កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ីហ្គេម៖ ក្រុមបាល់ទាត់វៀតណាមទាំងបុរស-នារី​ ​ដាក់គោលដៅការពារមេដាយមាសនៅកម្ពុជា
09, Apr 2023 , 9:29 pm        
រូបភាព
រូបភាពពី VFF
រូបភាពពី VFF
ក្រុមបាល់ទាត់វៀតណាមអាយុក្រុម ២២ឆ្នាំ ទាំងបុរស និងនារី ប្តេជ្ញាធ្វើឱ្យបានល្អបំផុតដើម្បីការពារតំណែងជើងឯករបស់ពួកគេក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្កេមលើកទី ៣២​ ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមសម្តីអគ្គលេខាធិការសហព័ន្ធបាល់ទាត់វៀតណាម ​(VFF) លោក Duong Nghiep ​Khoi។

វិញ្ញសាបាល់ទាត់បុរសអាយុក្រោម ២២ឆ្នាំ នៅព្រឹត្តិការណ៍ស៊ីហ្គេមទី ៣២ ក្រុមការពារជើងឯកវៀតណាមស្ថិតនៅក្នុងពូល B ដែលរួមមានក្រុមថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ។ ចំណែកក្រុមបាល់ទាត់នារីវិញ ស្ថិតនៅក្នុងពូល A ដែលមានក្រុមមីយ៉ាន់ម៉ា, ហ្វីលីពីន និងម៉ាឡេស៊ី។ 
 
លោក Duong Nghiep Khoi អគ្គលេខាធិការ VFF បានឆ្លើយតបទៅនឹងលទ្ធផលនៃការចាប់ឆ្នោតចែកពូលសម្រាប់ក្រុមបាល់ទាត់វៀតណាម U22 ទាំងបុរស និងនារី ថាលោកទទួលស្គាល់ចំពោះការប្រកួតប្រជែងដ៏លំបាក ដែលត្រូវជួបក្រុមខ្លាំងៗសម្រាប់ប្រជែងក្នុងដំណើរការពារតំណែងមេដាយមាស។
 
«យើងបានរំពឹងរួចហើយថាក្រុមវៀតណាមនឹងធ្លាក់ទៅក្នុងពូលសម្បូរទៅដោយក្រុមខ្លាំងៗ ហើយយើងនឹងធ្វើឱ្យបានល្អដើម្បីការពារតំណែងរបស់យើង។ បាល់ទាត់នារីត្រូវជួបគូប្រជែងដូចជាហ្វីលីពីន និងមីយ៉ាន់ម៉ា ចំណែកក្រុមបុរសត្រូវជួបថៃដែលជាគូប្រជែងខ្លាំងបំផុត រួមគ្នាជាមួយម៉ាឡេស៊ី និងសីង្ហបុរី។»។ នេះបើតាមសម្តីរបស់អគ្គលេខាធិការ VFF ប្រាប់ទៅអ្នកកាសែត។
 
ក្រុមបុរសវៀតបានយកឈ្នះថៃក្នុងការប្រកួតដណ្តើមមេដាយមាសក្នុងលទ្ធផល ១-០ ខណៈក្រុមនារីវៀតណាមក៏បានឈ្នះថៃក្នុងលទ្ធផល ១-០ ដូចគ្នា ក្នុងការប្រកួតស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅវៀតណាម។
 
សម្រាប់ការប្រកួតវិញ្ញសាបាល់ទាត់បុរសអាយុក្រោម ២២ឆ្នាំនៅស៊ីហ្គេមលើកទី៣២ ជំនួបពូល A កម្ពុជាដែលជាម្ចាស់ផ្ទះនឹងត្រូវបើកឆាកការប្រកួតដំបូងទល់នឹងក្រុមទីម័រខាងកើត នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧យប់ មុនបន្តជួបហ្វីលីពីន មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ីនៅកីឡដ្ឋានដដែលនេះ​។ 
 
ការប្រកួតសម្រាប់ក្រុមស្ថិតនៅក្នុងពូល B វិញ នឹងត្រូវធ្វើឡើងក្នុងកីឡដ្ឋាន ​Prince Stadium ចាប់ពីថ្ងៃទី៣០ ខែមេសាទៅ៕
 

Tag:
 ស៊ីហ្គេម២០២៣
  វៀតណាម
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com