កីឡាអន្តរជាតិ
អន្តរជាតិ
ទោះស្ថិតក្រោមសម្ពាធ FIFA តែឥណ្ឌូណេស៊ីជឿជាក់ក្រុមធ្វើបានល្អនៅស៊ីហ្គេមកម្ពុជា
08, Apr 2023 , 9:29 pm        
រូបភាព
រូបភាព PSSI
រូបភាព PSSI
ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir នៅតែជឿជាក់លើក្រុមកីឡាបាល់ទាត់អាយុក្រោម២២ឆ្នាំ ឥណ្ឌូណេស៊ី (U22) នឹងធ្វើបានល្អក្នុងបេសកកម្មដណ្តើមមេដាយមាសនៅព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសកម្ពុជា បើទោះស្ថិតក្រោមសម្ភាធរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ PSSI ស្ថិតក្រោមការគំរាមកំហែងពីការដាក់ទណ្ឌកម្មរបស់ FIFA លើបញ្ហាការប្រកួត U20 World Cup របស់ក្រុមនារីឥណ្ឌូណេស៊ី។

កាលពីពេលថ្មីៗនេះ ប្រទេសឥណ្ឌូណេស៊ីត្រូវបាន FIFA សម្រេចដកសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត U20 World Cup បន្ទាប់ពីមានបញ្ហារឿងរ៉ាវផ្នែកនយោបាយចូលពាក់ព័ន្ធ​ ព្រមទាំងបានរំខានដល់ដំណើរការនៃការចាប់ឆ្នោតវគ្គចែកពូលការប្រកួត ដែលត្រូវធ្វើឡើងនៅក្នុងខេត្តបាលី។ 
សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមវិញ ក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំ ឥណ្ឌូណេស៊ី ត្រូវបានចាប់ឆ្នោតចូលពូលក្នុងពូល A សម្រាប់ការប្រកួតព្រឹត្តិការណ៍ស៊ីហ្កេម ២០២៣ ដែលការចាប់ឆ្នោតបានធ្វើឡើងនៅថ្ងៃទី៥ ខែមេសា។ 
ឥណ្ឌូណេស៊ី ស្ថិតក្នុងពូលជាមួយម្ចាស់ផ្ទះកម្ពុជា,មីយ៉ាន់ម៉ា​, ហ្វីលីពីន និងទីម័រខាងកើត ដោយគេចផុតចេញពីពូលដ៏លំបាក គឺពូល B ដែលមានក្រុមការពារតំណែងជើងឯកវៀតណាម ថៃ, ម៉ាឡេស៊ី, សិង្ហបុរិ និងឡាវ។
ប្រធាន PSSI បានបង្ហាញក្តីរំពឹងថា បញ្ហាជុំវិញការដកសិទ្ធិធ្វើម្ចាស់ការប្រកួត ​U20 World Cup នឹងមិនប៉ះពាល់ដល់ការចូលរួមរបស់ក្រុមនៅក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ឡើយ។



«PSSI កំពុងបន្តទំនាក់ទំនងជាមួយ FIFA។ ក្តីរំពឹងរបស់យើងគឺថាអ្នកទាំងអស់គ្នា នឹងអាចបង្ហាញខ្លួននៅព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីបេសកកម្មឈ្នះមេដាយមាសឡើងវិញ ក្រោយអាក់ខានតាំងពីឆ្នាំ ១៩៩១ ក្នុងប្រទេសហ្វីលីពីន។»។ លោក Erick Thohir ប្រធាន PSSI អះអាងដូច្នេះ។
 
បើទោះបីជាចាប់ឆ្នោតដោយមិនស្ថិតនៅក្នុងពូលជាមួយក្រុមខ្លាំងៗដូចជា វៀតណាម និង ថៃ​ តែលោក Thohir បានលើកឡើងបន្ថែមដូច្នេះថា៖«ការប្រជែងជាមួយក្រុមស្ថិតនៅក្នុងស៊ីហ្គេម គឺមិនមានគូប្រជែងដែលងាយស្រួលយកឈ្នះទេ យើងនឹងជួបរឿងលំបាកសម្រាប់ការប្រជែងនៃបេសកកម្មឈ្នះមេដាយមាសស៊ីហ្គេម។»។
 
មិនខុសពីប្រធាន PSSI ឡើយ គ្រូបង្វឹកក្រុម U22 ឥណ្ឌូណេស៊ីលោក Indra Sjafri ​ថាកូនក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រយុទ្ធនៅការប្រកួតស៊ីហ្គេម។ លោក Sjafri ក៏បានផ្តាំថាទៅកាន់កូនក្រុមថា រាល់គូប្រកួតទាំងអស់សុទ្ធសឹងតែពិបាកយកឈ្នះ ដូច្នេះមិនត្រូវមើលស្រាល តែត្រូវធ្វើការងារឱ្យបានល្អបំផុតសម្រាប់ការប្រកួត។»៕
 
 
 
 
 

Tag:
 PSSI
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com