ជាតិ
លោក និក ម៉ាក នឹងផ្ដល់ប្រាក់១ពាន់ដុល្លារ ដល់អ្នកជូនដំណឹងច្បាស់ការណ៍ពីករណីបរបាញ់សត្វព្រៃ
04, Apr 2023 , 8:59 pm        
រូបភាព
អ្នកជូនដំណឹងច្បាស់ការណ៍ទាក់ទងករណីបរបាញ់សត្វព្រៃនឹងទទួលបានប្រាក់១ពាន់ដុល្លា
អ្នកជូនដំណឹងច្បាស់ការណ៍ទាក់ទងករណីបរបាញ់សត្វព្រៃនឹងទទួលបានប្រាក់១ពាន់ដុល្លា
ដោយ:
ភ្នំពេញ៖ ករណីបរបាញ់សត្វ​ និងការអន្ទាក់កើតមានជាបន្តបន្ទាប់នៅតាមសហគមន៍ការពារ និងអភិរក្សសត្វព្រៃ ជាច្រើននៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ អង្គការសម្ព័ន្ធភាពសត្វព្រៃនឹងប្រគល់ទឹកប្រាក់ចំនួន១ពាន់ដុល្លាជាការលើកទឹកចិត្ត និងក្នុងន័យកាត់បន្ដយហានិភ័យសម្រាប់សត្វព្រៃនៅក្នុងតំបន់ការពារ។



លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានប្រាប់សារព័ត៌មានថ្មីៗថា ដោយសារថ្មីៗករណីបរបាញ់សត្វព្រៃនៅក្នុងតំបន់ការពារ និងសួនសត្វភ្នំតាម៉ៅនៅតែបន្តកើតមាន បានធ្វើឱ្យ ក្លាយជាបញ្ហាដែលត្រូវយកចិត្តទុកដាក់។ ដោយលោក បន្ថែមថាក្រុមការងារការពារ នៅភ្នំតាម៉ៅ ជាមួយប្រជាសហគមន៍ការពារសត្វព្រៃប្រឹងប្រែងធ្វើការងារនេះ​មិនស្រាក់ស្រាន្ត ប៉ុន្ដែសកម្មភាពដាក់អន្ទាក់ និងប្រមាញ់សត្វនៅមាននៅឡើយ។ 
 
លោក និក បញ្ជាក់ដូច្នេះ៖ « ​យើងចង់ឱ្យសកម្មភាពនៅកាត់បន្តយ លុះត្រាត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់។ ជាមួយគ្នានេះ យើងហ៊ានផ្តល់រង្វាន់លើកទឹកចិត្តដល់ អ្នកជូនដំណឹងច្បាស់ពីសកម្មបរបាញ់ ឬដាក់អន្ទាក់ ឈានដល់ការចាប់ខ្លួនរបស់ជនល្មើស ក្រុមការងារនឹងជូនប្រាក់លើកទឹកចិត្តមួយពាន់ដុល្លា»។ ទន្ទឹមនេះលោកបានពន្យល់ថា ការឱ្យជារង្វាន់សាច់ប្រាក់នេះលោកធ្វើឡើងនៅក្នុងតំបន់ការពារសត្វព្រៃក្រោមការជួយឧបត្ថមរបស់លោក មានដូចជា ព្រៃនៅភ្នំតាម៉ៅ សហគមន៍ការពារព្រៃឈើប្រាំបីមុមខេត្តកំពង់ស្ពឺ ព្រៃនៅក្នុងខេត្តកោះកុងជាដើម។ 
  

លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ រូបភាព៖ លោក ទ្រី ស៊ីថេង
 
ទន្ទឹមនេះ លោកលើកឡើងថា វិធីខាងលើជាផ្នែកមួយជំរុញលើកទឹកចិត្តឱ្យពលរដ្ឋការពារព្រៃ និងសត្វព្រៃកាន់តែច្រើន។ នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តរូបនេះបញ្ជាក់ថា គិតត្រឹមខែ៣ ក្នុងឆ្នាំ​២០២៣ នៅក្នុងសហគមន៍ការពារព្រៃឈើប្រាំបីមុមខេត្តកំពង់ស្ពឺជាង២០០អន្ទាក់ ត្រូវបានដក់ចេញពីចម្ការអំពៅនៅជាប់ដីសហគមន៍​ ជាមួយគ្នានេះអន្ទាក់នៅកន្លែងផ្សេងៗ ក្រៅពីតំបន់នេះ ក៏មិនសូវខុសគ្នាដែរ។ 
 
ជុំវិញបញ្ហាខាងលើ លោកទ្រី ស៊ីថេង ជាអ្នកសម្របសម្រួលសហគមន៍របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃប្រចាំនៅភ្នំតាម៉ៅបានលើកឡើងថា សម្រាប់នៅភ្នំតាម៉ៅករណីដាក់អន្ទាក់មិនសូវមានោះឡើយ ប៉ុន្ដែបញ្ហានៃការលួចបរបាញ់កំពុងប្រឈម។ 


សកម្មភាពរបស់អ្នកបរបាញ់ក្នុងព្រៃភ្នំតាម៉ៅ។ រូបភាព៖ លោក ទ្រី ស៊ីថេង
 
« អ្នកបរបាញ់ដូចជាអត់ខ្លាចរអាអ្នកណាទេ។ ឥឡូវឧបករណ៍ដែលប្រើក៏ទំនើបជាងមុនដែរ បើនិយាយពីកាំភ្លើងវិញ ប្រើសុទ្ធតែអាចាញ់គ្មានសម្លេងឯណោះ។ និយាយទៅអ្នកភូមិ និងប្រជាពលរដ្ឋធម្មតាគេមិនហ៊ានធ្វើបែបនេះទេ»។ នេះជាការលើកឡើងរបស់លោក ស៊ីថេង ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ក្នុងករណីដែលពលរដ្ឋ ឬ អ្នកដែលបានជូនដំណឹងទាក់ទងបទល្មើសចាប់សត្វព្រៃ មកអង្គការសម្ព័នមិត្តសត្វព្រៃនោះ អង្គការនឹងធានា១០០ភាគរយក្នុងការរក្សាការសម្ងាត់ជូន ដូច្នេះមិនមានជនណាម្នាក់ដឹងពីការចូលរួកក្នុងការរាយការណ៍នោះឡើយ។ 
 
តាមបទពិសោធចុះតាមសហគមន៍កន្លងមក លោកបានពោលថា៖ « ខ្ញុំសូមនិយាយបន្ដិច ខ្ញុំដើរតាមព្រៃជាច្រើនកន្លែងណាស់ហើយក្នុងនាមជាអ្នកអភិរក្សសត្វព្រៃ ប៉ុន្ដែបើនិយាយថា សត្វព្រៃមានច្រើនទេ គឺពិតជាសល់មិនច្រើនទេ ជាពិសេសសត្វប្រើស។ សូមកុំចូលភ្នំតាម៉ៅឃើញសត្វច្រើនៗ គិតថានៅព្រៃធម្មជាតិមានច្រើនដូចនៅក្នុងកន្លែងនេះឱ្យសោះ។ បើនៅក្នុងព្រៃកោះកុងវិញយើងបានដាក់កាំមេរ៉ាច្រើនឆ្នាំគួរសម ប៉ុន្ដែរូបភាពសត្វប្រើសដែលចាប់បានមានត្រឹម ៤ ទៅ៥ សន្លឹកប៉ុណ្ណោះ»។  
 
អ្នកថែរក្សសត្វព្រៃទាំងពីររូបខាងលើបានលើកឡើងប្រហែលគ្នាថា អ្នកអភិរក្សគ្រប់រូប ពិតជាចង់ ឱ្យពលរដ្ឋ រួមជាមួយមន្ត្រី និងអាជ្ញាធរជាប់ពាក់ព័ន្ធគ្រប់រូបចូលរួមការពារ និងថែរក្សាសត្វព្រៃដែលសលើតិចតួចនៅក្នុងប្រទេសកម្ពុជា ឱ្យបានគង់រង្ស សម្រាប់អ្នកជំនាន់ក្រោយបានស្គាល់៕


សត្វដែលត្រូវបានបរបាញ់ ដោយយកផ្នែកខ្លះចេញ។ រូបភាព៖ លោក ទ្រី ស៊ីថេង
 


Tag:
 សត្វព្រៃ
  អ្នកបរបាញ់
 
© រក្សាសិទ្ធិដោយ thmeythmey.com