ជាតិ
ក្រសួងបរិស្ថាន រៀបចំពិព័រណ៍កេសរកូល ដើម្បីលើក​​តម្លៃ​រុក្ខជាតិ​នៅកម្ពុជា
05, Apr 2023 , 8:59 am        
រូបភាព
ក្រសួងបរិស្ថានរៀបចំពិព័រណ៍កេសរកូលនៅថ្ងៃទី៧-៩ ខែមេសា
ក្រសួងបរិស្ថានរៀបចំពិព័រណ៍កេសរកូលនៅថ្ងៃទី៧-៩ ខែមេសា
ដោយ:
ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍កេសរកូល ចាប់ពីថ្ងៃទី៧-៩ ខែមេសា នៅផ្សារទំនើបអ៊ីអន១ ដើម្បីអបអរសាទរ «វេទិកាកេសរកូលជាតិលើកទី៣»។ ក្នុង​ពិព័រណ៍កេសរកូលនេះ ក៏មានការប្រកាសដាក់ឱ្យប្រើជាផ្លូវការ«សៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅក្នុងប្រទេសកម្ពុជា»ផងដែរ។



​ពិព័រណ៍កេសរកូល ត្រូវ​បាន​រៀបចំ​ឡើង​​ក្នុង​គោល​បំណង​លើកកម្ពស់ការយល់ដឹងអំពីសារសំខាន់ និងគុណតម្លៃនៃប្រភេទកេសរកូលព្រៃ និងរុក្ខជាតិនៅកម្ពុជា សំដៅជំរុញឱ្យមានការចូលរួម និងថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះពីសាធារណជន និងអ្នកពាក់ព័ន្ធ។ លើសពីនេះ ពិព័រណ៍នេះ ក៏​ជា​ផ្នែក​មួយ​ពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីគាំទ្រដល់ការស្រឡាញ់ និងការអភិរក្សកេសរកូលនៅកម្ពុជា។
 
បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន ពិព័រណ៍កេសរកូលនេះ​ ផ្តល់ឱកាសដល់វិស័យឯកជន ចូលរួមការពារ អភិរក្សធនធានធម្មជាតិ និងការគ្រប់គ្រងបរិស្ថាន។ បន្ថែម​លើនេះ ជាការជំរុញ​ការផ្សព្វផ្សាយពីភាពសម្បូរបែបនៃកេសរកូលព្រៃ រុក្ខជាតិគ្រឿងទេស បន្លែ និងផ្លែឈើ ដែលមានវត្តមាននៅកកម្ពុជាផងដែរ​។
 
ពិព័រណ៍កេសរកូល នឹង​មាន​តាំង​បង្ហាញ​ប្រភេទកេសរកូលព្រៃ, កេសរ​កូល​ពូជ​បង្កាត់, រុក្ខជាតិកម្រ, រុក្ខជាតិតាំងលម្អ និង​ផលិត​ផល​ធម្មជាតិ​ជាច្រើន។ ក្នុង​ពិព័រណ៍នេះ ក៏​មាន​ការ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​លម្អដោយ​កេសរកូល​, ការ​សម្ដែង​ល្ខោន​ស្បែក​តូច និង​ការ​ប្រគំ​តន្រ្តី​ក្រុម​តូច សម្រាប់​សាធារណជនទស្សនាដោយសេរី​។​
 
គួរ​បញ្ជាក់ថា ក្នុង​ពិព័រណ៍កេសរកូលនេះ ក្រសួង​បរិស្ថាន​ នឹង​ប្រកាសដាក់ឱ្យប្រើជាផ្លូវការ«សៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅក្នុងប្រទេសកម្ពុជា»ផងដែរ។ ពិព័រណ៍នេះ ចាប់ផ្ដើមនៅថ្ងៃទី​៧ ខែមេសា ពី​ម៉ោង៥ល្ងាច ដល់ម៉ោង៩ យប់ និង​ថ្ងៃទី៨-៩ មេសា ចាប់ពីម៉ោង៩ព្រឹក-៩យប់៕​ 
 

Tag:
 កេសរកូល
  ក្រសួងបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com