អន្តរជាតិ
អគ្គរដ្ឋទូតរុស្ស៊ី៖ ក្រុងមូស្គូ និងក្រុងភ្នំពេញ គួរបន្តកិច្ចសហប្រតិបត្តិការដោយផ្អែកលើមិត្តភាពយូរអង្វែង 
លោក Anatoly Borovik អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា (ខាងស្តាំ) ជាមួយវរនាវីឯក Vitaly Luchshev អនុព័ន្ធយោធាប្រចាំនៅស្ថានទូតរុស្ស៊ី នៅថ្ងៃទី៣១ ខែមីនា។ រូបភាព Thmey Thmey
×![]()
រុស្ស៊ី និងកម្ពុជា គួរតែបន្តកិច្ចសហប្រតិបត្តិការដោយផ្អែកលើមិត្តភាពយូរអង្វែង។ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាលោក Anatoly Borovik បានបញ្ជាក់បែបនេះ នៅថ្ងៃទី៣១ ខែមីនា។
ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជានៅថ្ងៃទី៣១ ខែមីនា បានរៀបចំសន្និសីទសារព័ត៌មានមួយក្រោមប្រធានបទ «ទំនាក់ទំនងរុស្ស៊ី-កម្ពុជា និងប្រធានបទពាក់ព័ន្ធនឹងគោលនយោបាយការបរទេសរុស្ស៊ី»។ នៅចំពោះមុខអ្នកសារព័ត៌មានក្នុងស្រុក លោក Anatoly Borovik អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា បានលើកឡើងពីបញ្ហាជាច្រើន ក្នុងនោះមានដូចជាបញ្ហានៅអ៊ុយក្រែន សាលដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លើលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងបញ្ហាទំនាក់ទំនងកម្ពុជា-រុស្ស៊ីជាដើម។
«យើងជឿជាក់ថា គួរតែបន្តកិច្ចសហប្រតិបត្តិការរុស្ស៊ី-កម្ពុជា ដោយផ្អែកលើមិត្តភាពដ៏យូរអង្វែង»។ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាបានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ក្នុងបរិបទបែបនេះ អន្តរកម្មរបស់រុស្ស៊ី គឺផ្អែកលើប្រព័ន្ធពហុភាគី។ មិនតែប៉ុណ្ណោះ លោក Borovik បានយល់ថា កិច្ចសហប្រតិបត្តិការរុស្ស៊ី-កម្ពុជា គឺសំខាន់ណាស់នៅក្នុងក្របខណ្ឌអាស៊ាន ដោយសារកម្ពុជា នៅតែបន្តជាប្រទេសសម្របសម្រួលភាពជាដៃគូសន្ទនារវាងរុស្ស៊ី និងអាស៊ាន។
លោកអគ្គរដ្ឋទូតរុស្ស៊ី បានបន្ថែមថា រុស្ស៊ី បានចាត់ទុកការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច មានសារៈសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងរុស្ស៊ី។ មិនតែប៉ុណ្ណោះ ស្ថានទូតរុស្ស៊ី ក៏បានដើរតួនាទី ក្នុងការជួយអ្នកតំណាងធុរកិច្ចប្រទេសកម្ពុជា និងរុស្ស៊ី ក្នុងការបង្កើតទំនាក់ទំនងផងដែរ។
ទន្ទឹមនេះ លោក Borovik បានទទួលស្គាល់ថា ទណ្ឌកម្មរបស់លោកខាងលិច បានធ្វើឱ្យមានភាពស្មុគស្មាញនៅក្នុងទំនាក់ទំនងកម្ពុជា-រុស្ស៊ី ដូចជាពាណិជ្ជកម្ម និងធុរកិច្ចជាដើម។
ទាក់ទិននឹងជំហររបស់កម្ពុជាលើបញ្ហាអ៊ុយក្រែន ប្រេសិតរុស្ស៊ីរូបនេះ បានអះអាងថា រុស្ស៊ី បានបន្តពន្យល់កម្ពុជាច្រើនដងរួចមកហើយ ជុំវិញបញ្ហាកើតឡើងនៅអ៊ុយក្រែន និងប្រតិបត្តិការយោធាពិសេសរបស់ខ្លួន។
តាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ទំហំពាណិជ្ជកម្មរបស់កម្ពុជា និងរុស្ស៊ីនៅក្នុងឆ្នាំ២០២១ មានចំនួនច្រើនជាង ៩៤,១៨លានដុល្លារ។ ផ្អែកតាមទិន្នន័យនេះ កម្ពុជានាំចេញទៅរុស្ស៊ីមានទំហំ ៥៩,៥៤លានដុល្លារ ខណៈរុស្ស៊ីនាំមកកម្ពុជាមានទំហំ ៣៤,៦៤លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com