កីឡាអន្តរជាតិ
អន្តរជាតិ
Son ក្លាយជាកីឡាករអាស៊ីលើកដំបូងដែលរកបាន ១០០គ្រាប់នៅ Premier League 
×![]()
ខ្សែប្រយុទ្ធ Son Heung-Min រកបានគ្រាប់បាល់ទី ១០០ ប្រចាំអាជីពរបស់ខ្លួននៅក្នុងក្របខណ្ឌ Premier League បន្ទាប់ពីស៊ុតបាល់មួយគ្រាប់ក្នុងការប្រកួត Tottenham Hotspur យកឈ្នះលទ្ធផល ២-១ លើក្រុម Brighton & Hove Albion ថ្ងៃទី៨ ខែមេសា។ Son ក្លាយជាកីឡាករអាស៊ីលើកដំបូងដែលរកបាន ១០០គ្រាប់នៅ Premier League។
ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង ស៊ុតបាល់កោងពីចម្ងាយបញ្ចូលបានយ៉ាងល្អ នៅពីលើតំបន់ប្រអប់ទីរបស់ក្រុម Brighton នៅក្នុងពាក់កណ្តាលវគ្គទីមួយ នឹងបានជួយ Spurs ឡើងទៅឈរចំណាត់ថ្នាក់លេខ ៥ នៃក្រុមកំពូលតារាង។
ការស៊ុតបាល់បញ្ចូលទីយ៉ាងល្អនេះ ប្រៀបបានជាការស្វាគមន៍កីឡាករវ័យ ៣០ឆ្នាំ និងជាកម្លាំងចិត្តជាថ្មីសម្រាប់គេ ដែលមិនសូវរកបានគ្រាប់បាល់ក្នុងរដូវកាលនេះ។
ក្រោយមកកីឡាករ Lewis Dunk បានរកគ្រាប់តាមស្មើ ១-១ មកវិញ មុននឹងSpurs រកបានគ្រាប់បាលជ័យជម្នះ ដែលសម្រេចបានដោយ Harry Kane នៅនាទី៧៩។ Spurs បាត់បង់ឱកាសប្រជែងពានរង្វាន់ផ្សេងៗទៀតក្នុងដៃ ខណៈខ្លួននៅសល់តែការប្រកួតដណ្ដើមតំណែង ក្រុមចំណាត់ថ្នាក់កំពូលទាំង ៤ ដើម្បីមានឱកាសលេងនៅ Champions League រដូវកាលក្រោយ។
«នេះជាអ្វីដែលខ្ញុំបានស្រមៃចង់បាន វាពិតជារឿងដ៏អស្ចារ្យដែលខ្ញុំទទួលបាន ហើយប្រសិនបើគ្មានការជួយជំរុញពីមិត្តរួមក្រុមខ្ញុំនោះទេ ខ្ញុំមិនអាចសម្រេចវាបានទេ។ គ្រាប់បាល់ទី ១០០ នៅ Premier league គឺជារឿងដ៏ពិបាក ខ្ញុំពិតជារីករាយខ្លាំង ព្រោះខ្ញុំបានឆ្លងកាត់វេលាដ៏លំបាកកាលពីសប្តាហ៍កន្លងទៅ មិនតែប៉ុណ្ណោះលោកយាយខ្ញុំទើបតែចែកឋានទៅ ហើយវាមិនងាយស្រួលឡើយសម្រាប់ខ្ញុំ ខ្ញុំចង់ផ្ញើគ្រាប់បាល់នេះឧទ្ទិសដល់គាត់។»។ Son បាននិយាយប្រាប់ BBC Sports បែបនេះ។
Son បានមកកាន់ Spurs កាលពីឆ្នាំ ២០១៥ ដោយផ្លាស់ពីក្រុម Bayer Leverkusen របស់អាល្លឺម៉ង់ក្នុងតម្លៃខ្លួន ២៧លានដុល្លារ។ កាលពីរដូវកាលមុន Son បានក្លាយជាកីឡាករឈ្នះពានរង្វាន់ស្បែកជើងមាស ដោយបានចែករំលែកជាមួយនឹងកីឡាករ Mohamed Salah ដែលរកបាន ២៣គ្រាប់ដូចគ្នា។
ក្រោយពេលដែលកីឡាករវ័យ ៣០ឆ្នាំ រកបានគ្រាប់បាល់ទី ១០០ នៅ Premier League ដែលជាក្តីស្រមៃ រូបគេក៏បានផ្តាំផ្ញើទៅដល់កីឡាករមកពីតំបន់អាស៊ីដទៃទៀត ឱ្យមានក្តីស្រមៃដូចជារូបគេ ដើម្បីអាចឈានជើងលេងនៅក្នុងក្របខណ្ឌបាល់ទាត់ធំៗអឺរ៉ុប និងសម្រេចបានសមិទ្ធិផលដូចគ្នានេះ៕
Tag:
Son Heung-Min
Premier league
© រក្សាសិទ្ធិដោយ thmeythmey.com