កីឡាអន្តរជាតិ
អន្តរជាតិ
IOC ប្រឆាំងអ៊ុយក្រែនដាក់ទណ្ឌកម្មស្ថាប័នកីឡាជាតិ​ បើអត្តពលិកខ្លួនប្រកួតទល់រុស្ស៊ី-បេឡារុស
06, Apr 2023 , 9:29 pm        
រូបភាព
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ថ្ងៃទី៥ ខែមេសា បាននិយាយថាខ្លួននឹងប្រឆាំងចំណាត់ការរដ្ឋាភិបាលអ៊ុយក្រែនដែលចង់ដកហូតរាល់ស្ថាប័ន និងសហព័ន្ធគ្រប់គ្រងកីឡាជាតិរបស់ពួកគេចេញពីអូឡាំពិក ប្រសិនបើអត្តពលិកអ៊ុយក្រែនប្រកួតជាមួយអត្តពលិករុស្ស៊ី និងបេឡារុស។

 
តាំងពីចុងខែកុម្ភៈ ឆ្នាំ ២០២២ មក IOC បានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងបេឡារុស មិនឱ្យចូលរួមប្រកួតលើប្រភេទកីឡាអន្តរជាតិនានា បន្ទាប់ពីប្រទេស រុស្ស៊ីបានវាយលុកលុយចូលប្រទេសអ៊ុយក្រែន។ មកដល់ពេលនេះ សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនកំពុងតែបន្តយ៉ាងក្តៅកគុក។
 
នៅថ្ងៃទី៥ មេសា ស្ថាប័ន IOC បានឆ្លើយតបទៅកាន់រដ្ឋាភិបាលអ៊ុយក្រែន ដែលគំរាមនឹងដកសហព័ន្ធកីឡារបស់ពួកគេ និងហាមឃាត់សហព័ន្ធកីឡា​ទាំងអស់មិនឱ្យចូលរួមការប្រកួត Paris 2024 បើអត្តពលិករបស់ពួកគេប្រកួតលើឆាកអន្តរជាតិទល់នឹងអត្តពលិកជនជាតិរុស្ស៊ី និងបេឡារុស។ IOC លើកឡើងថា អ៊ុយក្រែនបានផ្តល់សំណួរធ្ងន់ធ្ងរអំពីស្វ័យភាពនៃកីឡាអ៊ុយក្រែនមកកាន់ស្ថាប័នកីឡា ហើយនឹងអាចប៉ះពាល់ដល់អត្តពលិកអ៊ុយក្រែន។
 
«ការសម្រេចចិត្តណាមួយនឹងផ្តល់ការឈឺចាប់ដល់អត្តពលិកអ៊ុយក្រែន និងស្ថាប័នកីឡាជាតិអ៊ុយក្រែនតែប៉ុណ្ណោះ ហើយក្នុងគោលបំណងមួយដែលមិនប៉ះពាល់ដល់សង្គ្រាម ដែលយើងចង់បាននោះគឺការបញ្ចប់បញ្ហា។ IOC សូមថ្កោលទោសចំពោះបំណងរបស់អ៊ុយក្រែន។»។ នេះជាការអះអាងរបស់ IOC។
 
IOC ក៏បានរួមបញ្ជូលនៅសេចក្តីថ្លែងការណ៍មួយសំដៅគាំទ្រទៅកាន់សហព័ន្ធកីឡាវាយកូនបាល់ ដែលថាការផ្លាស់ប្តូរនេះ នឹងនាំទៅរកការបំផ្លាញកីឡាវាយកូនបាល់របស់អ៊ុយក្រែន។ IOC បានអះអាងបន្ថែមដូច្នេះថា៖«មានតែកីឡាករមកពីប្រទេសអ៊ុយក្រែនទេដែលចូលរួមច្រើនរាល់ការប្រកួតកីឡានេះ ហើយប្រសិនបើនឹងរងទណ្ឌកម្មនោះគឺអត្តពលិកអ៊ុយក្រែននឹងរងគ្រោះ មិនមែនរុស្ស៊ីទេ។»។
 
ពីដំបូងឡើយ ​អ៊ុយក្រែនក៏ធ្លាប់បានសម្រេចចិត្តថានឹងមិនបញ្ជូនអត្តពលិកខ្លួនទៅកាន់ការប្រកួតប្រជែងវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍អូឡាំពិក ២០២៤ នៅទីក្រុងប៉ារីសឡើយ ប្រសិនបើការប្រកួតនោះ មានអត្តពលិករុស្ស៊ី។
 
បញ្ហាទំនាស់រវាង IOC នឹងអ៊ុយក្រែនបន្តកើតឡើងរយៈពេលជាង ៣ខែរួចមកហើយចាប់តាំងពីដើមឆ្នាំ ២០២៣ មកដល់ដើមខែមេសានេះ ព្រោះតែស្ថាប័នកីឡាដ៏ធំលើពិភពលោកមួយនេះបានសម្រេចចិត្តជំរុញឱ្យអត្តពលិករុស្ស៊ី និងបេឡារុសមកប្រកួតក្នុង Paris 2024 វិញ ខណៈដែលអ៊ុយក្រែនព្រមានធ្វើពហិការការប្រកួតនេះ បើមានរុស្ស៊ី៕

Tag:
 IOC
  Olympic
  Paris 2024
© រក្សាសិទ្ធិដោយ thmeythmey.com