ជាតិ
យុវជន៖«ស្ត្រី​ត្រូវ​តែ​លើក​តម្លៃ​ខ្លួន​ឯង មុនរំពឹងឲ្យគេលើកតម្លៃ»​
03, Apr 2023 , 10:35 am        
រូបភាព
ភ្នំពេញ​៖ យុវជន​មួយ​ក្រុម​អាយុ​ចន្លោះ​ពី​១៨​-​២៦​ឆ្នាំ បាន​រួម​គ្នា​ធ្វើ​យុទ្ធនាការ​រត់​ម៉ារ៉ាតុន នៅ​ក្រុង​សៀមរាប​ ដើម្បីលើក​កម្ពស់​​សិទ្ធិ​ស្ត្រី​ ពិសេស​ដើម្បី​អបអរ​ទិវានារី​អន្តរជាតិ​។ យុវជន​ដែល​បាន​ចូល​រួម​ ក្នុង​ព្រឹត្តិការណ៍​នេះ បាន​លើក​ឡើង​ថា ស្ត្រី​ត្រូវ​តែ​ក្លាហាន​ និងលើក​តម្លៃ​ខ្លួន​ឯង មុនពេល​​រំពឹក​​អ្នកដទៃលើក​តម្លៃ​ឱ្យ​។



​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុន​ ដែល​រៀប​ចំ​ដោយ​យុវជន​មួយ​ក្រុម មាន​ឈ្មោះ​ថា “យុវជន​ពណ៌​ស្វាយ​” បា​ន​ចាប់​ផ្ដើម​រត់​ពី​ចំណុចសួន​ច្បារ​ ទល់​​មុខ​​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម កាត់​តាម​ផ្លូវ​ហ្សាលដឺហ្គូល​ ​ឆ្លង​​កាត់​មុខ​​ប្រាសាទ​អង្គរ​វត្ត​ ឆ្ពោះ​ទៅ​ខ្លោង​ទ្វា​រ​ទន្លេរ​អុំ ដែល​ជា​គោល​ដៅចុង​បញ្ចប់​​​។ យុវជន​​យុវនារី ​និង​កុមារា​កុមារី​ ប្រមាណ​១០០​នាក់​បាន​ចូ​ល​រួម​ យុទ្ធនាការណ៍​រត់​ម៉ារ៉ាតុន​នេះ ដោយ​សេច​ក្ដី​ស្វាហាប់​។ ​ពួក​គេ​ទាំង​អស់​រត់​ផង​ដើរ​ផង​ ដើម្បី​ទៅ​​ដល់​គោល​ដៅ​។ ក៏​មាន​ដែរ​អ្នក​បោះ​បង់​ការ​ប្រកួត ដោយ​សារ​តែ​សុខភាព​មិន​អំណោយ​ផល​។ 
 
ស្ថិត​នៅ​ជិត​ខ្លោង​ទ្វារទន្លេ​អុំ​​ផ្នែក​ខាង​ក្នុង​ កញ្ញា ​ម៉ាត់ ស្រីជាក់ គឺ​ជា​បេក្ខ​នារី​​ដែល​រត់​ដល់​ទី​ ដំបូង​គេ​បង្អស់​​ផ្នែក​​នារី​។ មាន​វ័យ​២៤​ឆ្នាំ ស្រី​ជាក់ ដែល​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ មិន​​​ធ្លាប់​​រត់​ម៉ារ៉ាតុន​ពី​មុន​មក​ឡើយ។​ ប៉ុន្តែ​នាង​ជា​អ្នក​ចូល​ចិត្ត​ហាត់​ប្រាណ ពិសេស​ការ​ដើរ​រយៈ​ចម្ងាយ​ឆ្ងាញ គឺ​ប្រមាណ​ចន្លោះពី​​៥ទៅ​១០​​គីឡូម៉ែត្រ​ក្នុង​១ដង​​។ 
  
កញ្ញា ម៉ាត់ ស្រីជាក់ ជយលាភីលេខ១ ផ្នែកនារី

នារី​សម្បុរសញញឹម​ស្រស់​រូប​នេះ អះអាង​ថា​ នាង​មាន​ជំនឿ​យ៉ាង​មុត​មាំ ថា​នាង​ប្រាកដ​ជា​អាច​រត់​ដល់​ទី ទោះ​ជាប់​លេខ​ឬ​មិន​ជាប់​ក៏​ដោយ ហើយ​នោះ​គឺ​ជា​ភាព​ជោគ​ជ័យ ​ដែល​នាង​បាន​កំណត់​។ នារី​សម្ដី​ញាប់លះ ពោរពេញ​ដោយ​ទំនុកចិត្ត​​​រូ​ប​នេះ បាន​ប្រៀប​ធៀប​ល្បឿន​នៃ​ការ​រត់​របស់​ខ្លួន​ ទៅ​នឹងទំហំ​នៃ​​ការ​ប្ដេជ្ញា​ចិត្ត​​​ ​លើក​កម្ពស់​តម្លៃ​ស្ដ្រី ពិសេស​តម្លៃ​​ខ្លួន​ឯង​​។ 
 
ស្រីជាក់​ បន្ថែម​៖«​ខ្ញុំ​មាន​ក្ដី​សង្ឃឹម​តាំង​ពីពេល​ខ្ញុំ​​ដាក់​​ពាក្យម្ល៉េះ​។ មាន​ក្ដី​សង្ឃឹម​ថា​ខ្លួន​ឯង​អាច​ធ្វើ​បាន​។ ចំពោះ​ការ​ឈ្នះ​លេខ​១​ ខ្ញុំ​សង្ឃឹម​​៥០​ភាគរយ​ដែរ​។ ខ្ញុំ​មិន​​ដែល​រត់​ម៉ារ៉ាតុនទេ តែ​ខ្ញុំ​ចូល​ចិត្ត​ហាត់​ប្រាណ​ជា​រឿយៗ​ និង​ដើរ​ពី​វត្ត​សន្សំកុសល​​​ ដល់​វត្ត​បទុម​​ជិត​មាត់​ទន្លេ​»។ 
 
ឈរ​លើ​វាល​ស្មៅ​ ដែល​មាន​សណ្ឋាន​ដី​ខ្ពស់​ទាប​តាម​ធម្មជាតិ​ ​ក្នុង​បរិវេណ​​ខ្លោង​ទ្វារ​ទន្លេ​អុំ ក្រោយ​​ពេល​បញ្ចប់​ការ​រត់​ប្រណាំ​ង នាម៉ោង​ប្រមាណ​១០​ព្រឹក​ នារីសក់​វែង​គ្របខ្នង​រូប​នេះ ពិត​ជា​សប្បាយ​ចិត្ត​​ ដែល​នាង​បាន​ចូល​រួម​រត់​ម៉ារ៉ាតុន​ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​។ នាង​អះអាង​ថា​ ​ការ​ចូល​រួម​រត់​ម៉ារ៉ាតុន ដើម្បី​សិទ្ធិ​ស្ត្រី​នេះ ​គឺ​ជា​ឱកាស​បង្ហាញ​ការ​ប្ដេជ្ញាចិត្តរបស់​នាង ទៅ​កាន់​ពិភព​លោក ថា​នាង​​ពិត​ជា​មាន​សមត្ថភាព​លើក​កម្ពស់​សិទ្ធិ​ខ្លួន​ឯង និង​ស្ត្រី​ទាំង​អស់​។
 
«​ខ្ញុំ​ជា​ស្ត្រី​ ខ្ញុំ​ក៏​ចង់​ទាម​ទារ​សិទ្ធិ​ឯករាជ​ឱ្យ​​ខ្លួន​ឯង​ដែរ​។ ខ្ញុំ​ក៏​ចង់​ទទួល​បាន​សិទ្ធិផ្សេង​ៗ​ទៀត ដែល​បុរសមើល​មិន​ឃើញ ឬ​មើល​រំលង​គុណ​តម្លៃ​របស់​ស្ត្រី​​ដែរ​។ នេះ​ជា​ឱកាស​មួយ​ ដែល​ខ្ញុំ​អាច​ផ្សារ​ភ្ជាប់ខ្លួ​ន​ឯង ដើម្បី​បើក​បង្ហាញ​ទៅ​កាន់​ពិភព​លោក​ថា ស្ត្រី​ក៏​អាចធ្វើ​បាន​។ មួយ​វិញ​ទៀត​ខ្ញុំ​គិត​ថា គេ​ធ្វើ​យុទ្ធនាការ​ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី ហើយ​ក្នុង​នាម​ខ្ញុំ​ជា​ស្ត្រី​ បើ​មិន​ចូល​រួម​លើក​កម្ពស់​សិទ្ធិ​ខ្លួន​ឯង តើ​ឱ្យ​អ្នក​ណា​គេ​លើក​ទៅ»។ នេះ​ជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​កញ្ញា ​ម៉ាត់ ស្រីជាក់​ ។ 
 
ចំណែកលោក​​ ស៊ុយ កុសល្យ វ័យ​១៥​ឆ្នាំ ក៏​មាន​គោល​បំណង​មុតមាំ​ ទៅ​លើ​ការ​រត់​ម៉ារ៉ាតុន​នេះ​ដែរ។ ជា​សិស្ស​វិទ្យា​ល័យ​ថ្នាក់​ទី​១០​ រៀន​ក្នុង​ខេត្ត​សៀម​រាម​ កុសល្យ​ មក​ចូល​រួម​រត់​ម៉ារ៉ាតុន ដើម្បី​បង្ហាញ​ថា លោក​​គាំទ្រយ៉ាង​ពេញ​ទំហឹង​ ចំពោះ​ការ​លើក​តម្កើង​សិទ្ធិ​ស្ត្រី​។ 
 
ក្មេង​ប្រុស​សម្បុរសមាឌមាំខ្ពស់​ស្រឡះ​រូប​នេះ បាន​ដឹង​ពី​យុទ្ធនាការ​រត់​ខាង​លើ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គ​ម​ហ្វេស​ប៊ុក​។ អ្នក​ខេត្ត​សៀម​រាប​រូប​នេះ​ តែង​មាន​ទម្លាប់​រត់​៤ទៅ​៥​គីឡូម៉ែត្រ​​ជា​រៀង​រាល់​ព្រឹក មុ​ន​ពេលដែល​​គេ​ទៅ​សាលា​រៀន​។ 

លោក ស៊ុយ កុសល្យ  ជយលាភីលេខ១ ផ្នែកបុរស

បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ការ​រត់​ម៉ារ៉ាតុន​លើក​នេះ កុសល្យ​ ថា​ខ្លួន​មាន​គោល​ដៅ​ច្បាស់​លាស់។​  មក​ដល់​ទីលានរត់​​ក្រោយ​គេ​ ខណៈ​ពេល​ដែល​អ្នក​រត់ផ្សេង​ៗ​ទៀត ​បាន​ចេញ​ដំណើរ​ទៅ​អស់​ទៅហើយ ប៉ុន្តែ កុសល្យ នៅ​តែ​អាច​រត់ទៅដល់​ទី​​មុន​គេ និង​ទទួល​​បាន​លេខ​១​។ 
 
ឈរ​ក្បែរ​ដើម​ឈើ​ធំមួយ​ ដោយ​ដៃស្ដាំ​​កាន់​ស្លាក​លេខ និង​ដៃ​ឆ្វេង​កាន់​មេដាយ​ កុសល្យ បន្ថែម​ដូច្នេះ​៖«ខ្ញុំ​សង្ឃឹម​បាន​លេខ​១ ព្រោះខ្ញុំ​​មាន​គោល​ដៅ​ច្បាស់​លាស់​ ​មាន​ភាព​អំណត់​ និងការ​​ព្យាយាម។ ​ខ្ញុំ​ចូល​ចិត្ត​ចូល​រួម​កម្ម​វិធី​បែប​នេះ និង​ចង់​លើក​តម្កើង​សិទ្ធិ​ស្ត្រី។ ការ​​លើក​តម្កើង​សិទ្ធិ​ស្ត្រី គឺ​ការ​ចូល​រួម​ផ្សព្វ​ផ្សាយ​ ​គោរព​ និង​ឱ្យ​តម្លៃ​​​ស្ត្រី»។
 
ចំណែក​ឯ​បេក្ខ​នារី​ ឡូវ សាំលី អាយុ​១៨ឆ្នាំ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀម​រាប​ដែរ​នោះ បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​២​។ នារី​ដែល​​រៀន​​​ថ្នាក់​ទី​១១រូប​នេះ​ ចូល​រួម​រត់ម៉ារ៉ាតុន​ ​ដោយនាង​​យល់​ឃើញ​ថា ស្ត្រី​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​សង្គម​ ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​ជាតិ​។ ស្ត្រី​​ជា​មាតា​ដៃ​មួយ​រយ ​ដែល​បុរស​គួរ​តែ​យល់​ដឹង ហើយ​ស្ត្រី​អាច​ធ្វើ​រឿង​គ្រប់​យ៉ាង​​បាន ដូច​បុរស​ដែរ​។ 
  
កញ្ញា ឡូវ សាំលី ជយលាភីលេខ២ ផ្នែកនារី 

នារីមាឌមាំ ដែល​​​មក​រត់​មិន​មែន​ដើម្បី​មេដាយ​ ប៉ុន្តែ​ដើម្បី​សិទ្ធិ​ស្ត្រីរូប​នេះ បាន​មើល​ឃើញ​ថា​ បច្ចុប្បន្ន​ស្ត្រី​មាន​សិទ្ធិ​​ក្នុង​ការ​បញ្ចេញ​មតិ និង​​ចូ​ល​រួម​សកម្មភាព​ផ្សេង​ៗក្នុង​សង្គម​ បាន​ច្រើន​ជាង​មុន​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នាង​នៅ​តែ​លើក​ទឹក​ចិត្ត​ស្ត្រី​ ឱ្យ​មាន​ភាព​ក្លាហាន​ថែម​ទៀត​ ដើម្បី​ជំនះ​គ្រប់​ឧបសគ្គ​។
 
សាំលី ពន្យល់​៖«ខ្ញុំ​រត់​មិន​ទាន់​បាន​ពាក់​កណ្ដាល​ផង​ ខ្ញុំ​ចង់​ឈប់​រត់ព្រោះ​ហត់​ពេក​។​ ប៉ុន្តែខ្ញុំ​គិត​ថា បើ​ដើរ​ផង​រត់​ផង ប្រសើរ​ជាង​បោះ​បង់​ ខ្ញុំ​ក៏​​បន្ត​ទៅ​មុខ​ទៀត រហូត​ដល់​គោល​ដៅ​។​ នៅ​ពេល​រត់​ជិត​ដល់​គោល​ដៅ​ ខ្ញុំ​សប្បាយ​ចិត្ត​ ទោះ​បាន​លេខ​ឬមិន​​បាន​ក៏​ដោយ»​។
 
ឈរ​ក្បែរ​បេក្ខជន​ជាប់​លេខ​១ លោក​ ទុត សុផាន គឺ​ជា​បេក្ខ​ជន​ជាប់​លេខ​២​។ អាយុ​​២៥​ឆ្នាំ សុផាន​ មក​រត់​ម៉ារ៉ាតុន​ ដើម្បី​លំហែកាយ​ផង​ និងដើម្បី​​បាន​ឈ្វេង​យល់​បន្ថែម​​អំពី​យុទ្ធនាការនេះ​​ផង​។ ជា​បុគ្គលិក​ផ្នែក​ព័ត៌​មាន​វិទ្យា បុរស​សម្បុរ​ស្រអែម​រូប​នេះ បាន​មើល​ឃើញ​ថា សង្គមបច្ចុប្បន្ន​​មិន​ទាន់​បាន​ឱ្យតម្លៃ​​សិទ្ធិ​ស្ត្រី​ពេញ​លេញ​​នៅ​ឡើយ​ទេ​ ទាំង​ការ​ងារ និង​ជំនាញ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​យល់​ឃើញ​ថា ទង្វើ​របស់​ស្ត្រី​ខ្លួន​ឯង​ ក៏​ជា​ដើម​ហេតុ​ នាំឱ្យ​បុរស​និង​សង្គម ​មិន​ឱ្យ​តម្លៃ​ពួក​គេ​ដែរ។ 
 

សកម្មភាពមុនរត់​ម៉ារ៉ាតុន(រូប​ផ្ដល់ឱ្យ

អ្នក​ខេត្ត​សៀម​រាប​រូប​នេះ បាន​លើក​ពី​ករណី​នៃ​ការ​ស្លៀក​ពាក់​ មក​ពន្យល់​ដូច្នេះ​៖«នារីខ្លះ​​ស្លៀក​ខ្លីពេក រហូត​ពិបាក​មើល​។ កត្តានេះ​ធ្វើ​ឱ្យ​គេ​មិន​ឱ្យ​តម្លៃ​ដែរ​។ វា​គឺ​ជា​សិទ្ធិ​របស់​គាត់​ ប៉ុន្តែ​ប្រពៃណី​ខ្មែរ​យើង និង​សង្គម​យើង​ គេ​ពិបាក​ទទួល​យក​​។ ត្រង់​ចំណុច​នេះ​ ខ្ញុំ​គិត​ថា​ពួក​គាត់​​​មិន​ឱ្យ​តម្លៃ​ខ្លួន​ឯង​​។ ពួក​គាត់​មាន​សិទ្ធិ​ ​ប៉ុន្តែ​សិទ្ធិ​នោះ​ក៏មាន​ដែន​កំណត់​ដែរ។ បើ​ជ្រុល​ហួស​ហេតុ​ពេក​ គេ​ត្រូវ​តែ​រិះ​គន់​ហើយ​»។ 
 
ចំណែក​ឯកញ្ញា ហ៊ន សុខលាង ដែល​ជា​សមាជិក​ក្នុង “​ក្រុម​យុវជន​ពណ៌ស្វាយ” បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ ក្រោយ​ពេល​បញ្ចប់​ការ​រត់​ជា​​ស្ថាពរ​ថា ក្នុង​សង្គម​កម្ពុជា ការ​ឱ្យ​តម្លៃ​លើ​សិទ្ធិ​ស្ត្រី​ មាន​នៅ​ដោយ​ដុំ​។ កញ្ញាថា តំបន់​ដែល​​​មាន​ការ​អភិវឌ្ឍ​ ​ស្ត្រី​មាន​ឱកាស​រៀន និង​ចូល​រួម​ក្នុង​សកម្មភាព​សង្គម​ច្រើន​ អាច​ច្រើន​ជាង​បុរស​ផង​​។​ ប៉ុន្តែ​នៅ​តំបន់​​ជន​បទ​ដាច់​ស្រយាល​ មនុស្ស​នៅតែ​ប្រកាន់​គំនិត​ចាស់​ គឺ​ស្ត្រី​បង្វិល​​ចង្រាន្ត​មិន​ជុំ​។
 
«​នៅ​តំបន់​ដាច់​ស្រយាល​ ស្ត្រីត្រូវ​​តស៊ូមតិច្រើន​ នៅ​ពេលដែល​ពួក​គេ​​ចង់​ធ្វើ​អ្វីមួយ ទៅតាម​ក្ដី​ស្រមៃ ឬ​ការ​ស្រឡាញ់​ចូល​ចិត្ត​។ ​ពួក​គេ​តែង​ទទួល​បាន​ ការ​បន្ទច់បង្អាក់​ ឬ​ហាម​ឃាត់​ដាច់​ខា​ត​តែ​ម្ដង​ មិន​ឱ្យ​ធ្វើ​រឿង​ទាំង​នោះ​។ ភាគ​ច្រើន​ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច​ គាត់​ជួប​បញ្ហា​ទាំង​នោះ​»។ នេះ​ជា​ការ​ពន្យល់​បន្ថែម​របស់​កញ្ញា​ ហ៊ន សុខលាង​។

កញ្ញា ហ៊ន សុខលាង សមាជិក ក្រុមយុវជនពណ៌ស្វាយ (ឆ្វេង) (រូប​ផ្ដល់ឱ្យ)
 
សូម​បញ្ជាក់​ថា មនុស្ស​ប្រមាណ​​ជាង១០០​នាក់​ បាន​ចូល​រួម​រត់ម៉ារ៉ាតុន​ ជាមួយ​ក្រុម “យុវជន​ពណ៌​ស្វាយ​” ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​ នៅ​ខេត្ត​សៀម​រា​ប​កាល​ពី​ពេល​កន្លង​ទៅ​។ ​“​ក្រុម​យុវជន​ពណ៌ស្វាយ” ​រំពឹង​ថា​ការរត់​ខាង​លើ​ នឹង​អាច​បញ្ជ្រាប​សារ​ស្ដី​ពី​សិទ្ធិ​ស្ត្រី​ ទៅ​កាន់​យុវជន​ដែល​ចូល​រួម​រត់​ប្រមាណ​ ​៥០ទៅ៦០​ភាគរយ។ រីឯសាធារណជន​វិញ​ អាច​ជ្រាប​បាន​ប្រមាណ​២០​ទៅ​៤០​ភាគ​រយ​ដែរ តាម​រយៈ​ពាក្យ​ស្លោក​ ដែល​បាន​បិទ​នៅ​នឹង​អាវ​របស់​អ្នក​រត់​នីមួយ​ៗ​។ សុខលាង ដែល​មាន​មាឌ​មាំ​ខ្ពស់​សម្បុរស​ ប្ដេជ្ញាចិត្ត​ថា​ ក្រុម​របស់​ខ្លួន​នឹង​ធ្វើ​យុទ្ធនាការ​រត់​​ម៉ារ៉ាតុន​ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​​ជា​រៀង​រាល់​ឆ្នាំ​។ ហើយ​ឆ្នាំ​ក្រោយ ​អាច​នឹង​ធ្វើ​ធំ​ជាងឆ្នាំ​​នេះ​​។ 
 
សូម​រំលឹក​​ថា “យុវជន​ពណ៌​ស្វាយ” ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០២២។ ឆ្នាំ​ដំបូង “យុវជន​ពណ៌​ស្វាយ” បាន​ធ្វើ​​វេទិកាអនឡាញមួយ ​ពិភាក្សា​គ្នា​លើប្រធាន​បទ​សិទ្ធិ​ស្ត្រី​ មាន​អ្នក​ចូល​រួម​រង្វង់​៩០​នាក់។ យុទ្ធនាការ​នេះ បាន​បង្ហោះ​សារ​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​ស្ត្រី​ ដើម្បី​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ​ នៅ​លើ​ហ្វេស​ប៊ុក​ផេក​ “យុវជន​ពណ៌​ស្វាយ​។ 
 
 សកម្មភាពក្រោយរត់ម៉ារ៉ាតុន (រូប​ផ្ដល់ឱ្យ)

ដោយ​ឡែក​ក្នុង​ឆ្នាំ​២០២៣​នេះ “យុវជន​ពណ៌​ស្វាយ​” បាន​ធ្វើ​យុទ្ធនាការរត់​ម៉ារ៉ាតុន ដើម្បី​​លើក​កម្ពស់​សិទ្ធិ​ស្រ្តី និង​ដើម្បី​អបអរ​សាទរ​ទិវាសិទ្ធិ​នារីអន្តរជាតិ​​ នៅ​ទី​សាធារណៈ ដោយមាន​​សារ​ចំនួន​១០ពាក់​ព័ន្ធ​នឹង​សិទ្ធិ​ស្ត្រី​​ បិទ​ជាប់​នឹង​អាវផង​ដែរ​។
 
សមាជិក”​​ក្រុម​យុវជន​ពណ៌ស្វាយ”​ ជា​យុវជន​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​ រួម​គ្នាបង្កើត​ក្រុម​ ដើម្បី​បង្កើត​សកម្មភាព​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​ ក៏ដូច​ជា​យេនឌ័រ​​។ យុវជន​ពណ៌​ស្វាយ​បែង​ចែក​ជា​២​ មាន​ក្រុម​ស្នូល​៣នាក់​ និង​អ្នក​រៀប​ចំ​ធម្មតា១០​នាក់​ ដែល​មាន​អាយុចន្លោះពី​១៨-២៦​ឆ្នាំ​។ ភាគ​ច្រើនពួក​គេ​គឺ​​ជា​សិស្ស​និស្សិត ​នៅ​សកល​វិទ្យា​ល័យ ជា​សមាជិកនៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា ជាបុគ្គលិកហាត់ការ និង​ជា​អតីត​បុគ្គលិក នៅក្នុង​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​។ “ក្រុម​យុវជនពណ៌​ស្វាយ​"​ ភាគច្រើន​ជានារី​៕
 
 
 

Tag:
 សង្គម​
  សិទ្ធិស្ត្រី​
  សិទ្ធិមនុស្ស
  យុវជន​
 
© រក្សាសិទ្ធិដោយ thmeythmey.com