ជាតិ
ឆ្នាំនេះ រដ្ឋបាលខេត្តរតនគិរី រៀបចំសង្រ្កាន្តឆ្នាំថ្មី២០២៣ រយៈពេល៧ថ្ងៃ 
រូបភាពពីរដ្ឋបាលខេត្តរតនគិរី
×![]()
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំសង្រ្កាន្តឆ្នាំថ្មី២០២៣ រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១០-១៦ ខែមេសា នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ប្រាប់សារព័ត៌មាន Thmey Thmey 25 ថា ការរៀបចំរយៈពេលយូរនេះ ដើម្បីផ្ដល់ភាពរីករាយដល់ពលរដ្ឋ និងភ្ញៀវទេសចរអាចចូលរួមកម្សាន្តនៅថ្ងៃណាមួយ ក្នុងរយៈពេល៧ថ្ងៃនេះ។
រដ្ឋបាលខេត្តរតនគិរី កំពុងមមាញឹករៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី២០២៣ ។ សង្រ្កាន្តរតនគិរី ឆ្នាំនេះ មានរយៈពេលវែងជាងឆ្នាំមុន គឺចាប់ពីថ្ងៃទី១០-១៦ ខែមេសា នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី លើកឡើងថា ក្នុងព្រឹត្តិការណ៍នេះ នឹងមានកម្មវិធីបែបសាសនា ប្រពៃណី ការលេងល្បែងប្រជាប្រិយ រួមទាំងការប្រគំតន្រ្តី និងការបាញ់កាំជ្រួចជាដើម។

រូបភាពពីរដ្ឋបាលខេត្តរតនគិរី
«ខ្ញុំជឿថា នឹងមានការចូលរួមច្រើន ព្រោះអីយើងបានផ្សព្វផ្សាយតាមតុកាហ្វេ និងពលរដ្ឋទូទៅ។ អ្នកខ្លះ គាត់ថា ដូចជាមិនចាំបាច់ទៅណាទៀតទេ ទៅឆ្ងាយត្រូវចំណាយ។ ណាមួយ នៅក្រុងបានលុង មានរៀបចំសង្រ្កាន្តដែរ»។ លោក ញ៉ែម សំអឿន ប្រាប់ដូច្នេះ។
បើតាមអភិបាលខេត្ត ក្នុងកម្មវិធីនេះ ក៏មានការដាក់តាំងបង្ហាញផលិតផល និងសមិទ្ធផលនានារបស់មន្ទីរអង្គភាព ជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុក។ លើសពីនេះ នឹងបង្ហាញនូវរបាំ និងប្រពៃណីរបស់ពលរដ្ឋជនជាតិដើមភាគតិចផងដែរ។
រូបភាពពីរដ្ឋបាលខេត្តរតនគិរី
លោក បញ្ជាក់បែបនេះ៖ «ដោយសារតែខេត្តយើង សម្បូរបងប្អូនជនជាតិដើមភាគតិចដល់ទៅ៦៥ភាគរយ។ យើងតែងតែជំរុញពួកគាត់ឱ្យមើលវប្បធម៌ពួកគាត់ ហើយអ្វីខ្លះអាចចូលរួម និងធ្វើបាន។ ខ្ញុំចង់ជំរុញណាស់ អ្វីជាវប្បធម៌របស់បងប្អូនដើមភាគតិច។ ដើម្បីទាក់ទាញទេសចរ»។
ចំពោះទីតាំងកម្មវិធី លោក ញ៉ែម សំអឿន បានឱ្យដឹងថា អាជ្ញាធរខេត្តបានចាក់បេតុង មានទីធ្លាធំទូលាយ ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ និងភ្ញៀវទេសចរមកកម្សាន្ត។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត នឹងបន្តពង្រឹងសុវត្ថិភាពឱ្យបានល្អនៅថ្ងៃកម្មវិធី៕

រូបភាពពីរដ្ឋបាលខេត្តរតនគិរី
Tag:
សង្រ្កាន្ត
ចូលឆ្នាំ
រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com