ជាតិ
កម្ពុជាបានពាន World Literacy Award លើភាពលេចធ្លោក្នុងការលើកកម្ពស់អក្ខរកម្ម
04, Apr 2023 , 11:21 am        
រូបភាព
លោក ហង់ជួន ណារ៉ុន បានឡើងទទួលពានរង្វាន់ World Literacy Foundation Award 2023 ពីលោក Andrew Kay អគ្គនាយកមូលនិធិអក្ខរកម្មពិភពលោក នាពិធីដែលរៀបចំនៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស
លោក ហង់ជួន ណារ៉ុន បានឡើងទទួលពានរង្វាន់ World Literacy Foundation Award 2023 ពីលោក Andrew Kay អគ្គនាយកមូលនិធិអក្ខរកម្មពិភពលោក នាពិធីដែលរៀបចំនៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស
ក្នុងនាមប្រទេសកម្ពុជា លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ហង់ជួន ណារ៉ុន បានទទួលពានរង្វាន់ World Literacy Award ឆ្នាំ២០២៣ ចំពោះភាពលេចធ្លោក្នុងការលើកកម្ពស់អក្ខរកម្ម និងការអប់រំ។ កម្ពុជាស្ថិតក្នុងចំណោមជ័យលាភីប្រចាំឆ្នាំចំនួន៥ ដែលទទួលបានពានរង្វាន់ប្រកបដោយកិត្យានុភាពនេះ នាអំឡុងនៃកិច្ចប្រជុំកំពូលនៃអក្ខរកម្មពិភពលោក (World Literacy Summit) នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមេសា។

 

«នេះជាភាពជោគជ័យដ៏ត្រចះត្រចង់ សម្រាប់បុគ្គលិកអប់រំទាំងអស់ នៃក្រសួងអប់រំ យុវជន និងកីឡា និងសម្រាប់វិស័យអប់រំរបស់កម្ពុជាយើងទាំងមូល។ ប្រទេសកម្ពុជាសព្វថ្ងៃត្រូវបានទទួលស្គាល់ លើការអភិវឌ្ឍអក្ខរកម្ម។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលកម្ពុជាបានបង្កើតគំនិតផ្តួចផ្តើមអប់រំជាច្រើនដើម្បីជួយលុបបំបាត់អនក្ខរកម្ម»។ ក្រសួងអប់រំ យុវជន និងកីឡា បានសរសេរយ៉ាងដូច្នេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។
 
លោក ហង់ជួន ណារ៉ុន បានឡើងទទួលពានរង្វាន់ World Literacy Foundation Award 2023 ពីលោក Andrew Kay អគ្គនាយកមូលនិធិអក្ខរកម្មពិភពលោក (World Literacy Foundation)។ នេះជាពានរង្វាន់ដែលទទួលស្គាល់ពីការរួមចំណែករបស់កម្ពុជាក្នុងការលើកកម្ពស់អក្ខរកម្ម (Significant Contribution to Literacy by a Nation)។

តាមរបាយការណ៍ គំនិតផ្តួចផ្តើមរួមមានកម្មវិធីសម្រាប់ការចុះឈ្មោះចូលរៀនឡើងវិញនៅសាលា អក្ខរកម្មវិជ្ជាជីវៈ អក្ខរកម្មក្រោយអក្ខរកម្ម សញ្ញាបត្រសមមូល ការបង្កើតប្រាក់ចំណូល និងការកែលម្អជីវិត។ នៅឆ្នាំ ២០២០ អត្រាអក្ខរកម្មក្នុងចំណោមមនុស្សពេញវ័យកម្ពុជាដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅបានកើនឡើងដល់ ៨៧,៨% កើនឡើងគួរឱ្យកត់សម្គាល់ពី ៧៧,៦% ក្នុងឆ្នាំ២០០៨។
 
ក្រសួងអប់រំ បានលើកឡើងថា៖ «ការទទួលស្គាល់ និងការទទួលបានរង្វាន់ខាងលើ បានឆ្លុះបញ្ចាំងឱ្យឃើញពីផលវិជ្ជមាន ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់អប់រំ ដែលក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញកន្លងមក ក្នុងការលើកកម្ពស់គុណភាពអប់រំ រួមទាំងការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពគ្រូបង្រៀន សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធក្នុងន័យធ្វើយ៉ាងណាឱ្យសម្រេចបាននូវគុណភាព និងប្រសិទ្ធភាពនៃការសិក្សារបស់សិស្សានុសិស្ស»។
 
ពានរង្វាន់ World Literacy Foundation Award គឺជាគំនិតផ្តួចផ្តើមរបស់មូលនិធិអក្ខរកម្មពិភពលោក ដែលជាអង្គការសប្បុរសធម៌អក្ខរកម្មពិភពលោកកំពូល និងក្រុមប្រឹក្សាអក្ខរកម្មពិភពលោក។ ជារៀងរាល់ឆ្នាំ មូលនិធិអក្ខរកម្មពិភពលោកតែងបានទទួលស្គាល់បុគ្គល និងអង្គការនានា សម្រាប់ការខិតខំប្រឹងប្រែងលើកកម្ពស់ការរៀនសូត្រអក្ខរកម្ម ដែលមានភាពលេចធ្លោ និងឆ្នើមជាងគេ។
 
ក្រៅពីកម្ពុជា ជ័យលាភី World Literacy Awards ៤ផ្សេងទៀតមាន អ្នកស្រី Nadine Gaab លើផ្នែក Academic។ សាស្ត្រាចារ្យរងផ្នែកអប់រំនៃសាកលវិទ្យាល័យ Harvard រូបនេះ បានរួមចំណែកលើការស្រាវជ្រាវទាក់ទងនឹងកុមារដែលមានជំងឺ Dyslexia និងពិការភាពក្នុងអំណាន។ 
 
ពានផ្នែកឯកត្តជន (Individual) បានទៅលើលោក Alain Capo សហគ្រិនជនជាតិកូដឌីវ័រ ដែលបានរួមចំណែកបង្កើត App ជាសំឡេងចំនួន៥០ភាសាផ្សេងគ្នា ដើម្បីបង្កើនទំនាក់ទំនងនៅអនុតំបន់សាហារ៉ាអាហ្វ្រិក។ ជ័យលាភីវ័យក្មេង (Young Person) នៃពាន World Literacy Awards បានទៅលើយុវតីអាហ្វ្រិកខាងត្បូង Stacey Fru ដោយយុវតីវ័យ១៦ឆ្នាំរូបនេះ បានសរសេរសៀវភៅអំពីកុមារលើកដំបូងដើម្បីបង្ហាញពីគម្រូភាពក្នុងការលើកកម្ពស់អក្សរសីល្ប៍។

រីឯពានផ្នែកអង្គការ (Organization) ត្រូវបានទៅលើមូលនិធិ The Dollar General Literacy Foundation។ មូលនិធិនៅសហរដ្ឋអាម៉េរិកដែលប្រតិបត្តិការតាំងពីឆ្នាំ១៩៩៣ មួយនេះ រួមចំណែកលើកកម្ពស់ជំនាញអក្ខរកម្ម តាមរយៈការបើកដំណើរការហាងសៀវភៅចំនួន១៨ ៥៦៦នៅរដ្ឋចំនួន៤៧ក្នុងសហរដ្ឋអាម៉េរិក។ ក្រៅពីនេះ មូលនិធិ ក៏បានផ្តល់ជំនួយឧបត្ថម្ភ២១៩លានដុល្លារដល់បណ្តាអង្គការក្រៅរដ្ឋាភិបាល ហើយជួយដល់មនុស្ស១៦,១លាននាក់លើការអភិវឌ្ឍជំនាញសរសេរ និងអំណានផងដែរ៕
 

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com