កីឡាអន្តរជាតិ
អន្តរជាតិ
សុបិនត្រូវរលត់! កីឡាករឥណ្ឌូណេស៊ីខកចិត្ត បន្ទាប់ពីបាត់បង់សិទ្ធិធ្វើម្ចាស់ផ្ទះ U20 World Cup
31, Mar 2023 , 11:01 am        
រូបភាព
កីឡាករឥណ្ឌូណេស៊ី ព្រមទាំងអ្នកគាំទ្រ រងការខកចិត្ត​យ៉ាងខ្លាំងនៅថ្ងៃទី៣០ ខែមីនា បន្ទាប់ពីសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA​) ដកសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់ U20 World Cup ក្រោយមានរឿងរ៉ាវប្រឆាំងតវ៉ាការចូលរួមប្រកួតពីប្រទេសអ៊ីស្រាអែល​ និងការលុបចោលការចាប់ឆ្នោត។



ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានដឹកសិទ្ធិធ្វើជាម្ចាស់ផ្ទះ ចេញពីប្រទេសឥ​ណ្ឌូណេស៊ី កាលពីថ្ងៃទី២៩ មីនា ​លើបញ្ហាដែលមន្ត្រីឥណ្ឌូណេស៊ី បាននិយាយអំពីការលុបចោលការចាប់ឆ្នោតក្នុងកោះបាលី ​និងការគ្រប់គ្រងមិនបានល្អរបស់ម្ចាស់ផ្ទះ។ 
 
បើតាមកីឡាករបាល់ទាត់ឥណ្ឌូណេស៊ីម្នាក់ ដែលនឹងត្រូវលេងក្នុងការប្រកួតពានរង្វាន់ U20 World Cup នោះ បានស្តីបន្ទោសទៅកាន់អ្នកនយោបាយចំពោះការបរាជ័យដ៏ធំមួយនេះ។
«យើងបានលះបង់ពេលវេលារបស់យើង ការគិត ញឹសឈាម ប៉ុន្តែវាបានបរាជ័យភ្លាមៗ ដោយសារតែហេតុផលនយោបាយ។»។ ខ្សែប្រយុទ្ធក្រុមឥណ្ឌូណេស៊ី Rabbani Tasnim Siddiq បាននិយាយដោយបង្ហោះនៅលើបណ្តាញសង្គម Instagram បែបនេះ។
 
កីឡាករម្នាក់ទៀតឈ្មោះ Hokky Caraka និយាយដូច្នេះថា ​រូបគេបានបាត់បង់ឱកាសបំពេញគោលដៅក្នុងជីវិត ដើម្បីធ្វើឱ្យក្រុមគ្រួសារមានមោទកភាព ដោយការរកបានគ្រាប់បាល់នៅក្នុង U20 World Cup។
 
បន្ទាប់ពីមានបញ្ហាកើតឡើងយ៉ាងឆាប់រហ័សបែបនេះ សមាគមបាល់ទាត់ឥណ្ឌូណេស៊ី PSSI បានបញ្ជក់ថា ការបាត់បង់សិទ្ធិអាចប៉ះពាល់ដល់ឱកាសក្រុមជម្រើសជាតិ ក្នុងការចូលរួមប្រកួតពានរង្វាន់ FIFA ហើយនឹងការខាតបង់ផ្នែកសេដ្ឋកិច្ចយ៉ាងធំ​ ដែលមានតម្លៃប្រមាណខ្ទង់លានដុល្លារ។ 
 
ឥណ្ឌូណេស៊ីដែលមានសិទ្ធិធ្វើជាម្ចាស់ផ្ទះនោះ ក្រុមកីឡាករក៏ត្រូវបានជាប់ ក្នុងការប្រកួតដោយស្វ័យប្រវត្តិដែរ។
 
«យើងបានដុតបំផ្លាញក្តីសុបិនរបស់កូនៗរបស់យើង។»។ នេះបើតាមសម្តីលោក Nova Arianto ដែលជាគ្រូជំនួយរបស់ក្រុមអាយុក្រោម ២០ឆ្នាំ ឥណ្ឌូណេស៊ី៕​
 
 
 
 
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com