ជាតិ
ស្នាដៃសិល្ប:បុណ្យភូមិ១០ឆ្នាំ ចាប់​ផ្ដើម​តាំងបង្ហាញ​ពី​ថ្ងៃ​១មេសា ដល់ថ្ងៃ៥​ឧសភា
02, Apr 2023 , 12:59 pm        
រូបភាព
 រូប​ផ្ដល់ឱ្យ
រូប​ផ្ដល់ឱ្យ
​ភ្នំពេញ​៖ ស្នាដៃគំនូរសិល្ប:បែបឌីជីថល និង​ស្នាដៃសិល្ប:ជាច្រើនទៀត របស់មហោស្រពបុណ្យភូមិ រយ:ពេល១០ឆ្នាំមកនេះ ត្រូវបានដាក់បង្ហាញ និងបើកឱ្យ​សាធារណជនបានចូលទស្សនា ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា នៅវិចិត្រសាលសិល្បៈ ជាន់ទី៣៥ នៃសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។



ការដាក់បង្ហាញ​ស្នាដៃសិល្ប: ដែ​ល​​តែងតែមានការគាំទ្រជារៀង​រាល់ឆ្នាំ​មក​ហើយ​នោះ ​ត្រូវបានធ្វើឡើង ដោយមានការចូលរួម ពីសិល្បករនៃឆ្នាំនីមួយៗ ដែលសុទ្ធ​សឹង​ជា​យុវជន​​។
 
កញ្ញា រិទ្ធី លំអរពេជ្រ សហស្ថាបនិកា នៃមហោស្រពបុណ្យភូមិបានលើកឡើងថា បុណ្យភូមិមិនត្រឹមតែជួយផ្សព្ធផ្សាយពីសិល្ប:ខ្មែរទៅកាន់មហាជននោះទេ ប៉ុន្តែបុណ្យភូមិបានក្លាយជាសហគមន៍មួយ ដែលប្រមូលផ្តុំដោយយុវជន និងមនុស្សមានភាពច្នៃប្រឌិត។ បុណ្យ​ភូមិ​ ក៏បាន​ផ្តល់ឱកាសសម្រាប់ពួកគេ​បង្ហាញស្នាដៃ និងបញ្ចេញនូវសមត្ថ​ភាពសិល្ប:ច្នៃប្រឌិតរបស់​ខ្លួន​ដែរ​​។ 
 
«ជាការកត់សម្គាល់ទម្រង់សិល្ប:ជាច្រើន ដែលពិធីបុណ្យភូមិបានលើកយកទៅ​បង្ហាញ នៅក្នុង​មហោស្រព សុទ្ធតែទទួលបានការចាប់អារម្មណ៍​​។​ វា​ជា​ការ​រំលឹកឡើងវិញ នូវទម្រង់សិល្ប: ដើម្បី​ឱ្យ​ប្រជាជនខ្មែរបានទទួលស្គាល់។ តួយ៉ាងដូចជាទម្រង់ល្ខោនខោល ដែលមាននូវក្នុងបទចម្រៀងបុណ្យភូមិកន្លងមក»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​ លំអរ​ពេជ្រ​។
 
ក្រៅពីការបង្ហាញស្នាដៃសិល្ប: បុណ្យភូមិឆ្នាំទី១០នេះ ក៏ចាប់ផ្តើមរៀបចំដែរ គឺ​ចាប់ពីថ្ងៃទី០១ ខែមេសានេះ។ ក្នុងនោះក៏មានការចូលរួមប្រគុំតន្រ្តីសប្បុរធម៌ បុណ្យភូមិមានជើង ដោយមានការចូលរួមសម្តែងស្ម័គ្រចិត្តពីសិល្បករ និងសិល្បការិនី​ល្បីៗជាច្រើន​រូប​។
 
សូម​រំលឹកថា​ បុណ្យ​ភូមិ​ក្នុង​ឆ្នាំ​២០២៣​នេះ នឹង​ធ្វើ​រយៈ​ពេល​១០​ថ្ងៃ​ ដោយ​បែង​ចែក​​ជា​៣​សប្ដាហ៍​ និង​ចែក​ចេញ​ជា​៣​ទី​តាំង​។ សប្ដាហ៍​ទី​១ មាន​ឈ្មោះ​ថា “​សប្ដាហ៍​សិល្បៈ​សម័យ​” ធ្វើ​នៅ​​ហ្វេកតូរីភ្នំពេញ នៅ​ថ្ងៃទី​១-២ ខែ​មេសា​។ សម្រាប់​សប្ដាហ៍​ទី​១​នេះ​ មាន​ការ​លក់​សំបុត្រ​។
 
សប្ដាហ៍​ទី​២ មាន​ឈ្មោះ​ថា “​សប្ដាហ៍​ពិសេស​” ធ្វើ​នៅ​ផ្សារ​ជីបម៉ុង​មេហ្គាម៉ល ២៧១ នៅ​ថ្ងៃ​ទី​៣-៤-៥-៦ ខែ​មេសា​ ចូល​រួម​ដោយ​ឥត​គិត​ថ្លៃ​។ និង​សប្ដាហ៍​ទី​៣ មាន​ឈ្មោះ​ថា “សប្ដាហ៍​បុរាណ” ​ធ្វើ​នៅ​ទី​តាំង​វត្ត​ដែល​មាន​​ចម្ងាយ​ ៤៥នាទី​ពី​រាជធានី​ ធ្វើ​នៅ​ថ្ងៃ​ទី​៧-៨-៩ ខែ​មេសា​ ចូល​រួម​ដោយ​ឥត​គិត​ថ្លៃ​។ បន្ថែម​ជា​មួយគ្នា​នោះ ក៏​មាន​សប្ដាហ៍​គំនូរ​ ដែល​នឹង​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​រ៉ូសវូដភ្នំពេញ​ នៅ​វិចិត្រ​សាល​នៃ​សណ្ឋាគារ​ រ៉ូសវូដភ្នំពេញ​ ដែល​នឹង​ចាប់​ផ្ដើម​ដាក់​តាំង​បង្ហាញ​ ពី​ថ្ងៃ​ទី​១​មេសា ដល់​ថ្ងៃ​ទី​២១​ ខែ​ឧសភា ឆ្នាំ​២០២៣៕ 

 

Tag:
 សិល្បៈ​
  វប្បធម៌​
  បុណ្យ​ភូមិ​
  តាំង​ពិព័រណ៍​
 
© រក្សាសិទ្ធិដោយ thmeythmey.com