ជាតិ
លោក ស្រ៊ុន ពៅ៖ ការនាំចូលសាច់បង្កក បានប៉ះពាល់ដល់ទីផ្សារក្នុងស្រុក៣០ភាគរយ
04, Apr 2023 , 9:59 pm        
រូបភាព
រូបភាព៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
រូបភាព៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
ភ្នំពេញ៖ ការនាំចូលសាច់បង្កកពីបរទេស កំពុងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារក្នុងស្រុក ២០ ទៅ៣០ភាគរយ។ នេះជាការអះអាងរបស់លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅថ្ងៃទី៤ ខែមេសា ដោយបន្ថែមថា បច្ចុប្បន្ន ជ្រូកក្នុងស្រុកកំពុងកកស្ទះ និងលក់បានតម្លៃថោក។



លោក ស្រ៊ុន ពៅ បានលើកឡើងថា សព្វថ្ងៃ សាច់បង្កកដែលភាគច្រើននាំចូលពីអឺរ៉ុប កំពុងទាញតម្លៃ និងទីផ្សារជ្រូកក្នុងស្រុកឱ្យធ្លាក់ចុះយ៉ាងគំហុក។ ការណ៍នេះ មកពីសាច់បង្កកមានតម្លៃថោក ដែលនាំឱ្យប្រជាជនខ្មែរ ជាពិសេស ចុងភៅ ងាកទៅទិញច្រើន ដោយបានមិនខ្វល់ថា​ ផលិតផលជ្រូកនោះ មានប្រភពមកពីណា និងមានជំងឺ ឬអត់នោះទេ។ 


លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។ រូបភាព៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
 
ការធ្វើបែបនេះ អាចនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ព្រោះថា សាច់បង្កក ដែលនាំចូលភាគច្រើន គ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នោះទេ។
លើសពីនេះ ការចរាចរណ៍សាច់បង្កក បានធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងទីផ្សារជ្រូកក្នុងស្រុកពី ២០ទៅ ៣០ភាគរយ ដែលនាំឱ្យកសិករជាច្រើនបោះបង់ការចិញ្ចឹម ដោយការបាក់ទឹកចិត្ត។ 
 
លោក ស្រ៊ុន ពៅ ប្រាប់ដូច្នេះថា៖« សព្វថ្ងៃនេះ យើងប៉ះពាល់តែចំពោះ សាច់បង្កកទេ។ យើងឃើញហើយ សព្វថ្ងៃនេះ កម្មវិធីធំៗដូចជា បុណ្យ ឬការអី គេប្រើចុងភៅឱ្យទៅទិញសាច់ហ្នឹង ហើយសាច់ហ្នឹង នៅលើទីផ្សារវាថោក។ អ៊ីចឹង! បើគេយកធ្វើ វាចំណេញ គេអត់ពីរឿងសុខភាពប្រជាពលរដ្ឋនោះទេ អាហ្នឹងហើយប៉ះពាល់។ យើងចិញ្ចឹមបានហើយ តែលក់មិនបាន ដោយសារសាច់បង្កកដណ្ដើមយក»។ 
 
បើតាម សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បច្ចុប្បន្ន ជ្រូករស់មានតម្លៃចន្លោះពី ៧ទៅ៨ពាន់រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម។ តម្លៃនេះ កសិករ ត្រូវខាតយ៉ាងតិច ៥០ដុល្លារ ក្នុងជ្រូកមួយក្បាល ក៏ព្រោះតែថ្លៃដើមផលិតកើនខ្ពស់ដល់ ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ 
 
គួរបញ្ជាក់ថា ក្រសួងកសិកម្ម និងអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) កំពុងទប់ស្កាត់ និងចាប់បានសាច់បង្កកខូចគុណភាព ជាហូរហែ។ ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ បានស្នើដល់ពលរដ្ឋ និងចុងភៅ ទាំងអស់ កាត់បន្ថយការប្រើប្រាស់សាច់បង្កកដែលនាំគ្មានប្រភពច្បាស់លាស់ និងងាកមកគាំទ្រសាច់ជ្រូកក្នុងស្រុកវិញ ដើម្បីស្ដារតម្លៃ និងទីផ្សារវិស័យចិញ្ចឹមជ្រូករបស់កម្ពុជាឡើងវិញ៕ 
 

Tag:
 កសិកម្ម
  លោក ស្រ៊ុន ពៅ
  សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com