ជាតិ
Mercedes-Benz ប្រភេទW114 និងW115 ជា​​​ឡាន​អាយុលើស​៤០​ឆ្នាំដែលមានច្រើន​ជាង​គេ​នៅកម្ពុជា
09, Apr 2023 , 7:59 pm        
រូបភាព
កណ្តាល៖ នៅ​យានដ្ឋាន​មួយ​កន្លែងដែលស្ថិតនៅបណ្តោយផ្លូវ១១៥ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល មាន រថយន្ដ​ម៉ាក MERCEDES-BENZ ប្រភេទ W114 ម៉ូឌែល 250 ពណ៌​ពងមាន់​ ផលិត​ឆ្នាំ​១៩៧១ មួយគ្រឿង។ វា​ត្រូវ​ការ​ជួសជុល​ម៉ាស៊ីន ក៏ប៉ុន្តែ​ទោះ​បី​ជា​មាន​អាយុកាល​ជាង៥០ឆ្នាំ ក៏​វា​នៅ​តែ​ស្អាត​មិន​គួរ​ឱ្យ​ជឿ ជាពិសេស​ខាង​ក្នុង​វា​ស្អាត​ដូច​ពីដើម។ ក្រៅ​ពី​រថយន្ដយោធា M151 ម៉ូឌែល A2 MERCEDES-BENZ W114 និង W115 អាចនិយាយ​បាន​ថា ជា​ប្រភេទ​ឡាន​បុរាណ លើស​ពី៤០​ឆ្នាំ ដែល​មាន​ច្រើន​ជាង​គេ​ក្នុង​ប្រទេសកម្ពុជា។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 
​​MERCEDES-BENZ W114 និង W115 ខុសគ្នា​តែ​ម៉ាស៊ីន​ប៉ុណ្ណោះ។ MERCEDES-BENZ W114 250 ជំនាន់​ទី១ ​មាន​លេខ​កូដ​ក្រុមហ៊ុន W114.010 រហូត​ដល់​ឆ្នាំ១៩៧០ និង​ W114.011 រហូត​ដល់​ឆ្នាំ​១៩៧៣។ លេខ 250 មក​ពី​ម៉ាស៊ីន​មាន​ចំណុះ ២៥០០ សង់ទីម៉ែត្រ​គីប។ ប៉ុន្តែ​មាន​លេខ​កូដ​ខុសគ្នា ពីព្រោះ​ចាប់​ពី​ឆ្នាំ​១៩៧០ ត្រូវ​ដំឡើង​ម៉ាស៊ីន ២៨០០ សង់ទីម៉ែត្រគីប​វិញ។ ត្រូវបាន​ផលិត​ MERCEDES-BENZ W114 ជំនាន់​ទី១ ចំនួន ១០០ ៩២៧ គ្រឿង ពី​ឆ្នាំ​១៩៦៨ ដល់​ឆ្នាំ​១៩៧៣ និង​ MERCEDES-BENZ W114 ជំនាន់​ទី២ (ជំនាន់​ចុងក្រោយ) ចំនួន ១១ ៤៣៧ គ្រឿង ពី​ឆ្នាំ​១៩៧៣ ដល់​ឆ្នាំ​១៩៧៦។​
 

MERCEDES-BENZ W114 និង W115 មាន​ម៉ាស៊ីនខ្លាំង ព្រោះរថយន្ដ​ប្រភេទ​នេះ​មាន​ទម្ងន់​ធ្ងន់ដែរ : ១ ៣០០​គីឡូក្រាម។ វា​ស៊ី​សាំង​ច្រើន​ : ១៥លីត្រ ​ក្នុង​១០០គីឡូម៉ែត្រ។ ពី​ដើម​ អាច​ជិះ​បាន​ដល់​ល្បឿន​អតិបរិមា​ ១៣៥​គីឡូម៉ែត្រក្នុង​១​ម៉ោង។ MERCEDES-BENZ W114 និង W115 ត្រូវបាន​ផលិត​ពីឆ្នាំ​១៩៦៨ ដល់ឆ្នាំ​១៩៧៦ ចំនួន​សរុប​​ ១ ៩១៩ ០៥៦ គ្រឿង។ ​ប្រភេទ W114 មាន​ម៉ាស៊ីន ៦ស៊ីឡាំង ហើយ​អាស្រ័យ​តាម​ម៉ូឌែល ប្រភេទ W115 មានម៉ាស៊ីន ៥ស៊ីឡាំង ឬ​៤​ស៊ីឡាំង។
 
អត្ថបទទាក់ទង
  
 


MERCEDES-BENZ ជា​ក្រុមហ៊ុន​អាល្លឺម៉ង់ ដែល​បច្ចុប្បន្នស្ថិត​នៅ​ក្នុងក្រុមសម្ព័ន្ធ DAIMLERCHRYSLER ។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បង្កើតឡើង ​ឆ្នាំ​១៩២៦ ដោយ​លោក DAIMLER Paul លោក BENZ Carl និងលោក JELLINEK Emil ដែល​កូន​ស្រី​ឈ្មោះ Mercédès ៕
 

Tag:
 យានយន្ត
  រថយន្ត
  ឡានបុរាណ
  យានយន្តបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com