ជាតិ
គួរខឹង​ឬ ប្រតិកម្មនឹងពាក្យថា «ក្រ»?
01, Apr 2023 , 3:24 pm        
រូបភាព
ភ្នំពេញ៖​ តើ​ទម្លាប់​មួយ​ចំនួនពិត​ជា ​ដើម​ហេតុ​នាំ​ឱ្យ​​មនុស្ស​ក្រ​មែន​ឬ​? ចុះ​បើ​ក្រហើយ​​ តើ​ជា​កំហុសទេ​? តើអ្នក​​គួរ​តែ​ឈឺ​ចាប់​ទេ នៅ​ពេល​មាន​នរណា​ម្នាក់​ថា​អ្នក​ក្រ ដោយ​សារ​តែទង្វើ​ប្រចាំ​ថ្ងៃ​របស់​អ្នក​​?



ប៉ុន្មានថ្ងៃចុងក្រោយនេះ សាធារណជនជាច្រើន បាននាំគ្នាខឹង និងប្រតិកម្មចំពោះនិយមន័យពាក្យ« អ្នកក្រ» តាមរយៈការបកស្រាយរបស់អ្នកជំនួញ ដែលចែករំលែកពីភាពជោគជ័យក្នុងការរកស៊ីពួកគេ។ អ្នកជំនួញទាំងនោះ បានលើកឡើងពីរបៀបគិតរបស់អ្នកជំនួញ ឬអ្នករកស៊ីជោគជ័យ ធៀបទៅនឹងការគិតរបស់ពលរដ្ឋដែលមានជីវភាពក្រីក្រ។
 
ត្រង់នេះ យើងសូមលើកឡើងយកពាក្យខ្លះៗរបស់អ្នកជំនួញជោគជ័យ ដែលនិយាយពីការគិតរវាងអ្នកមាន និងអ្នកក្រីក្រ ថា អ្នកក្រហូបបាយហើយសម្លឹងឃើញកន្លែងគេង ខណៈអ្នកមាន ឬអ្នកជំនួញ ញាំបាយយ៉ាងប្រញាប់ប្រញាល់ ដើម្បីទៅជួបភ្ញៀវ និងដៃគូរកស៊ី, អ្នកក្រគិតតែរឿងស្រងេះស្រងោច (Drama) ស្របពេលអ្នកមាន ឬអ្នកជំនួញ គិតពីគម្រោង និងផែនការអាជីកម្មរកស៊ី , អ្នកក្រជុំគ្នាផឹកស៊ី នាពេលព្រឹកឡើង ខណៈអ្នកមានទ្រព្យ រត់ហាត់ប្រាណ ដើម្បីសុខភាពល្អ មានកម្លាំងបំពេញការងារពួកគេជាដើម។
 
ការលើកឡើងទាំងនេះ គេមិនអាចសន្មត់ថា វាត្រូវ ឬខុស ទាំងស្រុងនោះទេ។ ប៉ុន្តែវាក៏ជាគំនិតមួយ គួរពិចារណាដែរ។ តាមពិតទៅអ្នកមាន អ្នកជំនួញ និងអ្នករកស៊ីទាំងនោះ គ្រាន់តែចង់ចែករំលែកបទពិសោធន៍ និងរបៀបរស់នៅ សកម្មភាព និងការគិតបែបល្អៗ ដើម្បីឈានទៅភាពជោគជ័យ ដែលពួកគេធ្លាប់បានអនុវត្តកន្លងមក ទៅដល់សាធារណជនប៉ុណ្ណោះ។ ប៉ុន្តែដោយសារសង្គមខ្មែរ ជាពិសេសប្រវត្តិសាស្រ្ត ធ្លាប់មានការបែងចែកវណ្ណៈ រវាងមន្ត្រី អភិជន សេដ្ឋី និងអ្នកក្រ ហើយក៏មានរងការរជិះជាន់ កៀបសង្កត់ពីសំណាក់អ្នកមាន លើអ្នកក្រនោះ ទើបធ្វើឱ្យរូបភាពទាំងនោះ ដក់នៅជាប់អារម្មណ៍ពួកគេ រហូតដល់និយាយពាក្យ«អ្នកក្រ» សឹងតែមិនបាន។ នោះក៏ព្រោះតែពលរដ្ឋ ភាគច្រើនចាត់ទុកថា ជាការរើសអើងវណ្ណៈ។ 
 
រឿងរ៉ាវប្រវត្តិសាស្រ្តទាំងនេះ យើងទុកមួយអន្លើសិនចុះ។ យើងងាកមកបញ្ហាសង្គម នៃការប្រតិកម្មចំពោះការប្រៀបធៀប ពីសកម្មភាពប្រចាំថ្ងៃរវាងអ្នកមាន និងអ្នកក្រ ដែលកំពុងកក្រើកបណ្ដាញសង្គមនេះវិញ។
 
​សំណួរ​សួរ​ថា ​តើ​ទម្លាប់​មួយ​ចំនួន ពិត​ជា​ដើម​ហេតុ​នាំ​ឱ្យ​​មនុស្ស​ក្រ​មែន​ឬ​? ជាការពិតទម្លាប់អាក្រក់ក្នុងការរស់នៅខ្លះ ពិតជាអាចធ្វើឱ្យមនុស្ស ធ្លាក់ខ្លួនទៅស្ថានភាពលំបាក និងមិនអាចរីកចម្រើនបានឡើយ បើសិនជាពួកគេខ្វះការយកចិត្តទុកដាក់លើចំណុចទាំងនោះ។
 
ត្រង់នេះ គេឧស្សាហ៍ឃើញញឹកញយណាស់ ពេលប្តីទៅធ្វើការដោយទទួលបានប្រាក់ខែសមរម្យ ឬតិចតួច ឯប្រពន្ធនៅផ្ទះវិញ អង្គុយជុំគ្នានិយាយដើមគេ ក្រៅពីការងារផ្ទះ, ហើយក៏មានដែរ ប្តីផឹកស៊ីរាល់ថ្ងៃ ខណៈប្រពន្ធលេងល្បែង, រីឯអ្នកខ្លះទៀត រកបានតិចតួច ក៏គិតថា គ្រប់គ្រាន់សម្រាប់ជីវភាពពួកគេ។ អ្នកខ្លះទៀត ចាយវាយមិនចេះសន្សំសំចៃ ចាយវាយលើសចំណូល។ ចំពោះទម្លាប់ខ្ជិលច្រអូស អវិជ្ជា មិនប្រឹងប្រែងធ្វើការប្រចាំថ្ងៃ ក៏ជាដើមចមដែរ។ ចំណុចទាំងនេះ អ្នកខ្លះបានដឹង ហើយក៏បានកែប្រែទម្លាប់វិញ ។ ចំណែកអ្នកខ្លះទៀត មិនទទួលស្គាល់ការពិតនោះទេ។
 
តែបើសួរថា តើជីវភាពមាន​និង​ក្រ ​អាចកំណត់តាមសកម្មភាព និងរូបភាពទាំងនេះបានទេ? វាច្បាស់ណាស់គឺមិន​អាច​កំណត់​ត្រឹម​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​ទាំង​ស្រុងបាន​ឡើយ​។ នោះក៏តែព្រោះមនុស្សយើងម្នាក់ៗ អាចសម្រេចគោលដៅ ទៅតាមពេលវេលាខុសគ្នា។ យើងអាចឱ្យជាឧទាហរណ៍ថា អ្នកខ្លះ មានវ័យ២៥ឆ្នាំ ឬ៣០ឆ្នាំ ក៏ក្លាយជាម្ចាស់ក្រុមហ៊ុន និងសហគ្រាស ខណៈអ្នកខ្លះ ចំណាយពេលដល់៥០ឆ្នាំ​ ទៅ៦០ឆ្នាំ ទើបក្លាយជាម្ចាស់ក្រុមហ៊ុនមួយ។ លទ្ធផលទាំងនេះ កើតចេញពីការប្រឹងប្រែង និងចំណេះវិជ្ជារបស់ពួកគេ ប្រៀបដូចជាឃ្លាមួយ ក្នុងច្បាប់ក្រមង៉ុយ បានតាក់តែងថា៖ 
 
«…ដេកគិតដើរគិត ជួញជិតជួញឆ្ងាយ បើចង់សប្បាយ ស្រេចតែមានទ្រព្យ។
សម័យពីមុន រកស៊ីរែកពុន មានក្រតាមភ័ព្ទ
សម័យឥឡូវ ខំប្រឹងឱ្យញាប់ តែខ្ជិលច្រើនជាប់
ខ្នោះជើងខ្នោះដៃ។
តាំងពីឆ្នាំច ចាំជាតំណរ ទំនិញឡើងថ្លៃ
ចងក្បិនឱ្យតឹង ប្រឹងកុំសំចៃ សញ្ជឹងយប់ថ្ងៃ
កុំឱ្យក្រខ្សត់។
បើចង់ស្រាលខ្លួន រៀនសូត្រឱ្យមួន ឱ្យមាំឱ្យស្ទាត់
កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ
ប្រាក់រត់តាមហៅ…»។
 
នេះជាបណ្ដាំក្រមង៉ុយ ដែលចងក្រងសម្រាប់ទូន្មានកូនចៅជំនាន់ក្រោយ ឱ្យប្រឹងប្រែងរកស៊ី ដោយកុំខ្លាចនឿយហត់។ ប៉ុន្តែភាពជោគជ័យទាំងនោះ ក៏ទំនងអាស្រ័យលើភ័ព្ទសំណាង និងជោគវាសនាគួបផ្សំគ្នាដែរ ដូចចែងក្នុងច្បាប់ក្រមង៉ុយខាងលើ។ អ្នកខ្លះខំ​ប្រឹង​ប្រែងធ្វើ​ការ​ ទាំង​ថ្ងៃ​ទាំង​យប់​ ធ្វើ​ការ​ងារ​ពេញ​​ម៉ោង​ផង​ ក្រៅ​ម៉ោង​ផង និង​ឆ្លៀត​បង្កើត​មុខ​របរ​​បន្ថែម​ផង ប៉ុន្តែបែរ​ជា​ខាត​ចុង​ខាត​ដើម ជំពាក់បំណុលគេ ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​​ក្រ​​លំបាក​​​។ តែអ្នកខ្លះទៀត ប្រឹងលក់មីឆា លត់ឆា និងកាហ្វេ តាំងពីតូបតូចមួយ រហូតដល់ពង្រីកបានហាង ៣ទៅ៤កន្លែង។ នោះក៏ព្រោះគេមានសម្ពាយបុណ្យ និងភ័ព្ទសំណាង។ នេះបើគិតតាមបែបជំនឿ។
 
និយាយត្រង់ជោគវាសនានេះ គេអាចមើលឃើញឈុតឆាកក្នុងសាច់រឿងមួយ ក្នុងរឿង«សាមកុក» ត្រង់ចំណុច ជូ កឺលៀង ទីប្រឹក្សាខ្លាំងពូកែម្នាក់របស់លីប៉ី រៀបចំក្បួនសម្លាប់ ស៊ឺម៉ាអ៊ី ទីប្រឹក្សាពូកែរបស់ ឆាវ ឆាវ នៅក្នុងជុំរំស្បៀងអាហារមួយ ដោយការប្រើប្រាស់ភ្លើងដុតទីនោះ ដើម្បីស្ដារាជវង្ស ហាន ឡើងវិញ។ ស្រាប់តែភ្លើងកំពុងឆេះសន្ធោរសន្ធៅនោះ ក៏មានភ្លៀងធ្លាក់ចុះមក ធ្វើឱ្យភ្លើងនោះរលត់វិញ។ ជូ កឺលៀង ខឹងរហូតក្អួតឈាម ហើយបាននិយាយថា «អ្វីដែលខ្ញុំត្រូវប្រឹងប្រែងធ្វើ គឺខ្ញុំបានធ្វើអស់ហើយ នៅឡើយតែព្រហ្មលិខិត»។ ចុងក្រោយ ជូ កឺលៀង ក៏ឈឺស្លាប់ទៅ។
 
សរុបមកវិញ អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដុម្ភ កើតចេញពីការខិតប្រឹងប្រែងឥតសំចៃ ភាពវៃឆ្លាតរបស់បុគ្គលម្នាក់ៗ ដោយទំនងបូករួមទាំងកុសលផលបុណ្យ និងភ័ព្ទសំណាងរបស់ពួកគេផងដែរ។ នេះបើគិតតាមអបិយជំនឿ ព្រោះគេអាចឃើញបានថា រាល់អ្នករកស៊ី និងជំនួញធំៗ តែងតែរកគ្រូហុងស៊ុយ មើលទីតាំងរកស៊ី និងរៀបចំអាសនគ្រូ និងច្រកទ្វារ ចេញ-ចូល តាមក្បួនរាសីរបស់ពួកគេជាដើម។ នេះមិនទាន់រាប់បញ្ចូលការសូត្របាលីរកស៊ីទៀតផង។​
 
ត្រឡប់មកវិញ ការចែករំលែកពីបទពិសោធន៍ របៀបរកស៊ី និងការគិតរវាងអ្នកមាន និងអ្នកក្រនេះ វាគ្រាន់តែជាអាហារចំណេះដឹងបន្ថែមទៀត សម្រាប់ជាគំនិតដល់ពលរដ្ឋ និងយុវជន ដើម្បីជាមាគ៌ាមួយឆ្ពោះទៅរកភាពថ្កុងថ្កើង ក្នុងជីវិតប៉ុណ្ណោះ។ ដ្បិតមានការខឹង និងប្រតិកម្មចំពោះពាក្យថា «អ្នកក្រ» ក្តី តែអ្នកជំនួញទាំងនោះ គួរតែបន្តចែករំលែកពីបទពិសោធន៍ និងចំណេះដឹងល្អៗថែមទៀត។ ប៉ុន្តែរាល់ការប្រៀបធៀបរវាងគំនិតអ្នកមាន និងអ្នកក្រនេះ ត្រូវប្រុងប្រយ័ត្ននូវការប្រើប្រាស់ភាសាសម្ដីបន្តិច ព្រោះពាក្យខ្មែរខ្លះ ស្ដាប់ទៅដូចជាស្រាល តែអត្ថន័យមុតស្រួច ដូចកាំបិតចាក់ចំដើមទ្រូង។
 
ដោយឡែកពលរដ្ឋ ដែលជួបស្ថានភាពលំបាក និងមិនសូវធូរធារ កុំឆាប់ខឹង និងប្រតិកម្មខ្លាំង នៅពេលមានអ្នកណាម្នាក់ ចែករំលែកចំណេះដឹង និងគំនិតនេះ។ ជាពិសេសកុំខឹង និងប្រតិកម្ម ដោយសារតែអារម្មណ៍មិនពេញចិត្តបុគ្គលនោះ ជាអ្នកមានទ្រព្យស្ដុកស្ដម្ភ។ ម្យ៉ាងវិញទៀត ពលរដ្ឋប្រតិកម្មតៗគ្នា លើវីដេអូដែលត្រូវបានគេកាត់ឃ្លីបខ្លីៗ មកបង្ហោះលើហ្វេសប៊ុកនេះ ក៏មិនត្រឹមត្រូវដែរ ព្រោះវីដេអូខ្លីៗខ្លះ អាចបាត់ន័យដើមទាំងស្រុងរបស់អ្នកអត្ថាធិប្បាយ។ 
 
លើសពីនេះទៀត ទូទាំងពិភពលោក ភាគច្រើនមានតែអ្នកជំនួញធំៗ សេដ្ឋីស្ដុកស្ដុម្ភទេ ទើបអាចចែករំលែកបទពិសោធន៍ និងចំណេះដឹងនៃការរកស៊ីជោគជ័យនេះបាន ។ ហើយពលរដ្ឋ ក៏ទំនងមិនអាចអង្គុយស្ដាប់ពលរដ្ឋក្រីក្រ និយាយពីភាពជោគជ័យបានឡើយ ក្រៅពីជីវភាពលំបាកពួកគេ។
 
ដូច្នេះពលរដ្ឋ និងយុវជន គួរតែស្ដាប់ពីការចែករំលែកចំណេះដឹង និងបទពិសោធន៍អ្នកជំនួញ និងសេដ្ឋីទាំងនោះ ប្រកបដោយការពិចារណា ដើម្បីអាចទទួលបានពុទ្ធិ និងគុនអាវុធចំណេះដឹងបន្ថែម សម្រាប់ផ្លូវជីវិតខ្លួនឯង។ «ចំណុចណាល្អ ត្រូវយកមកទុកខ្លួន។ ចំណុចណាអាក្រក់ ចាត់ទុកជាមេរៀន ហើយបើមិនចាំបាច់នោះ ស្ដាប់ហើយ បោះចោលទៅ!»៕  
 

Tag:
 សង្គម​
  អ្នក​ក្រ
  អ្នក​មាន​
  ទស្សនៈ​
© រក្សាសិទ្ធិដោយ thmeythmey.com