ជាតិ
កំពត ក្លាយជាខេត្តទី១២ ដែល«អស់មីន» នៅកម្ពុជា​
07, Apr 2023 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ខេត្តកំពត ត្រូវបានប្រកាសជាខេត្តអស់មីន ទី១២ ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»  និងឆ្ពោះទៅរកកម្ពុជា គ្មានមីនឆ្នាំ២០២៥។ នេះបើតាមហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី ៦ ខែ មេសា ។



មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មជ្ឈមណ្ឌលជាតិ NPMEC និងអង្គការ HALO Trust បានបោសសម្អាតមីននៅខេត្តកំពត រយៈពេលជិត៣០ឆ្នាំមកហើយ។ ការបោសសម្អាតនេះ ត្រូវបានធ្វើឡើង លើផ្ទៃដីសរុបចំនួន ២៥ ៦៦៦ ១៤១ ម៉ែត្រក្រឡា ស្មើនឹង ២៥២ ចម្ការមីន/គ្រាប់ ដោយរកឃើញ និងបានបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ៤៥៥៣ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១១ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ២៨ ៨៧២ គ្រាប់ ដោយមានអ្នកទទួលផលសរុបចំនួន ២២១ ៤៤៣ នាក់ ។ 
  

រូបភាពពីរដ្ឋបាលខេត្តកំពត
 
ជាមួយគ្នានេះ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានចំនួន ២ ៥៧៩ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ក្នុងនោះផ្ទៃដីប្រមាណ ៧៦ភាគរយ ត្រូវបានយកប្រើប្រាស់សម្រាប់ធ្វើកសិកម្ម។ ដោយឡែក ផ្ទៃដីដែលសង្ស័យនៅមានមីននិងគ្រាប់ មានចំនួន ១ ៨៨៥ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដី ចំនួន ៥៦៣ គីឡូម៉ែត្រក្រឡា នឹងត្រូវបានគ្រោងបោសសម្អាតឱ្យអស់ត្រឹមឆ្នាំ២០២៥។  
 
គួរជម្រាបថា អាជ្ញាធរមីន បានប្រកាសរាជធានីខេត្តចំនួន ១២ ហើយ ដែលអស់មីន រួម ខេត្ត ស្ទឹងត្រែង កែប ព្រៃវែង រាជធានីភ្នំពេញ ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ និងខេត្តកំពត៕  
 

Tag:
 កំពត
  មីន
© រក្សាសិទ្ធិដោយ thmeythmey.com