គម្លាតពិន្ទុនាំមុខកំពូលតារាងនៃក្របខណ្ឌ Premier League របស់ Arsenal ថមថយ បន្ទាប់ពីខកខានជ័យជម្នះដ៏ធំនៅទឹកដី Anfield ក្រោយ Liverpool វាយបកតាមស្មើវិញក្នុងលទ្ធផល ២-២ ក្នុងជំនួបលីគសប្តាហ៍ទី៣០ នាថ្ងៃទី៩ ខែមេសា។ គ្រូកាំភ្លើងធំ និងហង្សក្រហមសុទ្ធតែមិនពេញចិត្តលទ្ធផល និងបន្ទោសកូនក្រុមរៀងខ្លួន។
ក្រុមកាំភ្លើងធំ បានចាប់ផ្តើមការប្រកួតយ៉ាងល្អដោយអាចធ្វើបានគ្រាប់បាល់ ២គ្រាប់ស៊ុតលើក្រុមម្ចាស់ផ្ទះ Liverpool ត្រឹមនាទី២៨ នៃវគ្គទីមួយ។ ២គ្រាប់របស់ Arsenal ធ្វើបានដោយកីឡាករ Gabriel Martinelli នាទី៨ និង Gabriel Jesus នៅនាទី២៨ មុនពេលដែលកីឡាករ Mohamed Salah រកបានគ្រាប់បាល់តាមមកវិញ ១គ្រាប់សម្រាប់ Liverpool នៅនាទី៤២។

ក្នុងវគ្គទីពីរ Arsenal បានសម្លឹងមើលជ័យជម្នះបំបែកកំណត់ត្រាលើកដំបូងក្នុងទឹកដី Anfield ចាប់តាំងពីឆ្នាំ ២០១២ មក ជាមួយ ៣ពិន្ទុដ៏សំខាន់សម្រាប់ពួកគេក្នុងដំណើរបេសកកម្មឈ្នះពានរង្វាន់ Premier League។
Liverpool ក្នុងវគ្គទីពីរវាយបកដាក់សម្ពាធខ្លាំងឡើងវិញទៅលើ Arsenal ដោយនៅត្រឹមនាទី៥៤ Salah ខកខានការស៊ុតបាល់ពិន័យ ១១ម៉ែត្រមិនចូល តែទោះយ៉ាងណាកីឡាករ Roberto Firmino ដែលបានប្តូរចូលនៅនាទី៧៨ បានជួយរកគ្រាប់បាល់តាមស្មើ ២-២ ដោយការតែតនៅនាទី៨៧។ បញ្ចប់ការប្រកួតក្រុមទាំងពីរចែកគ្នាម្នាក់ ១ពិន្ទុ។
ក្រោយបញ្ចប់ការប្រកួតលោក Mikel Arteta អ្នកចាត់ការ Arsenal បាននិយាយប្រាប់ទៅកាន់ទូរទស្សន៍ Sky Sports បន្ទាប់ពីលទ្ធផលស្មើ ថាកូនក្រុមរបស់លោកបាត់បង់ភាពម្ចាស់ការ ក្រោយពេលស៊ុតនាំមុខលើ Liverpool។
«ជាការប្រកួតដ៏ខ្លាំង ការប្រកួតស្ថិតក្រោមការគ្រប់គ្រងរបស់យើង ប៉ុន្តែក្រោយពេលវគ្គទីមួយ យើងធ្វើឱ្យរបូតគ្រាប់បាល់ បន្ទាប់ពីសន្ទុះនៃការសម្រុកវាយបករបស់ក្រុមគូប្រជែង។ យើងបានកែប្រែបន្ទាប់ពីវគ្គទីមួយ ហើយចាប់ផ្តើមបានល្អនៅនាទីដំបូង ប៉ុន្តែយើងបានបាត់បង់ការគ្រប់គ្រងទៅវិញ វាបានក្លាយជាការប្រកួតដ៏លំបាក និងច្របូកច្របលសម្រាប់យើង។»។ លោក Arteta បាននិយាយបែបនេះ។
Arsenal បច្ចុប្បន្នមាន ៧៣ពិន្ទុក្រោយឆ្លងកាត់ការប្រកួត ៣០លើក ដោយមានគម្លាត ៦ពិន្ទុពីលើក្រុមលេខ ២ Manchester City ដែលទើបប្រកួត២៩លើក។ ចំណែកក្រុម Liverpool វិញ ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ៨ ដែលមាន ៤៤ពិន្ទុ និងប្រឈមមិនបានលេងក្របខណ្ឌអឺរ៉ុបរដូវកាលក្រោយ។
សម្រាប់លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះលទ្ធផលការប្រកួត ខណៈលោកបានស្តីបន្ទោស កូនក្រុមមិនអាចយកបានជ័យជម្នះការប្រកួតបាន។
«វាជារឿងដ៏ធម្មតាសម្រាប់យើងរដូវកាលនេះទៅហើយ Arsenal បានបើកឆាកការប្រកួត ពិតណាស់រហូតពួកគេរកបានគ្រាប់បាល់ មិនប្រើពេលយូពួកគេរកបាន គ្រាប់ទីពីរ។ យើងបានកែប្រែលទ្ធផល រហូតស្មើគ្មានបញ្ហាទេជាមួយលទ្ធផលស្មើ ប៉ុន្តែខ្ញុំនៅនឹកស្មានមិនដល់ថាហេតុអ្វីយើងមិនអាចឈ្នះការប្រកួត ខ្ញុំពិតជាមិនដឹងសោះឡើយ។»។ នេះជាអ្វីដែលលោក Klopp បាននិយាយប្រាប់ទៅកាន់ទូរទស្សន៍ Sky Sports៕