ជាតិ
ក្រសួងបរិស្ថាន នឹងបំពាក់ប្រឡៅករលើសត្វដំរីព្រៃ ដើម្បីប្រមូលទិន្នន័យ និងសិក្សាពី DNA
10, Apr 2023 , 7:59 pm        
រូបភាព
ដំរីព្រៃញីមួយក្បាល ដែលបណ្ដើរកូន ត្រូវគេប្រទះឃើញក្នុងដែនជម្រកសត្វព្រៃ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២។ រូបភាព៖ ក្រសួងបរិស្ថាន
ដំរីព្រៃញីមួយក្បាល ដែលបណ្ដើរកូន ត្រូវគេប្រទះឃើញក្នុងដែនជម្រកសត្វព្រៃ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២។ រូបភាព៖ ក្រសួងបរិស្ថាន
ពោធិ៍សាត់៖ ក្រសួងបរិស្ថាន កំពុងសហការជាមួយអង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិប្រចាំកម្ពុជា (WWF) នឹងរៀបចំបំពាក់ប្រឡៅករលើសត្វដំរីព្រៃដើម្បីងាយស្រួលប្រមូលទិន្នន័យ និងសិក្សា DNA របស់សត្វ។


នេះជាការបញ្ជាក់របស់ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៦​​ ខែមេសា​ នៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។


លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៦ ខែមេសា នៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ រូបភាព៖ ក្រសួងបរិស្ថាន
 
លោក នេត្រ ភក្រ្តា​ បានលើកឡើងថាអន្ទាក់បានបង្កើតជាបញ្ហាដល់សុវត្ថិភាពរបស់សត្វដំរី ដែលមានវត្តមាននៅប្រទេសកម្ពុជា។
 
តាមការថតដោយកាមេរ៉ាស្វ័យប្រវត្តិកន្លងទៅ មានកូនដំរីព្រៃចំនួន ៧ក្បាល បានជាប់អន្ទាក់ដែលតម្រូវឱ្យក្រសួងបរិស្ថានពង្រឹកការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលុបបំបាត់អន្ទាក់ចេញពីដែនជម្រកសត្វព្រៃកម្ពុជា។ 
 
ជុំវិញរឿងនេះ ក្រសួងបរិស្ថាន កំពុងសហការជាមួយមូលនិធិពិភពលោកសម្រាប់ធម្មជាតិប្រចាំកម្ពុជា (WWF) រៀបចំឱ្យការដាក់ប្រឡៅករលើសត្វដំរីព្រៃដើម្បីតាមដានការផ្លាស់ទី និងទិន្នន័យផ្សេងៗរបស់ពួកវា ក្នុងតំបន់ការពារធម្មជាតិ។ 
 
លោក នេត្រ ភក្រ្តា បញ្ជាក់ថា ការដាក់ប្រឡៅករនេះនឹងក្លាយជាមូលដ្ឋានក្នុងការផ្ដល់ព័ត៌មាន ដោយប្រាប់ពីទីតាំង និងតំបន់ជាក់លាក់ដើម្បីធានាដល់ការការពារគ្រប់ជ្រុងជ្រោយ ព្រោះ តំបន់អភិរក្សនៅកម្ពុជាត្រូវបែកចែកជា៤ គឺ តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ប្រកបដោយចីរភាពនិងតំបន់សហគមន៍។
 
លោក បន្ថែមថា ការបំពាក់ប្រឡៅករលើសត្វដំរីព្រៃនេះអាចឱ្យអ្នកជំនាញសិក្សាពី DNAរបស់ដំរីនីមួយៗ ដើម្បីកត់សម្គាល់ សត្វដំរីដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិកម្ពុជា មានប្រភេទអ្វីខ្លះ។ ក្រៅពីនេះវាក៏ជួយរកហេតុផលនៃបញ្ហាដែលកើតលើសត្វដំរី ជាពិសេស ជម្លោះរវាងមនុស្ស និងសត្វដំរី។    
 
លោក នេត្រ ភក្ត្រា ថ្លែងដូច្នេះថា៖« អ្វីដែលយើងសង្កេតឃើញថា អន្ទាក់បង្កើតឱ្យមានបញ្ហាសុវត្ថិភាពរបស់ដំរី។
 
តាមរយៈរូបភាពខ្លះដែលយើងបានឃើញ ជើងដំរីខ្លះបានជាប់អន្ទាក់។ អាហ្នឹងហើយដែលវាប៉ះពាល់ដោយសារអន្ទាក់។ នេះជាចំណុចមួយដែលយើងយកចិត្តទុកបន្ថែមទៀតព្រោះវាជាការងារសំខាន់។ ក្រសួងបរិស្ថាន កំពុងសហការជាមួយ WWF លើការដាក់ប្រឡៅករទៅលើសត្វដំរីព្រៃ ដើម្បីតាមដានការផ្លាស់ទីរបស់សត្វដំរី»។ 
 
ជាមួយគ្នានេះ លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីប្រចាំអង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ បានឱ្យដឹងថា តាមរយៈការថតដោយកាមេរ៉ាស្វ័យប្រវត្តិ នៅឆ្នាំ២០២២ ឃើញថាដំរីព្រៃរស់នៅប្រកបដោយសុខភាពល្អ។ ប៉ុន្តែ អ្វីដែលស្រងាកចិត្តនោះគឺឃើញវត្តមានកូនដំរីជាច្រើនក្បាល បានជាប់អន្ទាកនឹងករជើង នៅពេលកំពុងស៊ីចំណី។


លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីប្រចាំអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៦ ខែមេសា នៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ រូបភាព៖ ក្រសួងបរិស្ថាន 
 
​លោក ព្រួយបារម្ភចំពោះបញ្ហានេះ តែសង្ឃឹមថា យុទ្ធនាការអន្ទាក់សូន្យនឹងជួយកាត់ផ្ដាច់សកម្មភាពទាំងនេះ ព្រមទាំងផ្ដល់ប្រយោជន៍រយៈពេលយូរ ដល់សត្វព្រៃនិងធម្មជាតិ។ លោក ទុយ សេរីវឌ្ឍនា អំពាវនាវ​គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារធនធានធម្មជាតិដ៏អស្ចារ្យ នៃកម្ពុជា។
 
គួរជម្រាបថា  កម្ពុជាមានដំរីព្រៃចន្លោះពី ៤០០ ទៅ៦០០ក្បាល ដែលមានវត្តមានច្រើនជាងគេ នៅតំបន់ជួរភ្នំក្រវាញ និងភូមិភាគឦសាន ដូចជាខេត្ត មណ្ឌលគិរី , រតនៈគិរី និងស្ទឹងត្រែង ជាដើម។ បើតាមរបាយការណ៍ក្រសួងបរិស្ថាន នៅឆ្នាំ២០២២ អន្ទាក់ចំនួន ៣៤ ០០០ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិកម្ពុជា។ ចំនួនអន្ទាក់នេះ ថយចុះជិតពាក់កណ្ដាល បើប្រៀបធៀបនឹងឆ្នាំ២០២១ ពោលគឺថយចុះ ២៧ ៦១១អន្ទាក់ ឬជាង ៤៤ ភាគរយ៕ 
 

រូបភាពក្រសួងបរិស្ថាន
 


Tag:
 ក្រសួងបរិស្ថាន
  ដំរីព្រៃ
  តំបន់ភ្នំក្រវាញ
© រក្សាសិទ្ធិដោយ thmeythmey.com