ជាតិ
សេដ្ឋកិច្ច
សេចក្តីព្រាងច្បាប់ថ្មីស្ដីពី «សារពើពន្ធ» ត្រូវបានរដ្ឋាភិបាលអនុម័ត
31, Mar 2023 , 2:08 pm        
រូបភាព
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី៣១មីនានេះ។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី៣១មីនានេះ។
សេចក្តីព្រាងច្បាប់ថ្មី«ស្ដីពីសារពើពន្ធ» ត្រូវបានអនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី៣១មីនានេះ។ ច្បាប់ថ្មីនេះ ត្រូវបានបង្កើតឡើង ក្នុងគោលដៅគ្រប់គ្រងការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ ចូលថវិកាជាតិ ដើម្បីទ្រទ្រង់ចំណាយរបស់រាជរដ្ឋាភិបាល។

 
បើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ការអនុម័តលើសេចក្តីព្រាងច្បាប់ថ្មីស្ដីពីសារពើពន្ធនេះគឺ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា និងយុទ្ធសាស្ត្រកៀរគរចំណូលរបស់រដ្ឋាភិបាល។ ច្បាប់នេះ នឹងជួយកម្ពុជាឱ្យសម្រេចគោលដៅ ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
 
រដ្ឋាភិបាល បានគិតគូរគ្រប់ជ្រុងជ្រោយលើទិដ្ឋភាពចំណូល សេដ្ឋកិច្ច និងសង្គមក្នុងរយៈពេលវែង ដែលទាមទារចាំបាច់ ឱ្យមានការរៀបចំកែទម្រង់ប្រព័ន្ធពន្ធដារ និងការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ស្ដីពីពន្ធដារមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ដោយឈរលើគោលការណ៍ចីរភាពកំណើនសេដ្ឋកិច្ច, ចីរភាពកំណើនចំណូល, ការប្រកួតប្រជែងដោយស្មើភាព និងយុត្តិធម៌ និងសមធម៌សង្គម។ លោក ផៃ ស៊ីផាន បានសរសេររៀបរាប់ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបែបនេះ បន្ទាប់ពីសេចក្តីព្រាងច្បាប់ថ្មី«ស្ដីពីសារពើពន្ធ»ត្រូវបានរដ្ឋាភិបាលអនុម័តទាំងស្រុង នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆាំ្ន២០២៣។ 
 
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បានបញ្ជាក់ថា ច្បាប់ស្ដីពីសារពើពន្ធ គឺមិនមែនជាការរៀបចំថ្មីឡើងវិញទាំងស្រុងនោះទេ ប៉ុន្ដែគឺធ្វើឡើងដើម្បីផ្តល់ភាពងាយស្រួលកែលម្អ បំពេញចន្លោះខ្វះខាត និងធានាបាននូវសង្គតិភាព ដោយប្រមូលផ្ដុំចងក្រងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្ដីពីពន្ធដារដែលមាននៅក្រោមក្រឹត្យ-ច្បាប់នានា និងច្បាប់ស្ដីពីសារពើពន្ធ ព្រមទាំងវិសោធនកម្មជាបន្ដបន្ទាប់ ក្នុងគោលបំណងផ្ដល់ភាពងាយស្រួលក្នុងការស្វែងរក និងអនុវត្ត។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានកែសម្រួល និងបំពេញបន្ថែមនូវបទប្បញ្ញតិ្ត ដែលមានភាពខ្វះចន្លោះ ដោយផ្អែកលើមូលដ្ឋានក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្ដីពីពន្ធដារជាធរមាន ការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងឧត្តមានុវត្តន៍អន្តរជាតិនានា។  
 
លោក ផៃ ស៊ីផាន បានបន្ថែមថា ច្បាប់ថ្មីនេះ ត្រូវបានដាក់បញ្ចូលនូវគោលការណ៍ទន់ភ្លន់ដើម្បីអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល សម្រាប់ការលើកទឹកចិត្តផ្នែកពន្ធដារមួយចំនួន ក្នុងករណីប្រទេសជាតិប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬគ្រោះអាសន្ន ឬតម្រូវការចាំបាច់បន្ទាន់នានា ដើម្បីធានាលំនឹងជីវភាព និងសុខុមាលភាពរបស់ប្រជាជន និងធានាប្រក្រតីភាព នៃកិច្ចដំណើរការសេដ្ឋកិច្ច និងសង្គម។ គោលការណ៍នេះធ្វើឡើង តាមរយៈការផ្ដល់ការអនុគ្រោះពន្ធអាករ ដោយបើកផ្លូវឱ្យរាជរដ្ឋាភិបាល អាចដាក់ចេញនូវក្របខ័ណ្ឌគតិយុត្ត សម្រាប់ដាក់ឱ្យអនុវត្តភ្លាម និងជាកម្មវត្ថុ នៃការធ្វើនិយ័តភាវូបនីយកម្មដោយច្បាប់ហិរញ្ញវត្ថុ នាពេលបន្ទាប់។
 
សេចក្តីព្រាងច្បាប់សារពើពន្ធថ្មីនេះ ក៏បានបើកផ្លូវឱ្យចូលរួមអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ស្របតាមការវិវត្ត នៃសង្គមសេដ្ឋកិច្ច និងបរិបទថ្មីៗនៃវិស័យធុរកិច្ច តាមរយៈការប្រើប្រាស់ប្រព័ន្ធបចេ្ចកវិទ្យាព័ត៌មានទំនើប ក្នុងការកៀរគរ និងគ្រប់គ្រងការប្រមូលចំណូល ដូចជាការចុះបញ្ជីតាមថ្នាលចេ្ចកវិទ្យាព័ត៌មាន, ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធតាមអនឡាញ ក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាជូនអ្នកជាប់ពន្ធឱ្យមានភាពសាមញ្ញ និងងាយស្រួលក្នុងការបង់ពន្ធ ព្រមទាំងធានបានានូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រមូលចំណូល។
 
សូមជម្រាបថា សេចក្តីព្រាងច្បាប់ថ្មីស្ដីពីសារពើពន្ធនេះ  មានចំនួន៧ជំពូក ចែកចេញជា១៥៥មាត្រា បូករួមទាំងបទប្បញ្ញតិ្ត ស្ដីពីសារពើពន្ធដទៃទៀត ដែលនៅរប៉ាត់ប៉ាយក្រៅពីច្បាប់ស្ដីពីសារពើពន្ធ។
 
សេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធ ដែលត្រូវបានរៀបចំរួចរាល់ចប់សព្វគ្រប់នេះ មានចំនួនដល់ទៅ ២០ជំពូក និង២៥៥មាត្រា ដោយសារជាការរួមបញ្ចូលគ្នា នូវច្បាប់ស្ដីពីសារពើពន្ធជាធរមាន និងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ស្ដីពីពន្ធដារដែលនៅរប៉ាត់ប៉ាយទាំងអស់ ហើយបន្ថែមដោយមាត្រាថ្មីមួយចំនួន ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត។ ដោយឡែកចំពោះផ្នែកទោសទណ្ឌ ក៏ត្រូវបានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់ និងបានកែសម្រួលរួចរាល់ហើយ បន្ទាប់ពីមានធាតុចូលពីក្រសួងយុត្តិធម៌ និងកិច្ចពិភាក្សាសម្របសម្រួលបន្ថែមចុងក្រោយ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ៕
 

Tag:
 ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com