោក Sir Alex Ferguson និងអតីតអ្នកចាត់ការក្រុម Arsenal លោក Arsene Wenger ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីកត្តិយស ​Premier League Hall of Fame នាថ្ងៃទី២៩ ខែមីនា។ Premier League Hall of Fame បង្កើតឡើងដើម្បីផ្តល់ជាពានកិត្តិយសដល់កីឡាករ គ្រូបង្វឹក ដែលបានសាងស្នាដៃ និងភាពលេចធ្លោក្នុងអាជីពរបស់ពួកគេក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស។



លោក Ferguson វ័យ ៨១ឆ្នាំ គឺជាអ្នកចាត់ការជោគជ័យបំផុតក្នុងប្រត្តិសាស្ត្រក្របខណ្ឌ Premier League ជាមួយកំណត់ត្រាឈ្នះពានរង្វាន់ ១៣លើក។ 
 
ចំណែកលោក Wenger ធ្លាប់ដឹកនាំក្រុមកាំភ្លើងធំ ឈ្នះពានរង្វាន់ Premier League ចំនួន ៣លើក អំឡុងដឹកនាំរយៈពេល ២២ឆ្នាំ។ អ្នកចាត់ការសញ្ជាតិបារាំងរូបនេះ ក្នុងរដូវកាល ២០០៣-០៤ បានជួយ Arsenal បង្កើតរឿងរ៉ាវដ៏អស្ចារ្យបំផុត ដោយមិនស្គាល់បរាជ័យសោះក្នុងការប្រកួត Premier League។
 
អតីតអ្នកចាត់ការដ៏ល្បីឈ្មោះប្រចាំក្របខណ្ឌ Premier League ទាំង២រូប បានក្លាយជាអ្នកចាត់ការដំបូងគេបង្អស់ដែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីកត្តិយស Premier league Hall of Fame។
 
បញ្ជី Hall of Fame នៃក្របខណ្ឌ Premier League បានបង្កើតឡើងក្នុងឆ្នាំ ២០២១ ដោយមានឈ្មោះ David Beckham, Dennis Bergkamp, Eric Cantona, Thierry Henry, Roy Keane, Frank Lampard, Steven Gerrard និង Alan Shearer ត្រូវបានបញ្ចូលឈ្មោះដំបូងគេបង្អស់។
 
ចំណែកកាលឆ្នាំ ២០២២ អតីតកីឡាករ Sergio Aquero, Didier Drogba, Vincent Kompany, Wayne Rooney, Peter Schmeichel, Paul Scholes, Patrick Vieira និង Ian Wright ត្រូវបានដាក់បញ្ចូលក្នុងបញ្ជី Hall of Fame នេះផងដែរ។
 
លោក Ferguson អតីតអ្នកចាត់ការសញ្ជាតិស្កុតឡែន ដែលធ្លាប់ដឹកនាំបិសាចក្រហមចាប់តាំងពីឆ្នាំ ១៩៨៦ ដល់ ២០១៣ ដោយសម្រេចបានសមិទ្ធផលជាច្រើន បានបង្ហាញចំណាប់អារម្មណ៍មោទកភាពចំពោះការដាក់ញ្ចូលឈ្មោះខ្លួនក្នុងបញ្ជី Hall of Fame។
 
«វាជាកត្តិយសខ្លាំងណាស់ នៅពេលដែលអ្នកទទួលបានការទទួលស្គាល់បែបនេះ។ ទោះជាយ៉ាងណា វាមិនមែនសម្រាប់តែខ្ញុំជាមនុស្សម្នាក់នោះទេ។ វាគឺសម្រាប់អាជីពខ្ញុំនៅ Manchester United ហើយនេះជាចំណងដែលយើងមានជាច្រើនឆ្នាំ ដូច្នេះខ្ញុំក៏មានមោទកភាពសម្រាប់ក្លិប បុគ្គលិក និងកីឡាកររបស់ខ្ញុំ ហើយការងាររបស់ខ្ញុំគឺដើម្បីឱ្យអ្នកគាំទ្រសប្បាយចិត្ត ប្រវត្តិសាស្ត្រក្លិប។»។ លោក Ferguson បាននិយាយបែបនេះ។
 
ចំណែកលោក Wenger វ័យ ៧៣ឆ្នាំ ​ក្លាយជាអ្នកចាត់ការបរទេសដំបូងក្នុងឆ្នាំ ១៩៩៦ នៅ Premier League ដែលបានឈ្នះពានរង្វាន់លីគនៅក្នុងការដឹកនាំពេញមួយរដូវកាលដំបូងបង្អស់នៅ Arsenal។
 
មិនខុសពីអតីតអ្នកចាត់ Man United លោក Wenger ក៏មានក្តីរីករាយចំពោះការទទួលស្គាល់មួយនេះ។ លោក Wenger បាននិយាយដូច្នេះថា៖«មានឈ្មោះជាមួយ Sir Alex ជាកត្តិយសបំផុតសម្រាប់ខ្ញុំ វាប្រៀបដូចអ្នកប្រដាល់ ២នាក់ ដែលប្រជែងគ្នាតាំងពីយូមកហើយអ៊ីចឹង។ តែចុងក្រោយអ្នកទទួលបានការគោរព ហើយវាក៏ជាឱកាសល្អបំផុតដែលបានជួបគាត់ និងចែករំលែកសមិទ្ធផល និងរំលឹកការចងចាំអំពីការប្រកួតប្រជែងពីមុនៗមក។»៕
 
 

Tag:
 Sir Alex Ferguson
  Arsene Wenger
© រក្សាសិទ្ធិដោយ thmeythmey.com