ជាតិ
លោក ជឿន ចននី អាចផលិតយន្តហោះស្នោឱ្យហោះ៣០០ម៉ែត្រ ក្រោយចំណាយពេលសិក្សា១០ឆ្នាំ
02, Apr 2023 , 9:19 am        
រូបភាព
លោក ជឿន ចននី អ្នកធ្វើយន្តហោះស្នោរបញ្ជា
លោក ជឿន ចននី អ្នកធ្វើយន្តហោះស្នោរបញ្ជា
ភ្នំពេញ៖ ក្រោយចំណាយពេលជាង១០ឆ្នាំដើម្បីស្រាវជ្រាវផលិតយន្តហោះ លោក ជឿន ចននី បានផលិតយន្តហោះស្នោខ្នាតតូច ដែលអាចបញ្ជាឱ្យហោះបានចម្ងាយ៣០០ម៉ែត្រ និងកម្ពស់១០០ម៉ែត្រ។ បច្ចុប្បន្នយន្តហោះស្នោបញ្ជារបស់លោក ទទួលបានការចាប់អារម្មណ៍ច្រើន និងកំពុងមានទីផ្សារផងដែរ។



សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាននៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក ជឿន ចននី អ្នកធ្វើយន្តហោះស្នោ ខាងក្រោមដូចតទៅ៖
 

លោក ជឿន ចននី ជាក្មេងកំព្រា ដែលមានក្ដីស្រឡាញ់លើអាជីពជាអ្នកបើកយន្តហោះតាំងពីក្មេង ប៉ុន្តែដោយសារជីវភាព ទើបលោកមិនអាចធ្វើការងារតាមក្ដីស្រឡាញ់នោះបានឡើយ។ ទោះជាយ៉ាងណាលោក ពុំបានបោះបង់ក្ដីស្រឡាញ់ឡើយ តែឱហាតរៀនសូត្រស្រាវជ្រាវបច្ចេកទេសផ្សេងៗទាក់ទងនឹងយន្តហោះ រហូតបង្កើតបានយន្តហោះធ្វើពីស្នោដ៏ស្រស់ស្អាត អាចបញ្ជាឱ្យហោះបានទៀតផង។​ ពិតណាស់បុរសវ័យ៣៣ឆ្នាំរូបនេះ បានចំណាយពេលជាង១ទសវត្សរ៍លើការស្រាវជ្រាវផលិតយន្តហោះស្នោនេះ។
 
បច្ចុប្បន្ន លោក ចននី បានផលិតយន្តហោះស្នោបញ្ជា អាចហោះបានចម្ងាយ៣០០ម៉ែត្រ និងកម្ពស់១០០ម៉ែត្រ។ យន្តហោះបញ្ជារបស់លោក មានច្រើនប្រភេទធ្វើឡើងពីស្នោ បំពាក់ជាមួយកង់ និងថ្ម អាចហោះបានរយៈពេល១៥នាទី សម្រាប់ថ្មមួយគ្រាប់។ រូបរាងយន្តហោះស្នោររបស់លោក ចននី ធ្វើឡើងសឹងតែដូចគ្នានឹងយន្តហោះធំទៅហើយ ម្យ៉ាងវាក៏ប្លែក និងគួរមានមនុស្សចាប់អារម្មណ៍ច្រើន។ លោក ចននី ថាបច្ចុប្បន្នយន្តហោះរបស់លោក កំពុងមានទីផ្សារខ្ពស់ ដែលក្នុងមួយខែលោកផលិតសម្រាប់លក់ចន្លោះពី១០០ ទៅ២០០គ្រឿង។ ចំពោះតម្លៃ លោក ចននី អាចលក់បាន៤០ដុល្លារក្នុងមួយគ្រឿង។
  
លោក ជឿន ចននី អ្នកធ្វើយន្តហោះស្នោរបញ្ជា.jpg

លោក ចននី បានលើកឡើងប្រាប់សារព័ត៌មានថ្មីៗថា៖«សម្រាប់យន្តហោះនេះ អតិថិជនគោលដៅរបស់យើងមិនមែនជាក្មេងទេ ប៉ុន្តែជាឪពុកម្ដាយ។ អ៊ីចឹងភាគច្រើនឪពុកម្ដាយដែលមានកូន គាត់ចង់ទិញយន្តហោះនេះ ដើម្បីលេងជាមួយកូនគាត់ ដើម្បីបង្កើតទំនាក់ទំនងសម្រាប់គ្រួសាររបស់គាត់ ឱ្យកូនគាត់ជៀសវាងពីការលេងទូរសព្ទឱ្យ»។ លោក បន្តថា ម្យ៉ាងក៏ចង់បង្ហាញឱ្យក្មេងៗ មើលឃើញពីស្នាដៃ និងបច្ចេកទេសផលិតរបស់កូនខ្មែរអាចធ្វើបានផងដែរ។
 
បុរសវ័យ៣៣ឆ្នាំរូបនេះ មានគោលដៅ និងក្ដីរំពឹងចង់ផលិតយន្តហោះខ្នាតធំ ដែលឱ្យមនុស្សជិះបាន និងរបស់របរ គ្រឿងអេឡិចត្រូនិកផ្សេងៗថែមទៀតផងដែរ៕
 

Tag:
 យន្តហោះបញ្ជា
 ជឿន ចននី
© រក្សាសិទ្ធិដោយ thmeythmey.com