អន្តរជាតិ
សភាតួកគីផ្តល់សច្ចាប័នលើការចូលជាសមាជិកអង្គការណាតូរបស់ហ្វាំងឡង់ តែនៅស៊ុយអែត
31, Mar 2023 , 4:59 pm        
រូបភាព
សភាតួកគី បោះឆ្នោតលើការចូលជាសមាជិករបស់ហ្វាំងឡង់ទៅក្នុងអង្គការណាតូ។ រូបភាព AFP
សភាតួកគី បោះឆ្នោតលើការចូលជាសមាជិករបស់ហ្វាំងឡង់ទៅក្នុងអង្គការណាតូ។ រូបភាព AFP
 សភាតួកគី នៅថ្ងៃទី៣០ ខែមីនា បានសម្រេចផ្តល់សច្ចាប័នលើការចូលជាសមាជិកអង្គការណាតូដល់ ហ្វាំងឡង់ ​ខណៈដែលសង្រ្គាមកំពុងឆាបឆេះនៅអ៊ុយក្រែន។ បើទោះដាក់ពាក្យស្នើសុំចូលជាសមាជិកជាមួយគ្នាមែន ប៉ុន្តែស៊ុយអែតនៅមិនទាន់ទទួលបានការផ្តល់សច្ចាប័នលើការចូលជាសមាជិកអង្គការណាតូពីតួកគីនៅឡើយ។

 
សភាតួកគី ជាសមាជិកអង្គការណាតូចុងក្រោយក្នុងចំណោមសមាជិកទាំង ៣០​ ដែលផ្តល់សច្ចាប័នលើសមាជិកភាពរបស់ហ្វាំងឡង់ បន្ទាប់ពីសភាហុងគ្រីបានអនុម័តការចូលជាសមាជិកថ្មី នៅពីដើមសប្តាហ៍នេះ។
 
តាមការលើកឡើងរបស់ប្រធានាធិបតីតួកគី លោក តៃយីប អ៊ែរដូហ្កាន់ កាលពីដើមខែមីនា ហ្វាំងឡង់បានអនុវត្តវិធានការជាក់ស្តែងដែលស្នើដោយតួកគីពីការការបង្ក្រាបក្រុមដែលទីក្រុងអង់ការ៉ាចាត់ទុកជាក្រុមភេរវករ។
 
ក្រោយការបោះឆ្នោតរបស់សភាតួកគី រដ្ឋាភិបាលហ្វាំងឡង់នៅក្នុងសេចក្តីថ្លែងការណ៍មួយបានលើកឡើងថា សមាជិកភាពអង្គការណាតូនឹងពង្រឹងសន្តិសុខរបស់ហ្វាំងឡង់និងធ្វើឱ្យប្រសើរឡើងនូវស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់សមុទ្របាល់ទិក និងអឺរ៉ុបខាងជើង។ 
 
បើទោះបីជាបានផ្តល់សច្ចាប័នលើការចូលជាសមាជិកអង្គការណាតូរបស់ហ្វាំងឡង់មែន ប៉ុន្តែសភាតួកគីនៅតែមិនទាន់ព្រមព្រៀងឱ្យស៊ុយអែតចូលរួមជាមួយសម្ព័ន្ធភាពយោធានេះនៅឡើយ។ ទីក្រុងអង់ការ៉ាបានសង្កត់ធ្ងន់ថា ស៊ុយអែតនៅមិនទាន់បានបំពេញតាមសំណើរបស់ខ្លួនគ្រប់គ្រាន់ក្នុងការបង្រ្កាបក្រុមដែលតួកគីចាត់ទុកជាក្រុមភេរវករ។
 
គួរបញ្ជាក់ថា វាំងឡង់ និងស៊ុយអែតបានស្នើសុំចូលជាសមាជិកអង្គការណាតូកាលពីឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ប៉ុន្តែដំណើរការនេះកន្លង​មកត្រូវបានតួកគី និងហុងគ្រីរារាំង ខណៈការទទួលសមាជិកថ្មីរបស់អង្គការណាតូត្រូវការការយល់ព្រមពីសមាជិកអង្គការណាតូទាំងអស់​។​ 
 
កន្លងមក តួកគីបាននិយាយម្តងហើយម្តងទៀតថា ស៊ុយអែតត្រូវតែចាត់វិធាន​ការបន្ថែមប្រឆាំងនឹងអ្នកគាំទ្រពួកសកម្មប្រយុទ្ធឃឺដ និងសមាជិកនៃបណ្តាញអង្គការភេរវករដែលប៉ុនប៉ងធ្វើរដ្ឋប្រហារនៅតួកគីកាលពីឆ្នាំ២០១៦។ កិច្ចពិភាក្សារវាងស៊ុយអែត និងតួកគី មានកន្លងមកការរីកចម្រើនតិចតួច ដោយភាគីទាំងពីរមានការប៉ះទង្គិចគ្នាជាហូរហែរ៕
 

Tag:
 តួកគី
  ណាតូ
  ហ្វាំងឡង់
  ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com