ជាតិ
ឆ្នេរសហគមន៍នេសាទ ទីទេសចរណ៍ធម្មជាតិដ៏សម្បូរបែប ស្ថិតក្នុងខេត្តកោះកុង
× ឆ្នេរសហគមន៍នេសាទ ជាផលិតផលទេសចរណ៍សហគមន៍ថ្មី ក្នុងខេត្តកោះកុង។ ឆ្នេរនេះ ស្ថិតក្នុងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្ទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលមានពលរដ្ឋប្រមាណជិត២ពាន់នាក់កំពុងរស់នៅ។ នៅទីនោះ ទេសចរអាច ជិះទូកកម្សាន្តតាមដងព្រែកទស្សនាថ្ងៃរះ ថ្ងៃលិច ដាំដើមកោងកាង បោះតង់ ចាក់ខ្យង អូសមោង ស្ទូចត្រី ផ្ទះស្នាក់ និងអាហារសហគមន៍ផងដែរ។
ឆ្នេរសហគមន៍នេសាទ ស្ថិតក្នុងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្ទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលមានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រពីទីរួមខេត្តកោះកុង។ ឆ្នេរនេះ មានពលរដ្ឋប្រមាណ៤៣១គ្រួសារកំពុងរស់នៅ ដែលភាគច្រើនជាអ្នកនេសាទ។
អ្នកស្រី នង លឹមហ៊ាង ប្រធានក្រុមផ្ទះស្នាក់ ក្នុងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្ទ ឃុំជ្រោយស្វាយ លើកឡើងថា សហគមន៍នេះបានចាប់ផ្ដើមផ្ដល់សេវាទេសចរណ៍នៅឆ្នាំ២០១៩ ដែលមានសេវាបើកទូកកម្សាន្តជូនភ្ញៀវទេសចរ,ដាំកូនកោងកាង,ផ្ទះស្នាក់,បោះតង់,ម្ហូបអាហារសហគមន៍,ស្ទូចត្រី,អូសមោង,ចាក់ខ្យង និងសកម្មភាពផ្សេងៗទៀតតាមតម្រូវការទេសចរ។
ក្រៅពីការកម្សាន្ត នៅទីនោះទេសចរអាចស្វែងយល់ពីការរស់នៅរបស់ពលរដ្ឋក្នុងសហគមន៍ ការនេសាទត្រី និងគយគន់សម្រស់ធម្មជាតិជាប់ឆ្នេរសមុទ្ទយ៉ាងស្រស់ត្រកាលផងដែរ។ អ្នកស្រី លឹមហ៊ាង បន្ថែមថា ឆ្នេរសហគមន៍នេសាទនេះ ពុំទាន់មានទេសចរស្គាល់ច្រើនឡើយ ដោយពុំទាន់មានការកែច្នៃឱ្យទៅជាតំបន់ទេសចរណ៍ទាំងស្រុងនោះឡើយ។
«សេវាអេកូទេសចរណ៍ហ្នឹងយើងមិនពឹងផ្អែកទាំងស្រុងឡើយ។ ប្រជាសហគមន៍ភាគច្រើនអាស្រ័យការនេសាទ និងដាំដំណាំ ហើយផលនេសាទហ្នឹងយកមកលក់ក្នុងភូមិ ឃុំវិញ។ យើងមិនពឹងលើទេសចរណ៍ទេ ដោយសារភ្ញៀវមានតិចដែរ ហើយឥឡូវយើងកំពុងពង្រីក និងកែច្នៃថែមទៀត»។ នេះជាការលើកឡើងរបស់អ្នកស្រី នង លឹមហ៊ាង ដែលបន្តថា បច្ចុប្បន្នសហគមន៍កំពុងរៀបចំផ្ទះស្នាក់ ទីតាំងកន្លែងកម្សាន្តក្នុងសហគមន៍សម្រាប់ភ្ញៀវទេសចរ។
ប្រធានក្រុមផ្ទះស្នាក់រូបនេះ អះអាងថា អំឡុងឆ្នាំ២០១៩ មានទេសចរទៅកម្សាន្តតិចតួចប៉ុណ្ណោះ ក្រោយមកនៅឆ្នាំ២០២០ ក៏បានផ្អាកទទួលទេសចរដោយសារការរាលដាលជំងឺកូវីដ-១៩ រហូតមកដល់ដើមឆ្នាំ២០២៣នេះ ឆ្នេរសហគមន៍នេសាទ ឃុំជ្រោយស្វាយ មានទេសចរមកកម្សាន្តប្រមាណជិត២០០នាក់ប៉ុណ្ណោះ៕
Tag:
ឆ្នេរសហគមន៍នេសាទ
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com