ជាតិ
តំបន់មួយចំនួន អាច​មាន​ភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់ មួយសប្ដាហ៍​
05, Apr 2023 , 7:59 am        
រូបភាព
កម្ពុជានៅបន្តមានភ្លៀងធ្លាក់ លាយខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី៥ដល់១១ ខែមេសា។ រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
កម្ពុជានៅបន្តមានភ្លៀងធ្លាក់ លាយខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី៥ដល់១១ ខែមេសា។ រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
ដោយ:
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា អំឡុងពេលមួយសប្តាហ៍នេះ កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបពីចិន ក្នុងកម្រិតខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះ អាចធ្វើឱ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់កម្រិតខ្សោយ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។



ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា ចាប់ពីថ្ងៃទី៥-១១ ខែមេសា តំបន់ទំនាបកណ្ដាល, តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ជាមួយគ្នានេះ សីតុណ្ហភាពអតិបរមាអាចមាន​ចន្លោះពី៣៤-៣៧ អង្សាសេ។
 
បើយោងតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៣ មេសា មានភ្លៀងធ្លាក់ លាយឡំដោយខ្យល់កន្រ្តាក់ បង្កឲ្យមានប៉ះពាល់ និងខូចខាតផ្ទះពលរដ្ឋនៅឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត​ អស់ចំនួន១៤២ គ្រួសារ។ ចំណែកស្រុកមេសាង ខេត្តព្រៃវែងវិញ​ អស់ចំនួន ២០ខ្នងផ្ទះ ប៉ុន្ដែមិនមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វឡើយ។
 
ដោយឡែកសម្រាប់ស្រុកចំនួន៣ ក្រុងមួយ ក្នុងខេត្តស្វាយរៀង និងស្រុកចំនួនពីរ ក្រុងមួយ ក្នុងខេត្តបាត់ដំបង រួមជាមួយស្រុកមួយចំនួនក្នុងខេត្តតាកែវ ត្បូងឃ្មុំ កំពង់ចាម ក៏​មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមផងដែរ៕
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com