ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទវិភាគ
ប្រធានសង្ឃវត្តអង្គពោធិញាណ រៀបចំសង្រ្កាន្តដើម្បីបង្ហាញអរិយធម៌ ប្រពៃណីដល់ពុទ្ធបរិស័ទ
× ភ្នំពេញ៖ វត្តអង្គពោធិញ្ញាណ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នឹងរៀបចំសង្ក្រាន្តពោធិញ្ញាណ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ មេសានេះ។ ព្រះតេជគុណ ស៊ូ ចាន់ណារិន ប្រធានគ្រប់គ្រងសង្ឃ នៅវត្តអង្គពោធិញាណ សង្ឃដីកាថា កម្មវិធីសង្រ្កាន្តនេះរៀបចំឡើងដើម្បីចង់បង្ហាញអរិយធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរតាំងពីសម័យបុរាណ ដល់ពុទ្ធបរិស័ពនាសម័យបច្ចុប្បន្ន។
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាន នៃសារព័ត៌មានឌីជីថលថ្មីៗ និងព្រះតេជគុណ ស៊ូ ចាន់ណារិន ប្រធានគ្រប់គ្រងសង្ឃ នៅវត្តអង្គពោធិញាណ ខាងក្រោមដូចតទៅ៖
ប្រធានគ្រប់គ្រងសង្ឃអង្គនេះ សង្ឃដីកាបញ្ជាក់ថា នេះជាឆ្នាំដំបូង ដែលវត្តអង្គពោធិញាណរៀបចំឱ្យមានកម្មវិធីសង្រ្កាន្តដូច្នេះ។ ចំពោះគោលបំណងនៃការរៀបចំ គឺដើម្បីបង្កើតបរិយាកាសកម្សាន្តសប្បាយដល់ពុទ្ធបរិសទ ជាពិសេសបង្ហាញវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ តាមរយៈការតាំងបង្ហាញវត្ថុប្រើប្រាស់បុរាណ ល្បែងប្រជាប្រិយ និងការសម្ដែងក្បាច់គុនបុរាណជាដើម។
ព្រះតេជគុណ ស៊ូ ចាន់ណារិន មានសង្ឃដីកាដូច្នេះ៖ «យើងធ្វើទាំងអស់នេះ ដើម្បីបង្ហាញអំពីវប្បធម៌ខ្មែរ ដែលចាស់ៗជំនាន់ដើមបានបន្សល់ទុកឱ្យក្មេងៗជំនាន់ក្រោយឱ្យឈ្វេងយល់ទាំងអស់គ្នា។ ដោយសារមួយរយៈនេះ យើងមានវប្បធម៌ដទៃហូរចូលច្រើន យើងក៏រៀបចំល្បែងប្រជាប្រិយ សម្ភារបុរាណ ទាំងអស់នេះយើងគាស់កកាយ យកមកបង្ហាញអំពីវប្បធម៌ខ្មែរឱ្យរស់ឡើងវិញ»។
ព្រះតេជគុណ ស៊ូ ចាន់ណារិន ប្រធានគ្រប់គ្រងសង្ឃ នៅវត្តអង្គពោធិញាណ
ប្រធានគ្រប់គ្រងសង្ឃអង្គនេះ យល់ថា ការរៀបចំកម្មវិធីសង្រ្កាន្តនារដូវកាលចូលឆ្នាំខ្មែរ ពិតជាមានសារសំខាន់ ព្រោះវាជាឱកាសសម្រាប់ក្មេងៗអាចមើលឃើញពីវប្បធម៌ និងអរិយធម៌នៃប្រទេសកំណើតរបស់ខ្លួន។ ម្យ៉ាងវាក៏ជាផ្នែកមួយក្នុងការរក្សាកេរដំណែលរបស់ជាតិ និងរម្លឹកដល់ពលរដ្ឋគ្រប់ជំនាន់ផងដែរ។
ចំពោះការរៀបចំសង្រ្កាន្តឆ្នាំដំបូងនៅវត្តពោធិញាណនេះ ធ្វើឡើងដោយចំណាយថវិការបស់ព្រះតេជគុណប្រមាណ៥០ភាគរយ លើសម្ភារតុបតែងផ្សេងៗ ចំណែកឯ៥០ភាគរយទៀត ជាការចូលរួមស្មគ្រចិត្តសម្ដែងដូចជារបាំត្រុដិ យុទ្ធគុនខម និងកម្លាំងរៀបចំដោយព្រះសង្ឃជាង១០អង្គនៅក្នុងវត្ត៕
Tag:
ចូលឆ្នាំខ្មែរ
សង្រ្កាន្ត
វត្តអង្គពោធិញាណ
© រក្សាសិទ្ធិដោយ thmeythmey.com