អន្តរជាតិ
របាយការណ៍៖ កូរ៉េខាងជើងប្រហារជីវិតប្រជាជនផ្សព្វផ្សាយវីដេអូកូរ៉េខាងត្បូង និងអ្នកប្រើគ្រឿងញៀន 
×![]()
កូរ៉េខាងជើងប្រហារជីវិតចំពោះអ្នកប្រើថ្នាំញៀន អ្នកចែករំលែកប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង និងអ្នកធ្វើសកម្មភាពសាសនា ស្របពេលប្រទេសមួយនេះបន្តរារាំងសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋដែលត្រូវបានចាត់ទុកជាគូប្រជែងរបស់ថ្នាក់ដឹកនាំ។ កូរ៉េខាងត្បូង បានអះអាងក្នុងរបាយការណ៍មួយនាថ្ងៃទី៣០ ខែមីនាបែបនេះ។
ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េផ្អែកលើរបាយការណ៍ ៤៥០ ទំព័រស្តីពីសក្ខីកម្មដែលប្រមូលបានពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ ពីជនជាតិកូរ៉េខាងជើងជាង ៥០០ នាក់ដែលបានភៀសខ្លួនពីស្រុកកំណើតរបស់ពួកគេ។
«សិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋកូរ៉េខាងជើងហាក់ដូចជាត្រូវបានគំរាមកំហែងយ៉ាងខ្លាំង»។ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងលើកឡើងក្នុងរបាយការណ៍ខាងលើបែបនេះរួចបន្តថា ការ កាត់ទោសប្រហារជីវិតត្រូវបានអនុវត្តយ៉ាងទូលំទូលាយ ចំពោះទង្វើដែលមិនបង្ហាញអំពីភាព ត្រឹមត្រូវក្នុងការឈានទៅដល់ទោសប្រហារជីវិត ដែលរួមមានទាំងឧក្រិដ្ឋកម្មគ្រឿងញៀន ការចែកចាយវីដេអូរបស់កូរ៉េខាងត្បូង និងសកម្មភាពសាសនា និងអបិយជំនឿ។
របាយការណ៍ដដែលនេះបានផ្តល់ព័ត៌មានលម្អិតអំពីការរំលោភសិទ្ធិដឹកនាំដោយរដ្ឋ ដែលរីក រាលដាលនៅក្នុងសហគមន៍ ជំរុំពន្ធនាគារ និងកន្លែងផ្សេងទៀត រួមទាំងការប្រហារជីវិតជា សាធារណៈ ការធ្វើទារុណកម្ម និងការចាប់ខ្លួនតាមអំពើចិត្ត។ ក្រសួងបាននិយាយថា ការស្លាប់ និងការធ្វើទារុណកម្មកើតឡើងជាទៀងទាត់នៅក្នុងមន្ទីរ ឃុំឃាំង ហើយមនុស្សមួយចំនួន ត្រូវបានប្រហារជីវិតភ្លាមៗ បន្ទាប់ពីត្រូវបានចាប់បានថា ព្យាយាមឆ្លងព្រំដែន។
របាយការណ៍នេះបានកើតឡើងនៅពេលដែលកូរ៉េខាងត្បូងស្វែងរកការលើកឡើងពីការ បរាជ័យរបស់ប្រទេសជិតខាងឯកោមួយនេះក្នុងការធ្វើឱ្យលក្ខខណ្ឌរស់នៅរបស់ប្រជាជន ប្រសើរឡើងខណៈពេលដែលកំពុងប្រកួតប្រជែងដើម្បីបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ និង មីស៊ីល។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន សុកយ៉ល បាននិយាយថា របាយការណ៍នេះគួរតែជូន ដំណឹងដល់សហគមន៍អន្តរជាតិអំពីការរំលោភបំពានដ៏អាក្រក់របស់កូរ៉េខាងជើង ហើយកូរ៉េ ខាងជើងសមនឹងមិនទទួលបានសូម្បីតែមួយកាក់នៃជំនួយសេដ្ឋកិច្ចខណៈពេលដែលប្រទេសនេះបន្តមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com